ដោយ ហ្សូលី
ភ្នំពេញ៖ កម្ពុជាទទួលបានប្រាក់ចំណូលពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិបាន ៤១៥ លានដុល្លារ សម្រាប់រយៈពេល១១ខែ នៃឆ្នាំ២០២០នេះ ។ ការនាំចេញអង្កររបស់កម្ពុជាមានការកើនឡើងជិត ១៧% ដែលគិតជាបរិមាណសរុប មានចំនួន ៦០១,០៤៥ តោន ។
បើតាមរបាយការណ៍ របស់សហព័ន្ធស្រូងអង្ករកម្ពុជា ទឹកប្រាក់ចំនួន ៤១៥លានដុល្លារសហរដ្ឋអាមេរិក ដែលទឹកប្រាក់នេះមានការកើនឡើងចំនួន ៤៣លានដុល្លារសហរដ្ឋអាមេរិក ឬជិត ១២% បើធៀបទៅរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ដែលបាននាំចេញគិតជាទឹកប្រាក់ត្រឹម ៣៧២លានតែប៉ុណ្ណោះ។
របាយការណ៍បន្តថា ក្នុងរយៈពេល១១ខែនេះដែរ កម្ពុជាបាននាំចេញ អង្ករក្រអូប ចំនួន៤៨១២០០តោន ឬស្មើនឹង៨០%នៃបរិមាណនាំចេញសរុប ដែលក្នុងនោះ អង្ករក្រអូបប្រណិត ប្រភេទម្លិះអង្គរ ត្រូវបាននាំចេញចំនួន ៥៥% អង្ករសែនក្រអូបចំនួន ២៥%។
ដោយឡែកសម្រាប់ក្នុងខែវិច្ឆិកា ឆ្នាំ ២០២០ កម្ពុជាសម្រេចបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិក្នុងបរិមាណ ៦៤,៧៤០ តោន គិតជាទឹកប្រាក់ចំនួន ៤៨.៦៥លានដុល្លារសហរដ្ឋអាមេរិក។ បរិមាណនាំចេញនេះ មានការកើនឡើងចំនួនជាង ១៥% តែចំណូលនៃការនាំចេញបានធ្លាក់ចុះ ១៣.២៦% ដោយសារតម្លៃលើទីផ្សារអង្ករក្រអូបមានការធ្លាក់ចុះជាបន្តបន្ទាប់។
នៅក្នុងខែវិច្ឆិកានេះដែរ អង្កររបស់កម្ពុជា បាននាំចេញចំនួន ៦១% ទៅកាន់ប្រទេសចិន និង ២% ទៅកាន់ទីផ្សារទីក្រុងហុងកុង ដែលមានបរិមាណសរុបចំនួន ៤០ ៤៨៩តោន គិតជាទឹកប្រាក់ចំនួន ២៩លានដុល្លារសហរដ្ឋអាមេរិក។
បើតាមលោករដ្ឋមន្ត្រី វេង សាខុន បានឱ្យដឹងថា ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ១១ខែមានកំណើននៅ គ្រប់គោលដៅនាំចេញទាំងអស់ ដោយឡែកប្រទេសចិនឈរនៅលំដាប់ទី១ សហភាពអ៊ឺរ៉ុប បណ្តាប្រទេស សមាជិកអាស៊ាន និងគោលដៅដទៃទៀត ចំនួន២៩ ប្រទេស៕






