ក្រសួងសេដ្ឋកិច្ចអនុម័តការបង្កើតសាជីវកម្មធានាឥណទានដល់សហគ្រាសខ្នាតតូចនិងមធ្យម

0

ដោយ ហ្សូលី

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្តួចផ្តើមក្នុងការបង្កើតសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីជួយសម្រួលដល់ក្រុមហ៊ុននិងម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យម ដែលជួបបញ្ហាប្រឈមក្នុងវិបត្តិជំងឺសកល កូវីដ-១៩។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា គំនិតផ្តួចផ្តើមក្នុងការបង្កើតសាជីវកម្មធានាឥណទានកម្ពុជានេះ គឺជាយន្តការឆ្លើយតបបន្ទាន់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចជាតិ ក្នុងដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩ និងស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្រោយពីវិបត្តិ។

សាជីវកម្មធានាឥណទានកម្ពុជា មានតួនាទីផ្តល់សេវាធានាឥណទានដល់ក្រុមហ៊ុនអាជីវកម្មធុរកិច្ចនៅក្នុងវិស័យអាទិភាព ដែលទទួលរងផលប៉ះពាល់ពីវិបត្តិ និងបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ជាទុនបង្វិលរបស់ខ្លួន សំដៅបន្តនិរន្តភាពអាជីវកម្ម និងសម្របទៅបរិបទនៃធុរកិច្ចថ្មី។

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឱ្យដឹងថា យន្តការធានាឥណទាន គឺជាការចែករំលែកហានិភ័យ ដែលក្រុមហ៊ុនសាជីវកម្មធានាឥណទានកម្ពុជា ត្រូវពិនិត្យលទ្ធភាពរួមគ្នាជាមួយគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីបើកឱកាសដល់ក្រុមហ៊ុនធុរកិច្ច ជាពិសេសសហគ្រាសធុនតូច និងមធ្យម អាចទទួលបានឥណទានពិសេសក្រៅពីយន្តការដែលមានស្រាប់។

ការបង្កើតសាជីវកម្មធានាឥណទានកម្ពុជា គឺជាឧបករណ៍ហិរញ្ញវត្ថុថ្មីមួយទៀត សម្រាប់កំណត់ត្រាប្រវត្តិសាស្រ្តនៃការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ គំនិតនេះនឹងទំលុះរបាំងដែលរាំងស្ទះដល់ដំណើរការនៃការផ្តល់ហិរញ្ញប្បទានប្រកបដោយប្រសិទ្ធភាព និងផ្តល់ឱកាសថ្មីៗ ក្នុងការពង្រីកវិសាលភាពមូលដ្ឋានអតិថិជនរបស់ខ្លួន។

ទន្ទឹមនេះ សាជីវកម្មធានាឥណទានកម្ពុជា ក៏នឹងបង្កើនលទ្ធភាពទទួលហិរញ្ញប្បទានរបស់ក្រុមហ៊ុនធុរកិច្ច ជាពិសេស សហគ្រាស ធុនតូចនិងមធ្យម ដែលជួបការលំបាកក្នុងការទទួលបានហិរញ្ញប្បទាន ដោយសារបញ្ហាប្រឈមចម្បងកន្លងមកគឺតម្រូវ ឱ្យមានទ្រព្យបញ្ចាំតែមួយមុខគត់។

ការបង្កើតសាជីវកម្មធានាឥណទានកម្ពុជា នឹងនាំមកនូវអត្ថប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជា រួមមានជំរុញបរិយាបន្នហិរញ្ញវត្ថុ, គាំទ្រប្រភពកំណើនថ្មី, និងពិពិធកម្មសេដ្ឋកិច្ច ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម, ឆ្លើបតបបញ្ហាប្រឈរមក្នុងទីផ្សារឥណទាន បំពេញតម្រូវការ និងបញ្ហាក្នុងសេដ្ឋកិច្ចនិងសង្គម, ព្រមទាំងបង្កបរិយាកាសក្នុងការបង្កើតផលិតផលកម្ចីថ្មីៗ និងជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅក្នុងរយៈពេលវែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here