ដោយ៖ វុធ្ធី
អន្តរជាតិ៖ លោកQu Yiguangអនុប្រធានគម្រោង Chang Zheng 5 របស់ក្រុមហ៊ុនសាជីវកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអវកាសចិន (CASC) បានប្រាប់អ្នកសារព័ត៌មានថា ប្រទេសចិន នឹងចាប់ផ្តើមសាងសង់ស្ថានីយ៍អវកាសរបស់ខ្លួននៅឆ្នាំក្រោយ។

លោកQu Yiguang បាននិយាយថា “ចាប់តាំងពីការលេចចេញនូវគម្រោងយានអវកាស Chang Zheng 5 គម្រោងនេះត្រូវបានកំណត់ថា នឹងអនុវត្តបេសកកម្មនៃការបាញ់បង្ហោះយានអវកាសធំជាងគេរបស់ចិន”។
លោកបានបន្តថា “នៅឆ្នាំក្រោយ យើងនឹងចាប់ផ្តើមអនុវត្តការបាញ់បង្ហោះ ដែលជាផ្នែកមួយនៃបេសកកម្ម ដើម្បីសាងសង់ស្ថានីយ៍អវកាសរបស់ប្រទេសរបស់យើង”។
ស្ថានីយ៍អវកាសនេះ ត្រូវបានគេដាក់ឈ្មោះថា “Tiangong” ដែលមានន័យថាជាភាសារខ្មែរថា វិមាននៅឋានសួគ៌ ហើយមន្ទីរពិសោធន៍អវកាសចិនចំនួនពីរ Tiangong 1 និង Tiangong 2 បានដំណើរការក្នុងគន្លងគោចរ។
អវកាសយានិកចិន ៣នាក់ ឬ៦នាក់ ក្នុងកំឡុងពេលផ្លាស់ប្តូរនាវិក អាចស្ថិតនៅលើស្ថានីយ៍ក្នុងពេលដំណាលគ្នា។ ស្ថានីយ៍នេះ ត្រូវបានរំពឹងថានឹងបញ្ចប់នៅឆ្នាំ២០២២ ជាមួយនឹងបេសកកម្មសរុបចំនួន១២។
កាលពីឆ្នាំមុន មន្ទីរពិសោធន៍អវកាសដំបូងបង្អស់របស់ប្រទេសចិន គឺស្ថានីយអវកាស Tiangong-2 ត្រូវបានបង្ហោះដោយជោគជ័យ ដែលបានក្លាយជាឱកាសដំបូងបង្អស់របស់ប្រទេសចិន ដើម្បីធ្វើការពិសោធន៍រុក្ខជាតិរយៈពេលវែងនៅទីអវកាស។
កាលពីឆ្នាំ២០១៨ ប្រទេសចិន បានប្រកាសពីគោលបំណង ដែលប្រទេសនេះបានកំណត់សម្រាប់កម្មវិធីតាមចន្ទគតិ ដោយបានបញ្ជូនមនុស្សទៅឋានព្រះច័ន្ទ ដើម្បីធ្វើបេសកកម្មនេះ និងបង្កើតស្ថានីយ៍ស្រាវជ្រាវវិទ្យាសាស្ត្រអចិន្រ្តៃយ៍មួយនៅទីនោះ៕ Sputnik






