ខេត្តសៀមរាបភ្ញាក់ពីសុបិនបន្ទាប់ពីគំរោងធំៗចំនួន៥ត្រៀមបង្ហាញខ្លួន

0

ដោយគង់ សូរិយា

        ភ្នំពេញៈ ទោះបីកំពុងស្ថិតក្នុងវិបត្តិ ដោយសារការបាត់បង់ទេសចរណ៍ក្តី ប៉ុន្តែខេត្តសៀមរាប នៅតែបន្តទាក់ទាញគំរោងវិនិយោគធំៗៗជាច្រើន ពិសេសគំរោងអភិវឌ្ឍន៍របស់វិស័យឯកជននិងសាធារណៈ។

ខេត្តដែលពោរពេញដោយសក្តានុពលនេះ បាននិងកំពូងរៀបចំខ្លួនដើម្បីក្លាយជាទីក្រុងទំនើប និងរីកចម្រើនខ្លាំងនាពេលខាងមុខ ដោយសារគម្រោងអភិវឌ្ឍធំៗ៤ ពីស្ថាប័នរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន។ ហេដ្ឋារចនាសម័ន្ធនឹងប្រសើរឡើង ជីវភាពប្រជាជនក្នុងស្រុកនឹងធូរធារ ហើយចំនួនភ្ញៀវទេសចរណ៍ នឹងកើនឡើងនាពេលខាងមុខនៅពេលវិស័យទេសចរត្រលប់មករកស្ថានភាពល្អវិញ។

គម្រោងស្ថាបនាផ្លូវ៣​៨​ខ្សែ  

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីម្សិលម៉ិញ បានប្រកាសបើកការដ្ឋានស្ថាបនា និងកែលំអរផ្លូវចំនួន៣៨ខ្សែក្នុងក្រុងសៀមរាប បានបើកការដ្ឋានសាងសង់ជាផ្លូវការនៅព្រឹកថ្ងៃទី៣០ ខែ​វិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចតេជោ​នាយករដ្ឋមន្រ្តី ហ៊ុន សែន។  ផ្លូវទាំង៣៨ខ្សែនេះមានប្រវែងជាង១០៨គីឡូ​ម៉ែត្រ គ្រោងប្រើប្រាស់​ថវិកាជាតិសរុបជាង១៤៩លានដុល្លារ។

តាម​ការគ្រោងទុក គម្រោងនេះនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២១។សម្តេ​ច​តេជោបានគូសបញ្ជាក់ថា ការ​​អភិវឌ្ឍហេដ្ឋារចនាសម័្ពន្ធទ្រង់ទ្រាយធំ​បែបនេះនឹងធ្វើឱ្យទីក្រុងសៀមរាបប្រែក្លាយរូបរាងជាទីក្រុងទំនើប និងទេសចរណ៍​ដ៏មាន​សក្តា​​នុពលដែលត្រូវបានកំណត់ជាតំបន់ស្នូលនៃប៉ូល​អភិ​វឌ្ឍ​ជាតិ។

គម្រោងកែលម្អផ្លូវនៅមុខប្រាសាទអង្គរវត្ត និងស្តារ-កែលម្អដងស្ទឹងសៀមរាប

គម្រោងកែលម្អផ្លូវចូល និងទីធ្លាមុខប្រាសាទអង្គរវត្ត ក្រោមការរៀបចំនិងដឹកនាំដោយអាជ្ញាធរជាតិអប្សារា ជិតបញ្ចប់ជាស្ថាពរមកដល់ពេលនេះ ដោយមានការរៀបចំសួនច្បារ ដាំដើមឈើប្រណិត និងឈើផ្កាព្រៃស្រស់បំព្រង។ គម្រោងកែលម្អនេះចាប់ផ្តើមនៅចុងឆ្នាំ២០១៩ ដើម្បីកែប្រែសោភ័ណ្ឌភាព នៅបរិវេណមុខប្រាសាទអង្គរវត្ត ឱ្យសក្ដិសមជាសម្បត្តិបេតិកភណ្ឌពិភពលោក។

