អាមេរិក បានអនុម័តច្បាប់ដើម្បីបង្ខំឱ្យក្រុមហ៊ុនធំៗរបស់ចិនគោរពតាមគោលការណ៍របស់ខ្លួន

0

ដោយ៖ សុខុម

អន្តរជាតិ៖ ក្រុមសមាជិកសភាអាមេរិក បានអនុម័តសេចក្ដីព្រាងច្បាប់មួយកាលពីថ្ងៃពុធ ទី០២ ខែធ្នូនេះ ដែលអាចរាំងខ្ទប់បណ្ដាក្រុមហ៊ុនចិន មិនឱ្យចុះបញ្ជីភាគហ៊ុនរបស់ខ្លួននៅលើទីផ្សារភាគហ៊ុនអាមេរិក ដរាបណាក្រុមហ៊ុនទាំងនោះមិនគោរពតាមស្ដង់ដារគណនេយ្យភាពរបស់សហរដ្ឋអាមេរិក ឱ្យបានម៉ឺងម៉ាត់បំផុតទេនោះ។ នេះបើយោងតាមគេហទំព័រ channelnewsasia.com ចុះផ្សាយកាលពីថ្ងៃទី៣ ធ្នូនេះ។

សេចក្ដីព្រាងច្បាប់នេះត្រូវបានអនុម័យជាឯកច្ឆន្ទ បន្ទាប់ពីព្រឹទ្ធសភាអនុម័តកាលពីដើមឆ្នាំនេះ រួចបញ្ជូនទៅសេតវិមាន ដែលរំពឹងថា ប្រធានាធិបតី ដូណាល់ ត្រាំ ទំនងជានឹងចុះហត្ថលេខាសម្រេចឱ្យវាក្លាយជាច្បាប់ជាធរមាន។

“ច្បាប់ជំរុញឱ្យក្រុមហ៊ុនបរទេសទទួលខុសត្រូវ” ឬ Holding Foreign Companies Accountable Act ខាងលើនេះហាមមិនឱ្យចុះបញ្ជីភាគហ៊ុននៃបណ្ដាក្រុមហ៊ុនបរទេសនៅលើទីផ្សារភាគហ៊ុនរបស់សហរដ្ឋអាមេរិកឡើយ ប្រសិនបើក្រុមហ៊ុនទាំងនោះមិនគោរពតាមការណែនាំរបស់ក្រុមសវនករនៃក្រុមប្រឹក្សាត្រួតពិនិត្យគណនេយ្យភាពសាធារណៈ (Public Accounting Oversight Board) របស់សហរដ្ឋអាម៉េរិក រយៈពេល៣ឆ្នាំជាប់គ្នាទេនោះ។

ជាការពិតណាស់ ទោះបីជាច្បាប់នេះអនុវត្តទៅលើក្រុមហ៊ុនមកពីគ្រប់ប្រទេសដោយស្មើភាពគ្នាយ៉ាងណាក្ដី ក៏គេមើលឃើញថា ច្បាប់នេះមានបំណងដាក់សម្ពាធលើក្រុមហ៊ុនចិន ដូចជាក្រុមហ៊ុន Alibaba ក្រុមហ៊ុនបច្ចេកវិទ្យា Pinduoduo និងក្រុមហ៊ុនប្រេងខ្នាតយក្ស PetroChina ជាដើម។

គេសង្កេតឃើញថា វិធានការតឹងរ៉ឹងនានា ដើម្បីដាក់សម្ពាធលើក្រុមហ៊ុនចិន និងការអនុវត្តពាណិញ្ជកម្មរបស់ចិន គឺតែងតែងឆ្លងផុតដំណាក់កាលអនុម័តនៅរដ្ឋសភាដោយសំឡេងភាគច្រើន ព្រោះទាំងបក្សប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋរបស់លោក ដូណាល់ ត្រាំ សុទ្ធតែប្រកាន់ជំហរប្រឆាំងនឹងរដ្ឋាភិបាលក្រុងប៉េកាំង។

សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេ្យ លោក គ្រីស វែន ហូឡិន (Chris Van Hollen) ដែលជាអ្នកតាក់តែងសេចក្ដីព្រាងច្បាប់នេះជាមួយសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ លោក ចន កេណ្ណឌី (John Kennedy) បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍ថា បណ្ដាវិនិយោគិនអាមេរិក “បានចាញ់បោកលុយ បន្ទាប់ពីបណ្ដាក្រុមហ៊ុនចិន ដែលមើលពីសម្បកក្រៅហាក់ស្របច្បាប់ មិនត្រូវបានចាប់បង្ខំឱ្យគោរពតាមស្តង់ដារតែមួយ ដែលគោរពដោយបណ្ដាក្រុមហ៊ុនចុះបញ្ជីសាធារណៈ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here