មន្ត្រីជំនាញប្រជុំត្រៀមរៀបពិធីចាក់បេតុងតភ្ជាប់ស្ពានមិត្តភាពកម្ពុជា -ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅថ្ងៃទី៧ ខែធ្នូ ខាងមុខនេះ

0

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ក្រុមមន្ត្រីជំនាញនៃក្រសួងសាធារណៈការ និងដឹកជញ្ជូន បានប្រជុំត្រៀមរៀបចំពិធីចាក់បេតុងតភ្ជាប់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅត្រឹមថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក លឹម ស៊ីដេនីន នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ បានមានប្រសាសន៍ថា សមាជិកសមាជិកាគណៈកម្មការ និងអនុគណៈកម្មការត្រូវទទួលបន្ទុកត្រៀមរៀបចំពិធីនេះបំពេញភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមការចាត់តាំង និងសហការឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធទាំងអស់ សំដៅធ្វើយ៉ាងណាឱ្យការរៀបចំពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ប្រព្រឹត្តទៅដោយរលូនតាមផែនការដែលបានគ្រោងទុក។

លោកបានបញ្ជាក់ថា “ពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ចិន នឹងត្រូវរៀបចំឡើងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា”។

ស្ពាននេះស្ថិតនៅត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់ទន្លេមេគង្គទៅត្រើយខាងកើតស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀតតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ ដែលបានបើកការដ្ឋានកាលពី ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី។

គម្រោងសាងសង់ស្ពាននេះមានប្រវែងសរុប ១.១៣១ម៉ែត្រ និងទទឹង១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងអាម៉េ ប្រើរយៈពេលសាងសង់ចំនួន ៤២ខែ គិតត្រឹមថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ស្ពាននេះសម្រេចបាន៩៦,៤ភាគរយ និងគ្រោងបញ្ចប់នៅដើមឆ្នាំ២០២១ខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here