ទន្ទឹមគ្នានេះ រដ្ឋាភិបាលក៏បានត្រៀមថវិកា៥លានដុល្លារ ដើម្បីស្តារនិងកែលម្អដង​ស្ទឹងសៀមរាប។ គម្រោងទាំងពីរនេះ នឹងជួយលើកកម្ពស់សោភ័ណភាពទីក្រុងសៀមរាប ដើម្បីបង្កើនភាពទាក់ទាញ ក៏ដូចជាត្រៀមស្វាគមន៍ នៃការមកដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិនាពេលខាងមុខ។

រមណីយដ្ឋានលំដាប់អន្តរជាតិតម្លៃ៣៥០លានដុល្លារ

ក្រុមហ៊ុនNaga Corp ​ចុះបញ្ជី​ក្នុង​ផ្សារ​ភាគហ៊ុន​ក្រុង​ហុងកុង ចេញសេចក្តីជូនដំណឹងមួយកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយបញ្ជាក់ថា ក្រុមហ៊ុនគ្រោងអភិវឌ្ឍរមណីយដ្ឋានលំដាប់អន្តរជាតិនៅខេត្តសៀមរាប ដោយមិនមានបញ្ចូលកាស៊ីណូនោះទេ។  គម្រោងនេះមានឈ្មោះថា «Angkor Lake of Wonder» គ្រប់ដណ្តប់លើផ្ទៃដី ៧៥ហិកតា ហើយគ្រោងចំណាយប្រមាណ៣៥០លានដុល្លារ ហើយគ្រោងបញ្ចប់ដំណាក់កាលដំបូងនៅឆ្នាំ២០២៥ ខាងមុខ។

ដំណាក់កាលដំបូង នៃគម្រោងអភិវឌ្ឍចម្រុះនេះមានដូចជា សួនទឹក សណ្ឋាគារលំដាប់ផ្កាយប្រាំ កន្លែងជិះទូកកម្សាន្ត (canal system)​ និងទីក្រុងចិន (Chinatown) ជាដើម។

គោលដៅទេសចរណ៍ថ្មីៗ

គោលដៅទេសចរណ៍ថ្មីចំនួន៤ធំៗបន្ថែមទៀតលើគោលដៅទេសចរណ៍២ ដែលមានស្រាប់ អាចនឹងត្រូវបានបង្កើតឡើង ដែលរួមមានតំបន់បឹងទន្លេសាប តំបន់ភ្នំគូលែន តំបន់បន្ទាយស្រី និងទីក្រុងសៀមរាបថ្មី។

ផែនការទាំងនេះ ត្រូវបានដាក់បញ្ចូលទៅក្នុងផែនការមេ អភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ដែលបច្ចុប្បន្នក្រសួងទេសចរណ៍ កំពុងរៀបចំកែសម្រួល ដើម្បីដាក់ឆ្លងរាជរដ្ឋាភិបាលពិនិត្យនិងអនុម័ត នៅពេលខាងមុខ ក្នុងគោលដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យបានដល់៧លាននាក់ក្នុងមួយឆ្នាំ សម្រាប់ខេត្តសៀមរាបគិតចាប់ពីឆ្នាំ២០៣៥ទៅ។

គំរោងព្រលានយន្តហោះអន្តរជាតិថ្មី

ក្រុមហ៊ុនចិនបាននិងកំពុងសាងសង់ព្រលានយន្តហោះថ្មី ស្ថិតក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលព្រលានយន្តហោះថ្មីនេះ នឹងអាចអនុញ្ញាត្តឲ្យក្រុមហ៊ុនអាកាសចរណ៍ ហោះឆ្លងកាត់អន្តរទ្វីបអាចចុះចតបាន។ តាមផែនការគំរោងនេះ នឹងលើកកំពស់ការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងការវិនិយោគកាន់តែច្រើនផងដែរ។

តាមផែនការព្រលានយន្តហោះអន្តរជាតិថ្មីនេះ នឹងបញ្ចប់ដំណាក់កាលទី១ និងដាក់​ឲ្យដំណើរការនៅឆ្នាំ២០២៣ខាងមុខនេះ។ ព្រលានយន្តហោះនេះត្រូវបានវវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ៩០០លានដុល្លារអាមេរិក៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here