សម្ដេចតេជោ ៖ រដ្ឋាភិបាលកំពុងជំរុញស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានានៅតំបន់ប៉ូលសេដ្ឋកិច្ចប្រចាំប្រទេស

0

ដោយ ៖ រ៉ាណេត
សៀមរាប ៖ ក្នុងគោលបំណងលើកស្ទួយ និងស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តាខេត្ត ជាពិសេសនៅតំបន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗចំនួន៣ប្រចាំប្រទេសកម្ពុជា រាជរដ្ឋាភិបាលបានឆ្លៀតយកឱកាសដែលកំពុងប្រឈមជាមួយនឹងវិបត្តិ Covid-19 ជំរុញក្នុងការស្ដារ និងធ្វើការអភិវឌ្ឍបណ្តាញហេដ្ឋារចនាសម្ព័ន្ធឱ្យប្រសើរឡើងវិញ ជាពិសេសនៅខេត្តព្រះសីហនុ និងខេត្តសៀមរាប។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍នៅក្នុងពិធីបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធចំនួន៣៨ខ្សែនៅទូទាំងក្រុងសៀមរាបនៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា បើទោះជាកម្ពុជាកំពុងទទួលរងនូវការគំរាមកំហែងពីCovid-19 វាមិនមែនជាឧបសគ្គក្នុងកិច្ចការអភិវឌ្ឍន៍របស់កម្ពុជានោះទេ។

សម្ដេចតេជោបានបន្តថា “កូវីដ អាចរារាំងនូវដំណើរការរបស់យើង ប៉ុន្តែមិនអាចបញ្ឈប់នូវកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការស្ថាបនាផ្លូវទាំងអស់នោះទេ។ ដូចដែលឯកឧត្តមទេសចរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងនៅក្នុងរបាយការណ៍ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងពេលប្រជុំគណៈរដ្ឋមន្ត្រីពេញអង្គ ខ្ញុំបានប្រកាសអំពីការបញ្ចុះកញ្ចប់ថវិកាក្នុងរង្វង់ពី១០០-១៥០លានដុល្លារ ដើម្បីសាងសង់ផ្លូវចំនួន៣៨ខ្សែសម្រាប់ទីក្រុងសៀមរាបរបស់យើងនេះ”។

សម្ដេចបានបន្តថា “បន្ថែមលើនោះដោយមានការសិក្សាជាក់លាក់របស់ឯកឧត្តម ជា សុផារ៉ា ទៅលើបញ្ហានៃការកែលម្អដងស្ទឹងសៀមរាបរបស់យើង យើងថ្ងៃនេះក៏មានការបង្កើតឱ្យមាននូវការរដ្ឋានមួយទៀតសម្រាប់ការកែលម្អដងស្ទឹងសៀមរាប ដែលនៅទាំងសង់ខាងប្រវែង៨៨៤៤០ម៉ែត្រ ដើម្បីឱ្យក្លាយទៅជាទីកន្លែងដើរកម្សាន្តរបស់ប្រជាពលរដ្ឋ ក៏ដូចជាទេសចរដែលមកកាន់ខេត្តសៀមរាបរបស់យើងនេះ”។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់ទៀតថា “បន្ទាប់ពីសម្រេចបាននូវជិតបញ្ចប់ការដ្ឋាននៅខេត្តព្រះសីហនុដែលយើងបានចំណាយទុនជិត៣០០លានដុល្លារនោះទីនោះ យើងក៏ត្រូវបញ្ចុះទុនបន្ថែមមកសាងសង់នៅទីនេះ ដែលជាទីកន្លែងមួយដែលខ្ញុំធ្លាប់បានហៅថាជាប៉ូលសេដ្ឋកិច្ចរបស់កម្ពុជាដែលមានចំនួន៣ ប៉ូលទី១គឺភ្នំពេញ ប៉ូលទី២គឺក្រុងព្រះសីហនុ និងប៉ូលទី៣គឺខេត្តសៀមរាបរបស់យើង”។

សម្ដេចបញ្ជាក់ថា “ខេត្តសៀមរាបរបស់យើងគឺជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ មានសណ្ឋាគារ មានផ្ទះសំណាក់ និងមានអគារដទៃទៀតល្អៗ ក៏ប៉ុន្តែផ្លូវរបស់យើងមិនសមល្មមនឹងការឆ្លើយតបជាមួយនឹងទីក្រុងដ៏ស្រស់ស្អាតមួយនេះទេ ដូច្នះនៅក្នុងឱកាសដែលមានកូវីដនេះ និងក្នុងឱកាសនៅពេលដែលយើងមានសន្សំសាច់ប្រាក់ដែលបានធ្វើប៉ុន្មានឆ្នាំមកហើយនោះ គឺយើងមានលទ្ធភាពដើម្បីនឹងបញ្ចុះកញ្ចប់ថវិកាមកសាងសង់ផ្លូវទាំអ៣៨ខ្សែនៅទីក្រុងសៀមរាបរបស់យើងនេះ ហើយថវិកាដែលនៅសល់ពីការសាងសង់នៅខេត្តព្រះសីហនុចំនួន៥លានដុល្លារនោះ ក៏នឹងត្រូវយកមកកែលម្អនៅតាមដងស្ទឹងសៀមរាបនេះ”។

ក្រោយការស្ដារ និងស្ថាបនាឡើងវិញនូវបណ្តាញហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំក្រុងសៀមរាបដែលការបណ្តាក់ទុនដោយផ្ទាល់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជានៅពេលនេះ ខេត្តសៀមរាប នឹងក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ដ៏ទាក់ទាញ និងស័ក្ដិសមជាប៉ូលសេដ្ឋកិច្ចពិសេសប្រចាំព្រះរាជាណាចក្រកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here