ក្រុងព្រះសីហនុ ចូលរួមនៅក្នុងទិវាសប្ដាហ៍មហាសមុទ្រឆ្នាំ២០២០

0

ដោយ ៖ រ៉ាណេត

ព្រះសីហនុ ៖ ក្រុងព្រះសីហនុ ដែលជាប់ជាបេក្ខភាពតំបន់ឆ្នេរសមុទ្រស្អាតលើសាកលលោក បានចូលរួមនៅក្នុងវេទិកាសប្ដាហ៍មហាសមុទ្រពិភពលោក (World Ocean Week) ឆ្នាំ២០២០ ជាមួយនឹងការបង្ហាញពីសក្ដានុព និងភាពរីកចម្រើនយ៉ាងឆាប់របស់ខ្លួន ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចខៀវប្រកបដោយចិរភាព។

លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ឱ្យដឹងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ វេទិកាសប្តាហ៍មហាសមុទ្រពិភពលោក (World Ocean Week) ឆ្នាំ២០២០ ត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃទី២០-២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីក្រុង Xiamen នៃសាធារណរដ្ឋប្រជាមានិតចិន។

លោកអភិបាលរងខេត្ត បានបញ្ជាក់ឱ្យដឹងថា វេទិកាសប្ដាហ៍មហាសមុទ្រ ឬ WOW គឺជាព្រឹត្តិការណ៍មួយដែលផ្តល់ឱកាសឱ្យបណ្តាទីក្រុងតំបន់ឆ្នេរទាំងអស់នៅលើពិភពលោក ជាពិសេស គឺបណ្តាទីក្រុងដែលជាសមាជិកPNLG បានចូលរួមជារៀងរាល់ឆ្នាំ ដើម្បីជួបជុំគ្នាចែករំលែកចំណេះដឹង និងសមិទ្ធផលថ្មីៗដែលកើតទ្បើងពីការខិតខំប្រឹងប្រែងរបស់ទីក្រុងនីមួយៗ លើការថែរក្សាបរិស្ថានសមុទ្រ និងមហាសមុទ្រ ឱ្យស្ថិតស្ថេរប្រកបដោយនិរន្តភាព។

ការថែរក្សាបរិស្ថាន និងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចខៀវ (Blue Economy) គឺជាភារៈកិច្ចរបស់មនុស្សជាតិលើសកលលោកទាំងមូល ដែលត្រូវចូលរួមអនុវត្តតាមសមត្ថភាពរៀងៗខ្លួន ដូចនេះការចូលរួមនៅក្នុងគ្រួសារ PNLG គឺជាកាតព្វកិច្ចរបស់បណ្តាថ្នាក់ខេត្តដូចជាទីក្រុងទាំងអស់ ដែលត្រូវចូលរួមដើម្បីកែលម្អ និងស្តារទ្បើងវិញនូវធនធានដ៏កម្រនៅក្នុងមហាសាគររបស់យើងឲ្យបានស្ថិតស្ថេរគង់វង្សសំរាប់កូនចៅ និងមនុស្សជំនាន់ក្រោយ។

លោក គង់ វិតាណៈ បានបញ្ជាក់ថា “ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងក៏សង្កេតឃើញថាការប្រែប្រួលអាកាសធាតុបានកំពុងវាយលុកយ៉ាងខ្លាំងដល់បណ្តាប្រទេសនៅតំបន់ឆ្នេរ និងដងទន្លេ។ ដោយឡែកនៅក្នុងខេត្តព្រះសីហនុ ការហូរច្រោះឆ្នេរខ្សាច់ ជាបញ្ហាប្រឈមខ្លាំង ដែលបានធ្វើឱ្យមានកំណើនកម្ពស់ទឹកសមុទ្រ និងបាក់រលំដើមឈើជាច្រើននៅតាមឆ្នេរទេសចរណ៍សំខាន់ៗរបស់ខេត្ត”។

ខេត្តព្រះសីហនុនៅក្នុងឆ្នាំ២០២០នេះ បាន និងកំពុងខិតខំយ៉ាងសកម្មដើម្បីជំរុញការអភិឌ្ឍសេដ្ឋកិច្ចខៀវ និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលសកម្មភាពទាំងនោះរួមមាន ការអភិវឌ្ឍ និងពង្រីកកំពង់ផែសមុទ្រ ព្រលានយន្តហោះអន្តរជាតិ តំបន់សេដ្ឋកិច្ចពិសេស និងការអភិវឌ្ឍខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

លើសពីនេះទៅទៀត ក៏មានរៀបចំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត រួមមាន ផ្លូវទីក្រុង ផ្លូវប្រ៉បឆ្នេរ ការគ្រប់គ្រងឆ្នេរ ការគ្រប់គ្រងការបំពុល ការរៀបចំយុទ្ធសាស្រ្តទីក្រុងឆ្លាតវៃ និងការរៀបចំសួនច្បារក្នុងទីក្រុងជាដើម ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ និងបង្កើនភាពទាក់ទាញទីក្រុង ឱ្យក្លាយជាទីក្រុងដែលគួរឱ្យចង់រស់នៅ។ ដោយឡែកចំពោះការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ១៩ រដ្ឋបាលខេត្តព្រះសីហនុបានខិតខំប្រែង និងអនុវត្តយ៉ាងសកម្មតាមវិធានសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល។

លេខាធិការដ្ឋានរៀបចំវេទិកាសប្តាហ៍មហាសមុទ្រពិភពលោក (WOW) បានបង្ហាញពីកិច្ចគាំទ្រចំពោះសកម្មភាពយ៉ាងសកម្ម និងយកចិត្តទុកដាក់របស់រដ្ឋបាលខេត្ត ក្នុងការចូលរួមអភិរក្សបរិស្ថាន អភិវឌ្ឍតំបន់ឆ្នេរសមុទ្រ និងការប្រែប្រួលអាកាសធាតុ ហើយក៏ជាសារជួយជំរុញស្មារតីរបស់សមាជិកដទៃទៀតឱ្យបន្តខិតខំក្នុងកិច្ចគាំពារបរិស្ថានតំបន់សមុទ្រឱ្យមានភាពប្រសើរជានិច្ចនិរន្តន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here