អភិបាលខេត្តសៀមរាប ព្រមានអ្នកសាងសង់សំណង់បំពានផ្លូវត្រូវរុះរើបន្ទាន់ត្រឹមរយៈពេល១០ថ្ងៃ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ អភិបាលខេត្តសៀមរាប តាមរយៈរដ្ឋបាលខេត្ត បានធ្វើសេចក្ដីជូនដំណឹងបន្ទាន់មួយសម្រាប់អ្នកដែលសាងសង់សំណង់បំពាន និងប៉ះពាល់ដល់គម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែ ជាពិសេសប៉ះពាល់គម្រោងរៀបចំបណ្តាញបង្ហូរទឹកភ្លៀងចំនួន២៥ខ្សែ ត្រូវរុះរើជាបន្ទាន់ក្នុងរយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

នៅថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ រដ្ឋបាលខេត្តសៀមរាបបានចេញសេចក្ដីជូនដំណឹងបន្ទាន់មួយស្ដីពីការរៀបចំបណ្តាញលូទឹកភ្លៀង និងលូទឹកកខ្វក់នៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ ខ្សែ ក្នុងក្រុងសៀមរាប បន្ទាប់ពីទទួលបានការអនុញ្ញាតពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា សម្រាប់គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាប ពេលនេះការអនុវត្តគម្រោងកំពុងដំណើរការជាបណ្តើរៗ។

ជាមួយគ្នានេះរដ្ឋបាលខេត្តថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ដែលបានរុះរើដោយខ្លួនឯងនូវសំណង់លំនៅឋានតូបលក់ដូរ របង និងសំណង់ការ្យផ្សេងៗទៀតក្នុងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ក៏មានការៀបចំស្ថាបនាហេដ្ឋា រចនាសម្ព័ន្ធបណ្ដាញលូទឹកភ្លៀង និងទឹកកខ្វក់ចំនួន២៥ ខ្សែ ដូចមានក្នុងផែនទីភ្ជាប់មកជាមួយ។

នៅក្នុងសេចក្ដីជូនដំណឹងដដែលបានបញ្ជាក់ថា ក្នុងគោលបំណងរៀបចំបណ្តាញបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ចំនួន២៥ខ្សែ អាចប្រព្រឹត្តបានដោយរលូន និងសម្រេចបានទៅតាមផែនការដែលបានគ្រោងទុក រដ្ឋបាលខេត្តសូបជូមជូនដំណឹងដល់ប្រជាពលរដ្ឋដែលសាងសង់សំណង់លំនៅឋាន តូបលក់ដូរ របង និងសំណង់ផ្សេងៗទៀតដែលបានសាងសង់រំលោភបំពានកន្លងមក ត្រូវចូលរួមសហការដោយការរុះរើដោយខ្លួនឯងក្នុងរយៈពេល១០ ជាកំហិត ហើយមន្ត្រីនឹងចុះវាស់វែងតាមការសម្រេចចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ(LMAP)។ ក្នុងករណីមិនរុះរើ រដ្ឋបាលខេត្តនឹងចុះអនុវត្តតាមនិតិវិធី ដោយមិនទទួលខុសត្រូវទៅលើរាល់ការខូចខាត និងបាត់បង់ទ្រព្យសម្បត្តិនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here