ស្ពានឫស្សីវែងជាងគេក្នុងខេត្តកំពង់ចាម នឹងលេចរូបរាងជាផ្លូវការម្តងទៀតនៅថ្ងៃឆ្លងឆ្នាំសកល ២០២១ ខាងមុខ

0

ដោយ ហ្សូលី

កំពង់ចាម៖ ស្ពានឬស្សីកោះប៉ែន ស្ថិតក្នុងខេត្តកំពង់ចាម ដែលត្រូវបានប្រជាពលរដ្ឋស្គាល់ថា ជាស្ពានឬស្សីវែងជាងគេប្រចាំកម្ពុជា បានចាប់ផ្តើមដំណើរការសាងសង់ជាផ្លូវការ ដែលគ្រោងនឹងដាក់ឲ្យដំណើរការនៅថ្ងៃឆ្លងឆ្នាំសកល២០២១។

បើតាមឱ្យដឹងពីលោក ប៉ុន ដារ៉ា ដែលជាម្ចាស់ស្ពាន និងជាម្ចាស់រមណីយដ្ឋានឆ្នេរខ្សាច់តំបន់កោះប៉ែន ស្ថិតនៅក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម ថ្លែងនៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២០នេះថា ស្ពានឬស្សីកោះប៉ែនដែលវែងជាងគេក្នុងប្រទេសកម្ពុជា បានចាប់ផ្តើមសាងសង់ជាផ្លូវការនៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ។

លោកបន្តថា ចំណែកការសាងសង់ស្ពានឬស្សីនេះ ត្រូវចំណាយក្នុងរង្វង់រយៈពេល ១ ខែ ពោលគឺអាចនឹងបញ្ចប់ជានិងលេចជារូបរាងនៅក្នុងថ្ងៃឆ្លងឆ្នាំសកលឆ្នាំ ២០២១ខាងមុខនេះ។ បច្ចុប្បន្នក្រុមការងារបច្ចេកទេសបាននិងកំពុងមមាញឹកធ្វើស្ពានឬស្សី ឈូសឆាយផ្លូវចូល ព្រមទាំងរៀបចំចំណតរថយន្ត។

ម្ចាស់រមណីយដ្ឋានរូបនេះបញ្ជាក់ថា ស្ពានឬស្សីនេះមានប្រវែងសរុប ៨០០ ម៉ែត្រ ទំហំទទឹង ២ម៉ែត្រ ហើយអនុញ្ញាតតែអ្នកថ្មើរជើងនិងជិះកង់តែប៉ុណ្ណោះ នឹងមិនអនុញ្ញាតឱ្យម៉ូតូ និងរថយន្តធ្វើដំណើរឆ្លងកាត់ឡើយ។ ទីតាំងឆ្នេរខ្សាច់កោះប៉ែន មានការរៀបចំបន្ថែមថ្មីៗទៀតខុសពីឆ្នាំមុនដូចជា កន្លែងលោតទឹក បង្គន់អនាម័យបែបស្តង់ដាខ្ពស់ និងកម្មវិធីកម្សាន្តផ្សេងៗទៀត។

ស្ពានឬស្សីកោះប៉ែននេះមានភាពល្បីល្បាញណាស់ សម្រាប់ការទាក់ទាញភ្ញៀវទេសចរណ៍ បើទោះបីជាមានស្ពានថ្មតភ្ជាប់ក្រុងកំពង់ចាមទៅកាន់កោះប៉ែនរួចរាល់ហើយក៏ដោយ។ ដោយហេតុថានៅរដូវទឹកឡើងស្ពាននេះត្រូវបានលិចនិងរុះរើ ដូច្នេះរៀងរាល់ឆ្នាំនៅរដូវទឹកស្រក គឺស្ពានឬស្សីកោះប៉ែននឹងត្រូវស្ថាបនាសម្រាប់ទទួលអ្នកទេសចរណ៍មកកម្សាន្តនៅកោះប៉េន និងឆ្នេរទន្លេដ៏ស្រស់ស្អាតនៃទន្លេមេគង្គ៕

LEAVE A REPLY

Please enter your comment!
Please enter your name here