កម្ពុជា ជួបហានិភ័យជាថ្មីដ៏ធំមួយពីការរីករាលដាលកូវីដនៅក្នុងសហគមន៍

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ជាថ្មីម្ដងទៀត ប្រទេសកម្ពុជាបាន និងកំពុងប្រឈមនឹងហានិភ័យដ៏ធំមួយពីការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ នៅក្នុងសហគមន៍ បន្ទាប់ពីបានធ្វើតេស្តរកឃើញវិជ្ជមានលើស្ត្រី២នាក់នៅក្នុងរាជធានីភ្នំពេញគិតត្រឹមរាត្រីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

 

រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ បានមានប្រសាសន៍ថា នៅក្នុងចំណោមស្ត្រី២រូបដែលមានវិជ្ជមានជំងឺកូវីដ១៩នេះ មានម្នាក់ជាភរិយារបស់អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធធនាគារ លោក ឆែម សាវុធ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានធ្វើតេស្តឃើញវិជ្ជមាននៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីមានអាការ និងចេញរោគសញ្ញាប្រមាណ១០ថ្ងៃមុន។

លោកស្រីរដ្ឋលេខាធិកាបានបញ្ជាក់ថា “អ្វីដែលសំខាន់នៅពេលនេះ គឺមានផលវិបាកក្នុងការតាមដាននៅពេលនេះគឺនៅមិនទាន់បានដឹងច្បាស់ថា ក្នុងរយៈពេល១០ថ្ងៃដែលគាត់ចាប់ផ្តើមមានរោគសញ្ញា ធ្លាប់បានទៅទីកន្លែងណាខ្លះ ដើម្បីស៊ើបអង្កេតស្វែងរកអ្នកពាកព័ន្ធដោផ្ទាល់ និងដោយប្រយោល”។ លោកថា “តាមព័ត៌មានបឋម ក្រៅពីស្នាក់នៅផ្ទះក្នុងបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ គាត់បានចេញទៅខេត្តសៀមរាប និងទៅផ្សារទំនើបអ៊ីអន ភ្នំពេញ ខណៈដែលពេលនេះក្រសួងសុខាភិបាលបានសម្រេចបិតផ្សារទំនើបអ៊ីអន ភ្នំពេញនេះ ជាបណ្តោះអាសន្ន ដើម្បីធ្វើការសិក្សា និងតាមដានបន្ត”។

 

គិតមកត្រឹមវេលាម៉ោង១១ យប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមមន្ត្រីជំនាញសុខាភិបាល បានចុះដល់លំនៅដ្ឋានដែលមានទីតាំងដូចបានជម្រាបជូនខាងលើនេះ ដើម្បីនាំស្ត្រីដែលជាភរិយារបស់មន្ត្រីជាន់ខ្ពស់ខាងលើនេះទៅកាន់មន្ទីរពេទ្យព្យាបាលហើយ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានគោរពសុំការអនុញ្ញាតខ្ពង់ខ្ពស់ពីសំណាក់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្នើសុំធ្វើការត្រួតពិនិត្យសុខភាព និងធ្វើតេស្តទៅលើថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចូលរួមប្រជុំពិសេសជាមួយលោក ឆែម សាវុធ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ ដោយក្នុងនោះរួមមាន សម្ដេចក្រឡាហោម ស ខេង , លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន , លោក កើត រិទ្ធ និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here