ដោយ ៖ គង់ ម៉ាលីន
ភ្នំពេញ ៖ សួនបណ្ដុំសហគ្រាសធុនតូច និងមធ្យម ក្រុងតាខ្មៅ ក្រោមការវិនិយោគដោយក្រុមហ៊ុនអភិវឌ្ឍន៍ វើលដ៍ប្រ៊ីដ នឹងចូលរួមយ៉ាងសំខាន់នៅក្នុងសកម្មភាពអភិវឌ្ឍន៍ និងលើកម្ពស់វិស័យ SME ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀត។

លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវើលដ៏ប្រ៊ីដ បានមានប្រសាសន៍នៅក្នុងពិធីចុះបឋមសីលាការដ្ឋានសង់សួនបណ្ដុះសហគ្រាសធុនតូច និងមធ្យមនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា២០២០ ក្នុងទីក្រុងរណបសិរីមង្គលក្រុងតាខ្មៅ ថា សួនបណ្ដុំសហគ្រាសធុនតូច និងមធ្យម គឺជាមជ្ឈមណ្ឌលសេវាកម្ម ពាណិជ្ជកម្មការិយាល័យច្រកចេញចូលតែមួយ និងជាមជ្ឈមណ្ឌលហ្វឹកហ្វឺន មន្ទីរពិសោធន៍ មណ្ឌលសន្និសីទ និងជាកន្លែងដែលផ្ដល់សេវាកម្មជាច្រើនទៀត សម្រាប់ម្ចាស់សហគ្រាសដែលចូលមកដាក់ទីតាំងនៅក្នុងសួនមួយនេះ ។
លោកឧកញ៉ាបន្តថា “យើងបង្កើតឡើងដើម្បីគៀរគរសហគ្រាសចូលរួមជាចង្កោមតែមួយ ក្នុងគោលបំណងមកស្ថិតនៅទីតាំងតែមួយ ងាយស្រួលគ្រប់គ្រង និង ដោះស្រាយបញ្ហា។ សួនបណ្ដុំសហគ្រាសធុនតូចនិងមធ្យមទើបនឹងសាងសង់នេះ នឹងជំរុញឱ្យវិស័យសហគ្រាសធុនតូច និងមធ្យមឈានទៅមុខមួយកម្រិតទៀត នៅពេលសួននេះដាក់ដំណើរការនៅពេលខាងមុខ”។ លោកឧកញ៉ា បានបន្តថា វានឹងផ្ដល់អត្ថប្រយោជន៍ដល់សហគ្រាសធុនតូច និងមធ្យម ឬសហគ្រិននានា ឱ្យយល់ដឹងពីសារសំខាន់ក្នុងការបង្កើតជាចង្កោមខ្សែច្រវ៉ាក់ផលិតកម្មពេញលេញ និងឆ្លើយតបឱ្យគ្នាទៅវិញទៅមកដែលមានលក្ខណៈជាប្រព័ន្ធអេកូឡូស៊ីនៅក្នុងសួនបណ្ដុំសហគ្រាសធុនតូចនិងមធ្យមវើលដ៏ប្រ៊ីដ ។

លោកឧកញ៉ាបានបន្តថា “វានឹងផ្ដល់អត្ថប្រយោជន៍ដល់សហគ្រាសធុនតូច និងមធ្យម ឬសហគ្រិននានា ឱ្យយល់ដឹងពីសារសំខាន់ក្នុងការបង្កើតជាចង្កោមខ្សែច្រវ៉ាក់ផលិតកម្មពេញលេញ និងឆ្លើយតបឱ្យគ្នាទៅវិញទៅមកដែលមានលក្ខណៈជាប្រព័ន្ធអេកូឡូស៊ីនៅក្នុងសួនបណ្ដុំសហគ្រាសធុនតូច និងមធ្យម វើលដ៏ប្រ៊ីដ។ តាមរយៈការវិនិយោគជាផ្លូវការលើសេវាកម្មដែលមានស្ដង់ដារ និងហេដ្ឋារចនាសម្ព័ន្ធ ដែលអាចជឿទុកចិត្តបានសម្រាប់សហគ្រាសធុនតូចនិងមធ្យមនេះខ្សែច្រវ៉ាក់ផលិតកម្មពិតជាអាចលើកស្ទួយផ្ដល់តម្លៃ បង្កើតធនធានចំណេញពេលវេលា មានស្មារតីច្នៃប្រឌិតផលិតកម្មនិងការគ្រប់គ្រងប្រកបដោយគុណភាពនិងប្រសិទ្ធភាពក្នុងការចំណាយ”។
ជាមួយគ្នានេះ លោកក៏បានជំរុញឱ្យអ្នកផលិតទាំងឡាយ គួរតែផលិតនូវទំនិញដែលប្រើបច្ចេកវិទ្យាចុងក្រោយ ស្របតាមស្តង់ដារអន្តរជាតិ ហើយវានឹងធ្វើឱ្យសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាកាន់តែមាកេរ្តិ៍ឈ្មោះលើទីផ្សារអន្តរជាតិ ។
ប្រធានសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមកម្ពុជា លោកឧកញ៉ា តែ តាំងប៉រ បានថ្លែងថា វាជារឿងល្អណាស់ដែលកម្ពុជាមានសួនបណ្ដុំសហគ្រាសនេះ ព្រោះវាអាចជួយដល់ម្ចាស់អាជីវកម្ម នៅទីតាំង បញ្ហាប្រឈមនានា ជាពិសេសគឺវាមានភាពងាយស្រួលសម្រាប់រដ្ឋាភិបាលក្នុងការជួយសហគ្រិននៅតែមួយកន្លែង។ ការសាងសង់សួនបណ្ដុំសហគ្រាសធុនតូច និងមធ្យមនៅពេលនេះ វានឹងជួយដល់សហគ្រិននានា ក្នុងការពង្រឹងគុណភាពផលិតផល ហើយក៏អាចផលិតនូវផលិតផលប្រកួតប្រជែងជាមួយទីផ្សារបរទេសផងដែរ៕






