ដោយ ៖ គង់ ម៉ាលីន
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តលើការផ្តល់ប្រាក់កម្ចីចំនួន៧០លានដុល្លារដល់កម្ពុជា ដើម្បីពង្រឹងសមត្ថភាព កសិពាណិជ្ជកម្មក្នុងខេត្តចំនួន៦នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកែច្នៃផលិតផលកសិកម្មសំខាន់ៗឱ្យមានសុវត្ថិភាព ដូចជា ដំឡូងមី ស្វាយចន្ទី ស្វាយ បន្លែ និងមាន់ស្រែ ។

គម្រោងពង្រឹងការប្រកួតប្រជែងខ្សែសង្វាក់តម្លៃ និងសមត្ថភាពក្នុងវិស័យកសិកម្ម មានគោលបំណងផ្តល់អត្ថប្រយោជន៍ដល់សហករណ៍កសិកម្មចំនួន២៣០ និង សហគ្រាសកសិកម្មចំនួន៥០ក្នុងខេត្តកំពង់ចាម កំពង់ធំ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប និងខេត្តត្បូងឃ្មុំ។
សេដ្ឋវិទូជាន់ខ្ពស់ផ្នែកធនធានធម្មជាតិ និងកសិកម្ម លោក តាកេស៊ី យូអេដា ( Takeshi Ueda) បានមានប្រសាសន៍ថា “កសិកម្មអាចចូលរួមចំណែកដល់កំណើន និងការធ្វើពិពិធកម្មសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ប្រសិនបើសហគ្រាសកសិកម្មធុនតូច និងមធ្យម អាចបង្កើនសមត្ថភាពរបស់ពួកគេក្នុងការកែច្នៃផលិតផលកសិកម្មដែលមានតម្លៃខ្ពស់ ហើយដាក់លក់លើទីផ្សារក្នុង និងក្រៅប្រទេស។
ការវិនិយោគឯកជនលើវិស័យកសិកម្ម រួមជាមួយការទទួលបានឥណទាន ព្រមទាំងផលិតផលកសិកម្មសម្រាប់កែច្នៃប្រកបដោយគុណភាពខ្ពស់នឹងជួយកសិពាណិជ្ជកម្មរបស់កម្ពុជាបញ្ចេញសក្តានុពលរបស់ខ្លួន បង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅទីជនបទ។
ពលរដ្ឋកម្ពុជាដែលរស់នៅតាមតំបន់ជនបទមានប្រមាណ៧៦% ដោយក្នុងនោះរួមចំណែកនៅក្នុងវិស័យកសិកម្មប្រមាណ ២០,៧% ស្មើនឹងប្រមាណ៣១,២%នៃផលិតផលក្នុងស្រុកសរុប(GDP)ក្នុងឆ្នាំ២០១៩។ ឧស្សាហកម្មនេះបានកើនឡើងជាមធ្យម១,៧% ជារៀងរាល់ឆ្នាំពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៩ ។ ផលិតផលកសិកម្មកែច្នៃ បច្ចុប្បន្នមានចំនួនត្រឹមតែ៤.០% នៃ GDP ដោយសារតែកង្វះផលិតផលចម្រុះដែលផ្តល់តម្លៃបន្ថែម។
គម្រោងនេះក៏នឹងគាំទ្រដល់ការស្រាវជ្រាវ និងការអភិវឌ្ឍគ្រាប់ពូជ និងពូជបក្សីចញ្ចឹមដោយជួយសហករណ៍កសិកម្មទទួលបានគ្រាប់ពូជផ្តល់ទិន្នផលខ្ពស់ធន់នឹងគ្រោះរាំងស្ងួត ធន់នឹងជំងឺ ក៏ដូចជាការគាំទ្រសម្ភារៈដាំដុះផ្សេងទៀត។ លើសពីនេះទៀត គម្រោងនេះនឹងជួយកែលម្អផ្លូវជនបទប្រវែង១១០គីឡូម៉ែត្រ និងជួយភ្ជាប់កសិផលទៅទីផ្សារក្នុងតំបន់គោលដៅនៃគម្រោង ដែលនឹងសាកល្បងនូវយន្តការហិរញ្ញប្បទានបៃតង ដែលគាំទ្រដោយប្រាក់កម្ចីចំនួន៥លានដុល្លារពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន (ASEAN Infrastructure Fund)។
ធនាគារអភិវឌ្ឍន៍អាស៊ីក៏នឹងគ្រប់គ្រងប្រាក់កម្ចី២៥លានដុល្លារពីទីភ្នាក់ងារអភិវឌ្ឍន៍របស់បារាំង (Agence Française de Développement) និងជំនួយ៣លានដុល្លារពីមូលនិធិជប៉ុនសម្រាប់ការកាត់បន្ថយភាពក្រីក្រ (Japan Fund for Poverty Reduction) រួមជាមួយនឹងការប្តេជ្ញាថានឹងសម្រេចបាននូវវិបុលភាព បរិយាប័ន្ន ភាពធន់ និងនិរន្តរភាពក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង៕






