ដោយ ហ្សូលី
ភ្នំពេញ៖ ចិនបានវិនិយោគលើគម្រោងរោងចក្រផលិតដែកថែបតម្លៃប្រមាណ ១៦,៧លានដុល្លារ របស់ ក្រុមហ៊ុន ហុងឌីសេង (ខេមបូឌា) ស្ទីល ឯ.កនៅក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ នឹងប្រតិបត្តិការនៅក្នុងដើមខែធ្នូ ឆ្នាំ ២០២០នេះ។

រោងចក្រផលិតដែកថែបនេះអាចផលិតបាន ៥០០,០០០តោន នៅក្នុងដំណាក់កាលដំបូង បន្ទាប់ពីការសាងសង់រយៈពេល ១ ឆ្នាំ និងឈានចូលដល់ការធ្វើតេស្តនូវគុណភាពផលិត។
លោក កែវ តរនៈ អគ្គនាយកអគ្គិសនីកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា លោកនឹងគាំទ្រដល់តម្រូវការថាមពលប្រើប្រាស់ក្នុងរោងចក្រនេះ ដោយសង្ឃឹមមុតមាំថា កម្ពុជានឹងអាចមានវិនិយោគិនចិនកាន់តែច្រើនចូលមកវិនិយោគនៅកម្ពុជា និងសាងអនាគតសម្រាប់ប្រទេសកម្ពុជា និងប្រទេសចិន។
លោកបន្តថា គម្រោងវិនិយោគនេះនឹងជួយលើកស្ទួយប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសចិន និងកម្ពុជា។
ក្រុមហ៊ុនចិន ហុងឌីសេង ខេមបូឌា នេះភាគច្រើនផលិតដូចជា ខ្សែលួស ដែកថ្នាំងអំពៅ និងដែកសរសៃ ដើម្បីបម្រើដល់ទីផ្សារសំណង់កម្ពុជា។
យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបង្ហាញថា កម្ពុជាបាននាំចូលសម្ភារសំណង់តម្លៃ ៥៦៥,៩១ លានដុល្លារ នៅឆមាសទី ១ ឆ្នាំនេះ ខណៈការនាំចូលមានតម្លៃជាង ១,៥១ ពាន់លានដុល្លារក្នុងឆ្នាំ២០១៩។
ក្នុងរយៈពេលពេញមួយឆ្នាំ ២០១៩ កម្ពុជាបាននាំចូលដែកថែប ៧២២,៦២១ តោន តម្លៃ ៤៧៧,១៩ លានដុល្លារ ស៊ីម៉ងត៍ ១,៩៧ លានតោន តម្លៃ ១២៨,៨៥ លានដុល្លារ និងសម្ភារ សំណង់ ១,៧ លានតោនមានតម្លៃ ៩០០,៥១ លានដុល្លារ ៕






