ផែនការមេចំនួន៤ លើការស្ថាបនាវិថី ៧មករា ក្រុងព្រះសីហនុចាប់ផ្តើមអនុវត្ត

0

ដោយ ៖ រ៉ាណេត

ព្រះសីហនុ ៖ ផែនការមេសំខាន់ៗចំនួន៤ពាក់ព័ន្ធទៅនឹងការស្ថាបនាវិថី៧មករា ឬផ្លូវ២០០ ដែលស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ផ្តើមអនុវត្ត ដើម្បីគម្រោងអាចអនុវត្តទៅបានដោយរលូន និងលើកសោភ័ណភាពក្រុង បង្កភាពងាយស្រួលចរាចរណ៍។

ផែនការមេចំនួន៤សំខាន់ៗដែលពាក់ព័ន្ធទៅនឹងការស្ថាបនាវិថី៧មករា ត្រូវបានលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុប្រកាសនៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ឱ្យអនុវត្តដើម្បីជំរុញ និងបង្ករភាពងាយស្រួលដល់ដំណើរការសាងសង់វិថី៧មករា ដែលមានទទឹង៤០ម៉ែត្រ ស្របតាមប្លង់ប្រព័ន្ធសុរិយោដី។

ផែនការស្ថាបនាវិថី៧មករា ឬផ្លូវលេខ២០០ ដែលស្ថិតនៅជុំវិញមន្ទីរពេទ្យបង្អែកខេត្តរួមមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដើម្បីផលប្រយោជន៍សាធារណៈ, ការលើកកម្ពស់ការផ្តល់សេវាសុខាភិបាល និងសុខមាលភាពសាធារណៈ ការលុបបំបាត់ការយកទីតាំងសាធារណៈមកធ្វើអាជីវកម្ម និងជាសម្បត្តិឯកជន រួមជាមួយនឹងការលើកស្ទួយសោភ័ណ្ឌភាពទីក្រុង និងសុវត្ថិភាពសាធារណៈ។ល។

លោក គួច ចំរើន បានមានប្រសាសន៍ថា “ដើម្បីឱ្យដំណើរការគម្រោងស្ថាបនាវិថី៧មករា (ផ្លូវលេខ២០០) នេះទទួលបានជោគជ័យ រដ្ឋបាលខេត្តស្នើសុំកិច្ចសហការពីបងប្អូនប្រជាពលរដ្ឋដែលបានរស់នៅ និងកំពុងធ្វើការសាងសង់សំណង់មិនរៀបរយនៅលើដីចំណីផ្លូវ(ផ្លូវលេខ២០០)នេះ ធ្វើការរុះរើសំណង់របស់ខ្លួន និងប្រគល់ទីតាំងដីផ្លូវលេខ២០០នេះមកឱ្យរដ្ឋបាលខេត្តធ្វើការស្ថាបនាផ្លូវទៅតាមផែនការអភិវឌ្ឍន៍របស់ខេត្ត”។

គម្រោងស្ថាបនាវិថី៧មករា ឬផ្លូវលេខ២០០ នេះស្ថិតនៅក្នុងគម្រោងរួមនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងខេត្ត ដើម្បីធ្វើឱ្យល្អប្រសើរឡើង និងលើកកម្ពស់សោភ័ណភាពស័ក្ដិសមទៅនឹងប៉ូលសេដ្ឋកិច្ចសំខាន់របស់ប្រទេសជាតិក្នុងនាមជាមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើបពហុបំណង។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ថា សកម្មភាពក្រុមការងារស្ថាបនានៅតែបន្តដោយមិនមានការឈប់សម្រាកនោះឡើយ ហើយនៅក្នុងរង្វង់ខែធ្នូ ឆ្នាំ២០២០នេះ នឹងរៀបចំចាក់កៅស៊ូគ្រប់ផ្លូវទាំង ៣៤ ខ្សែ ដែលនឹងឱ្យរួចរាល់នៅមុនឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២១ នាពេលខាងមុខនេះ។

ក្រៅពីនេះ មានការបំពាក់កាមេរ៉ាសុវត្ថិភាព គូសគំនូសចរាចរណ៍ រៀបចំបន្ទប់អនាម័យនៅតាមតំបន់ឆ្នេរ ដើម្បីមានភាពងាយស្រួលក្នុងការគ្រប់គ្រងសភាពការណ៍ និងអនាម័យបរិស្ថានតំបន់ឆ្នេរឱ្យមានសោភ័ណភាព និងមានភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត។

បច្ចុប្បន្ននេះ ការស្ថាបនាផ្លូវទាំង ៣៤ខ្សែ ដែលរាជរដ្ឋាភិបាល បានទម្លាក់កញ្ចប់ថវិកា ដើម្បីកែលម្អសោភ័ណភាព និងបរិស្ថានតំបន់ឆ្នេរក្រុងព្រះសីហនុ បាននិងកំពុងដំណើរការយ៉ាងមមាញឹក ទោះបីជាស្ថានភាព ជំងឺកូវីដ-១៩ កំពុងរីករាលដាលជាសកល ហើយព្រះរាជាណាចក្រកម្ពុជាក៏ ជួបបញ្ហាជំងឺនេះក៏ដោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here