ដោយ ៖ រ៉ាណេត
ព្រះសីហនុ ៖ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបកោះរ៉ុង របស់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុន ស៊ីណូ ហៃដ្រូ ដែលទទួលម៉ៅការលើការសាងសង់ផ្លូវបេតុងប្រវែង៧០គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ក្រោមទុនវិនិយោគ ៣៥ លានដុល្លារ ដែលគ្រោងចំណាយពេលសាងសង់ ១៦ខែ បច្ចុប្បន្នកំពុងតែពន្លឿនសកម្មភាព និងលេចចេញជាលទ្ធផលជាបណ្តើរៗហើយ។

ពាក់ព័ន្ធទៅនឹងសកម្មភាពនៃការសាងសង់ខាងលើនេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងកាលពីសប្ដាហ៍កន្លងទៅថា សកម្មភាពនៃការអភិវឌ្ឍន៍ ក៏ដូចជាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេសផ្លូវថ្នល់របស់ក្រុមហ៊ុននៅពេលនេះ នឹងកាន់តែធ្វើឱ្យមានភាពទាក់ទាញកាន់តែខ្លាំង ហើយក៏ជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងជួយលើកកម្ពស់វិស័យទេសចរណ៍ផងដែរ។
លោកបានបន្តថា “លោក បានបន្តថា “យើងខ្ញុំជាមួយនឹងមន្ត្រីជំនាញ និងអង្គភាពពាក់ព័ន្ធត្រៀមខ្លួនដើម្បីផ្តល់កិច្ចសហការទាំងបច្ចេកទេស និងកិច្ចសម្រួល ដើម្បីឱ្យក្រុមហ៊ុនទាំងពីបើកបានដំណើរការអនុវត្តនូវសកម្មភាពរបស់ខ្លួនឱ្យបានជោគជ័យ ទៅតាមពេលវាដែលបានកំណត់”។

លោក បានឱ្យដឹងទៀតថា “យើងខ្ញុំពិតជាចង់ឃើញសមិទ្ធផលនេះ កើតឡើងក្នុងរយៈពេល ១៦ ខែទៀតនៅលើកោះរ៉ុងរបស់យើង ហើយសកម្មភាពកសាងនេះក៏នឹងបានចូលរួមចំណែកផ្តល់ការងារទៅធ្វើការជាកម្មករ អ្នកបច្ចេកទេស និងវិស្វករនៅទីនោះ បានយ៉ាងច្រើននាក់ផងដែរ”។ លោកថា “ខ្ញុំជឿជាក់ថា ដើម្បីបម្រើការអភិវឌ្ឍន៍លើកោះរ៉ុង យើងពិតជាមានសេចក្តីត្រូវការអភិវឌ្ឍន៍ធំធេងជាជាងនេះបន្ថែមទៀត ដើម្បីសោភ័ណភាពលើកោះរ៉ុងនេះ”។
ក្រុមហ៊ុនបានចុះហត្ថលេខាលើកិច្ចសន្យាជួលតាំងពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០០៨ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រគល់កោះរ៉ុងជាផ្លូវការនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០០៨ ដើម្បីធ្វើការអភិវឌ្ឍ ដូចជា ការសាងសង់សណ្ឋាគារ កាស៊ីណូ និងរីសតផ្សេងៗ ការសាងសង់ផ្លូវ ផែ ស្ពាន និងអគ្គិសនី អ៊ីនធើណេត និងទឹកស្អាត។ល។ ក្រុមហ៊ុនបានចាប់ផ្តើមស្ថាបនាប្រព័ន្ធផ្លូវថ្នល់តាមប្លង់មេ និងធ្វើការដឹកជញ្ជូនសម្ភារៈសាងសង់ប្រព័ន្ធផ្លូវថ្នល់ចែកចេញជា៥ដំណាក់កាលផ្សេងគ្នា៕






