ដោយ៖ ប៊ី
ភ្នំពេញ៖ សណ្ឋាគារលំដាប់ផ្កាយប្រាំដ៏ស្កឹមស្កៃដែលវិនិយោគ ក្នុងទំហំទឹកប្រាក់ជិត ១៨០លានដុល្លារ (ទាំងតម្លៃសាងសង់ និងទីតាំង) ឈ្មោះ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដោយក្រុមហ៊ុន ជីប ម៉ុង ត្រៀមបើកដំណើរការក្នុងពេលឆាប់ៗនេះ ដើម្បីបម្រើវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច ក៏ដូចជាធុរកិច្ច។
សណ្ឋាគារបែបប្រណិត ដែលមានដល់ទៅ ២៤៧បន្ទប់ស្នាក់នៅនេះ និងស្ថិតនៅចំកណ្តាលបេះដូង នៃរាជធានីភ្នំពេញផ្សារភ្ជាប់ភ្ញៀវទេសចរ និងធុរជនពីគ្រប់ទិសទី នៃសកលលោកមកកាន់ប្រទេសកម្ពុជា លើកមុខមាត់វិស័យបដិសណ្ឋារកិច្ច បម្រើតម្រូវការស្នាក់នៅបែបប្រណិត ក្នុងវិស័យទេសចរណ៍ ជាពិសេសបង្កើតឱកាសការងារ ដ៏សន្ធឹកសន្ធាប់សម្រាប់ប្រជាជនកម្ពុជា។
ការយកចិត្តទុកក្នុងការងារអភិរក្សសម្បត្តិបតិកភណ្ឌ តាមរយៈការរក្សាទុក និងការជួសជុលអគារសម័យបារាំងកម្ពស់ពីរជាន់នៅកណ្តាលសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដើម្បីបង្ហាញពីតុល្យភាព នៃសម័យបុរាណ និងសម័យទំនើបរបស់ប្រទេសកម្ពុជា។ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ជាគម្រោងសណ្ឋាគារ និងបដិសណ្ឋារកិច្ចដំបូងបង្អស់របស់ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនក្នុងស្រុកខ្នាតយក្សមួយ ដែលតែងតែផ្តោតទៅលើការចូលរួមបរិច្ចាគ ទៅកាន់សង្គមវិញ។
មិនទាន់នឹងចាប់ផ្តើមដំណើរការផង សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បាននាំមកនូវការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ក្នុងមូលដ្ឋានជុំវិញគម្រោង ដើម្បីជាប្រយោជន៍រួម សម្រាប់សហគមន៍។ វត្តមានរបស់សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នឹងនាំមកនូវការធ្វើឲ្យកាន់តែប្រសើរឡើងសោភ័ណភាពរាជធានីភ្នំពេញ ក្នុងតំបន់ប្រវត្តិសាស្ត្រ វប្បធម៌ និងពាណិជ្ជកម្ម ដ៏សម្បូរបែបមួយនេះ។
ហៃយ៉ាត រីជិនស៊ី ជាយីហោមួយរបស់ ហៃយ៉ាត់ ហូថេល ខបភើរិសិន ដែលជាក្រុមហ៊ុនសណ្ឋាគារសហរដ្ឋអាមេរិក មានវត្តមានក្នុងទីផ្សារអន្តរជាតិរយៈពេល ជាង៦ទសវត្ស ហើយដែលមកដល់ពេលបច្ចុប្បន្ននេះ សណ្ឋាគារ ហៃយ៉ាត់ មានចំនួនសរុប ៩៥០ នៅក្នុង ៦៧ប្រទេស ក្នុង៦ទ្វីប លើពិភពលោក៕






