ក្រសួងសាធារណការទទួលបានកញ្ចប់ថវិកាជិត ៦០០លានដុល្លារពីគម្រោងចំណាយថវិកាជាតិឆ្នាំ ២០២១

0

ដោយ ហ្សូលី

ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូនទទួលបានកញ្ចប់ថវិកាអាទិភាពសម្រាប់គម្រោងចំនាយថវិកាជាតិឆ្នាំ ២០០២១ ប្រមាណជិត ៦០០លានដុល្លារ ដើម្បីធានាដល់សេដ្ឋកិច្ចនិងប៉ះប៉ូវដល់ការខូចខាតដែលបានរងផលប៉ះពាល់ជំងឺកូវីដ ១៩ រួមទាំងវិបត្តិនានា។

យោងតាមសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ ២០២១ ដែលត្រូវបានរដ្ឋសភាអនុម័តកាលពីពេលកន្លងទៅបានឱ្យដឹងថា មានក្រសួងចំនួន ៥ ហើយក្នុងនោះក្រសួងសាធារណការនិងដឹកជញ្ជូនឈរក្នុងលំដាប់ទី ៣ ដែលទទួលបានកញ្ចប់ថវិកាប្រមាណ ៥៩៩លានដុល្លារអាមេរិក។

គម្រោងចំណាយថវិកាជាតិឆ្នាំ ២០២១ គោរពតាមនូវពិតានចំណាយគោលដែលរដ្ឋាភិបាលបានកំណត់ផ្តល់ជូនក្រសួង ស្ថាប័ននីមួយៗ សម្រាប់ចំណាយមិនមែនបន្ទុកបុគ្គលិកក្នុងកម្រិតថវិកាវិចារណកម្មចំណាយឆ្នាំ ២០២០ រួមជាមួយការអនុវត្តគោលការណ៍រក្សាកម្រិតប្រាក់បៀរត្សនិងប្រាក់បំណាច់មុខងារ។ ជារួមគម្រោងចំណាយចរន្តថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ មានការថយចុះខ្លះធៀបនឹងច្បាប់ថវិកាកាលពីឆ្នាំ ២០២០។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ក្នុងឱកាសបើកការដ្ឋានសាងសង់និងកែលម្អផ្លូវ ៣៨ ខ្សែ កាលពីពេលថ្មីៗនេះថា ក្នុងគោលបំណងលើកស្ទួយ និងស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តាខេត្ត ជាពិសេសនៅតំបន់ប៉ូលសេដ្ឋកិច្ចសំខាន់ៗចំនួន៣ប្រចាំប្រទេសកម្ពុជា រាជរដ្ឋាភិបាលបានឆ្លៀតយកឱកាសដែលកំពុងប្រឈមជាមួយនឹងវិបត្តិ Covid-19 ជំរុញក្នុងការស្ដារ និងធ្វើការអភិវឌ្ឍបណ្តាញហេដ្ឋារចនាសម្ព័ន្ធឱ្យប្រសើរឡើងវិញ ជាពិសេសនៅខេត្តព្រះសីហនុ និងខេត្តសៀមរាប។

ប្រមុខរាជរដ្ឋាភិបាលបានបន្តទៀតថា បើទោះជាកម្ពុជាកំពុងទទួលរងនូវការគំរាមកំហែងពីCovid-19 វាមិនមែនជាឧបសគ្គក្នុងកិច្ចការអភិវឌ្ឍន៍របស់កម្ពុជានោះទេ។ គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗដែលនឹងត្រូវចាប់ផ្តើមសាងសង់ និងដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២១ ខាងមុខនេះមានដូចជា ផ្លូវជាតិលេខ៣១ គម្រោ ងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣៣ ផ្លូវជាតិលេខ៤១ ស្ពានទន្លេមេគង្គខេត្តក្រចេះ គម្រោងសាងសង់ផ្លូវវាងក្រុងសៀមរាប គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here