ដោយ ហ្សូលី
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ការសាងសង់ផ្លូវ នឹងត្រូវស្ថាបនាគ្រប់ខេត្តទាំងអស់ គ្រាន់តែការស្ថាបនានេះអាចមានមុននិងក្រោយតែប៉ុណ្ណោះ។ នេះបើតាមឱ្យដឹងនៅថ្ងៃទី៣០ ខែធ្នូ ក្នុងឱកាសពិធីបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប។

នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែនបានឱ្យដឹងនាព្រឹកថ្ងៃទី៣០ វិច្ឆិកានេះក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវចំនួន៣៨ខ្សែ និងកែលំអរស្ទឹងសៀមរាបថា ដូច្នេះហើយសង្ឃឹមថា ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបរបស់យើង និយាយដោយឡែក និងប្រជាជនទូទាំងប្រទេស ក៏នឹងទទួលផលប្រយោជន៍ពីការសាងសង់ផ្លូវនៅទីនេះ។
សម្តេចតេជោបន្តថា «ពិតមែនហើយថាគ្រប់ខេត្តទាំងអស់ យើងត្រូវតែធ្វើ ក៏ប៉ុន្តែយើងត្រូវធ្វើឯណាមុន ត្រូវធ្វើឯណាក្រោយ។ការបោះទុននៅទីក្រុងភ្នំពេញ ត្រូវធ្វើជាប្រចាំ ហើយការបោះទុនទៅកាន់ខេត្តព្រះសីហនុ ក៏បានធ្វើរួចហើយ”។ សម្តេចបន្តថា “យើងនៅសល់ថវិកា៥លានដុល្លារ ក៏ត្រូវបញ្ជូនមកកាន់ទីនេះ បន្ថែមលើថវិកាជាតិប្រមាណ១៥០លានដុល្លារ ឥលូវនេះបានបុរេប្បទាន២០ភាគរយមកកាន់ការដ្ឋាននេះ”។
សម្តេចបញ្ជាក់ថា «ថ្ងៃនេះបើទោះបីជាយើងខកខាន មិនបានបើកការដ្ឋានក៏ដោយចុះ ក៏ប៉ុន្តែតាំងពីថ្ងៃទី១៦វិច្ឆិកាមក គឺសកម្មភាពនៃបណ្តាក្រុមហ៊ុន សាងសង់ទាំងឡាយក៏បានចាប់ផ្តើមដែរ តែថ្ងៃនេះក៏សូមអធ្យាស្រ័យខ្ញុំកាត់បន្ថយចំនួនអ្នកចូលរួម”។
គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន៨ នឹងត្រូវចាប់ផ្តើមសាងសង់ និងដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២១ ខាងមុខនេះផងដែរ រួមមានដូចជា ផ្លូវជាតិលេខ៣១ គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣៣ ផ្លូវជាតិលេខ៤១ សាងសង់ស្ពានទន្លេមេគង្គខេត្តក្រចេះ គម្រោងលើកកម្ពស់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ គម្រោងសាងសង់ផ្លូវវាងក្រុងសៀមរាប គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េជាដើម៕






