ដោយ ៖ វុត្ថា
ភ្នំពេញ ៖ ក្រុមហ៊ុនអាកាសចរណ៍ Silk Air និង Singapore Airlines នឹងចាប់ផ្តើមជើងហោះហើរជារៀងរាល់ថ្ងៃរវាងភ្នំពេញ និងសិង្ហបុរីចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០តទៅ។ នេះបើយោងតាមប្រភពីស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជានៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ។
ស្ថានទូតអូស្ត្រាលីបានបញ្ជាក់ថា ទោះបីជាលទ្ធភាពហោះហើរទៅកាន់អូស្ត្រាលីនៅមានកម្រិតក៏ដោយ ការមានជើងហោះហើររាល់ថ្ងៃនេះ នឹងកាត់បន្ថយពេលរង់ចាំនៅសិង្ហបុរី ព្រមទាំងផ្តល់ការតភ្ជាប់ជើងហោះហើរបន្ត ទៅជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍សឹង្ហបូរីទាំងអស់ ទៅកាន់អូស្ត្រាលី។
ក្រសួងទេសចរណ៍នៃកម្ពុជាបានប្រកាសសម្ដែងការអបអរសាទរ និងស្វាគមន៍ចំពោះការហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍នានាមកកាន់ទីក្រុងភ្នំពេញ បន្ទាប់ពីក្រុមហ៊ុនទាំងនោះបានប្រកាសផ្អាកជើងហោះហើរមួយរយៈដោយសារការរាតត្បាតនៃជំងឺ Covid-19។
ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA (All Nippon Airways) កាលពេលថ្មីៗនេះ ក៏បានប្រកាសពីប្រតិបត្តិការហោះហើរឡើងវិញពីទីក្រុងតូក្យូមកកាន់ទីក្រុងភ្នំពេញ (ណារីតា-ភ្នំពេញ-ណារីតា) ដែលនឹងមានជើងហោះហើរត្រង់នៅថ្ងៃទី២ ទី៥ ទី៩ ទី១២ ទី១៦ ទី១៩ ខែធ្នូ ឆ្នាំ២០២០ និងថ្ងៃទី៩ និងទី២៣ ខែមករា ឆ្នាំ២០២១។
ក្រសួងទេសចរណ៍បញ្ជាក់ថា ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលមានសុវត្ថិភាពទេសចរណ៍ល្អបំផុតក្នុងការធ្វើទស្សនកិច្ច និងមកទស្សនាក្នុងអំឡុងពេលនៃវិបត្តិជំងឺ Covid-19 ដោយ “កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ ១ នៅតំបន់អាស៊ី និងលេខ ៣ លើពិភពលោក ជាប្រទេសដែលគ្រប់គ្រងការឆ្លងរាតត្បាតនៃជំងឺ Covid-19 បានល្អបំផុត”។
ការបើកហោះហើរឡើងពីក្រុមហ៊ុនអាកាសចរណ៍នេះ ដោយសារភាពរឹងមាំនៃប្រព័ន្ធសុខាភិបាល និងការចូលរួមរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបក្នុងការទប់ស្កាត់ គ្រប់គ្រងការឆ្លងរាលដាលនៃជំងឺ Covid-19 បានយ៉ាងល្អ ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយទាក់ទាញទេសចរ និងសម្រួលក្នុងការធ្វើដំណើររបស់អ្នកវិនិយោគិនជប៉ុនឱ្យមកទស្សនា និងវិនិយោគមកកាន់កម្ពុជាឲ្យច្រើនឡើងថែមទៀត។
បច្ចុប្បន្នក្រសួងទេសចរណ៍បាន និងកំពុងរៀបចំកម្មវិធីទស្សនកិច្ច “ការធ្វើដំណើរ និងទេសចរណ៍សុវត្ថិភាព” (Travel Bubble) ដែលអនុញ្ញាតឲ្យភ្ញៀវទេសចរអន្តរជាតិ ជាពិសេសភ្ញៀវទេសចរជប៉ុន អាចធ្វើដំណើរមកព្រះរាជាណាចក្រកម្ពុជាប្រកបដោយសុវត្ថិភាពខ្ពស់៕






