អភិបាល​ខេត្តកំពត៖ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​តម្លៃ២៤,៨លាន​ដុល្លារ​នឹងចូលរួមលើកស្ទួយ​សេដ្ឋកិច្ច​ពលរដ្ឋ​នៅក្នុង​ខេត្ត

0

ដោយ ​វុត្ថា

កំ​ពតៈ អភិបាលខេត្ត​កំពត​បា​ន​អះអាងថា គម្រោង​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម សណ្ឋាគារ​កម្រិត​ផ្កាយ៤ អាគារ​ផ្សារ​ទំនើប មណ្ឌល​កំសាន្ត ខុន​ដូរ និង​សេវា​ទេសចរណ៍​តម្លៃ២៤,៨លាន​ដុល្លារ​អាមេរិក នឹងចូលរួម​លើកស្ទួយ​ចំណូល​សេដ្ឋកិច្ច របស់​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត ឱ្យ​កាន់តែ​មានការ​រីកចំរើន​បន្ថែមទៀត។

លោក​ជាវ តា​យ អភិបាលខេត្ត​កំពត​បា​ន​ឱ្យដឹង​នៅ​ថ្ងៃទី ២ ខែវិច្ឆិកា​ម្សិលមិញ​នេះ​ថា គម្រោង​ស្នើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន Gold Coast International Development Co.,LTD សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម កំពុងតែ​ដំណើរ​ទៅមុខ ប៉ុន្តែ​កិច្ចការ​នេះ​ត្រូវធ្វើ​ទៅតាម​ដំណាក់កាលនីមួយ។

លោកន្ត​ថា “ការវិនិយោគ​ឱ្យមាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដ៏​ធំ​បំផុត​នៅក្នុង​ខេត្ត​នេះ នឹង​ជួយ​ឱ្យ​ពលរដ្ឋ​មាន​ចំណូល​កាន់តែច្រើន និង​កាត់បន្ថយ​ភាពក្រីក្រ ដែលជា​អ្វីដែល​រាជរដ្ឋាភិបាល​ប្រ​ថ្នា​ចង់បាន ជាពិសេស​ខេត្តកំពត” ។

លោក​ជាវ តា​យ កាលពី​ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២០កន្លងមកនេះ បាន​បើក​កិច្ចប្រជុំ​អនុគណៈកម្មាធិការ​វិនិយោគ​ខេត្ត​លើក​ទី២ ពិនិត្យ​លើ​គម្រោង​ស្នើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន Gold Coast International Development Co.,LTD ហើយ​បានស្នើ​ឲ្យ​ក្រុមហ៊ុន​សហការ ជាមួយ​អង្គភាព​ជំនាញ ធ្វើការ​លើ​ការងារ​បច្ចេកទេស ផ្លូវច្បាប់ និង​ឯកសារ​ពាក់ព័ន្ធ ដើម្បី​ស្នើសុំ​ទៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​រាជរដ្ឋាភិបាល ដើម្បី​ពិនិត្យ​និង​សម្រេច​លើ​គម្រោង​វិនិយោគ​នេះ។

គម្រោង​ស្នើសុំ​វិនិយោគ​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម សណ្ឋាគារ​កម្រិត​ផ្កាយ៤ អាគារ​ផ្សារ​ទំនើប មណ្ឌល​កំសាន្ត ខុន​ដូរ និង​សេវា​ទេសចរណ៍ ដោយ​គ្រោង​បោះទុន​វិនិយោគ​ប្រហែល ២៤,៨លាន​ដុល្លា​អាមេរិក​របស់​ក្រុមហ៊ុន Gold Coast International Development Co.,LTD បានដាក់​សំណើសុំ​វិនិយោគ​លើ​ផ្ទៃដី​ទំហំ ៤២ហិកតា ជា​តំបន់​ជាប់មាត់​សមុទ្រ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ថ្កូវ ឃុំ​ឬ​ស្សី​ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត ។

ខេត្តកំពត​ជា​ខេត្ត​មួយ ដែលមាន​កំពុងមាន​ស​ក្តា​នុព​ល​ខ្ពស់ លើ​ការវិនិយោគ និង​ទាក់ទាញ​ភ្ញៀវទេសចរ មកពី​គ្រប់ទិសទី​ទាំង​ជាតិ និង​អន្តរជាតិ​ឱ្យ​មកលេង​កម្សាន្ត​នៅក្នុង​ខេត្ត​មួយ​នេះ ដោយសារតែ​ខេត្ត​មួយ​នេះ មាន​អំណោយផល​ផ្នែក​ធម្មជាតិ សមុទ្រ ព្រែក ភ្នំ និង​សក្តានុពល​ផ្សេងទៀត ហើយ​នៅ​មិន​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ ដោយ​ចំណាយពេល​ធ្វើដំណើរ​ប្រមាណ​តែ២ ទៅ៣ម៉ោង​ពី​ភ្នំពេញ។

ខេត្តកំពត បើទោះបី​កម្ពុជា​ជួប​វិបត្តិ​សេដ្ឋកិច្ច​សកល ដោយសារ​ការ​រាតត្បាត​ជំងឺ​កូ​វីដ១៩យ៉ាងណាក្តី កន្លងមកនេះ បាន​ទត​ទទួល​នៅ​គម្រោង​វិនិយោគ​ជាច្រើន តាមរយៈ​ការបោះ​ទុន​ពី​អ្នកវិនិយោគ​ក្នុងស្រុក លើ​រមណីយដ្ឋាន តំបន់​ទេសចរណ៍ វិស័យ​បដិសណ្ឋារកិច្ច និង អគារ​ពាណិជ្ជកម្ម​ជាច្រើន​ផ្សេងទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here