កំណើនគម្រោងអភិវឌ្ឍន៍ធំៗ និងលំហូរប្រជាសាស្ត្រខេត្តកោះកុង ជំរុញឱ្យបង្កើនការផលិតទឹកស្អាតឱ្យលើស៣លានម៉ែត្រគូបក្នុងមួយឆ្នាំ

0

ដោយ ៖ រ៉ាណេត

កោះកុង ៖ ជាមួយនឹងភាពអំណោយផល និងសក្ដានុពលដែលកំពុងទាក់ទាញគម្រោងវិនិយោគធំៗ ដែលមានតម្លៃទឹកប្រាក់ដ៏មហាសាលរាប់ពាន់លានដុល្លារលើគ្រប់វិស័យនៅពេលបច្ចុប្បន្ននេះ ខេត្តកោះកុងកំពុងពង្រឹងសមត្ថភាពបន្ថែមទៅលើការពង្រឹងលើផ្នែកហេដ្ឋារចនាសម្ព័ន្ធនានា ការផ្គត់ផ្គង់ទឹកស្អាតនៅទូទាំងខេត្តដោយផ្តើមពីការធ្វើពិពិធកម្មអាងស្តុកទឹកឱ្យលើស៣លានម៉ែត្រគូបក្នុងមួយឆ្នាំ ជាពិសេសតម្រូវការប្រើប្រាស់ក្នុងក្រុងខេមរភូមិន្ទ។

លោកខ្លឹម គរគី ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុងបានប្រាប់ឱ្យដឹងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ថា ក្រុងខេមរភូមិន្ទបច្ចុប្បន្នកំពុងមានភាពរីកចម្រើនខ្លាំងលើវិស័យអចលនទ្រព្យ។ ម៉្យាងវិញទៀតកំណើនប្រជាជនក៏កាន់តែមានការកើនឡើង ហើយការបង្កើតមុខរបរ ផ្សេងៗក៏មានកំណើនផងដែរ។ ជាពិសេសនោះតំបន់សេដ្ឋកិច្ចពិសេស ដែលបានអភិវឌ្ឍន៍ និងគ្រោងធ្វើការអភិវឌ្ឍន៍ថ្មីៗរបស់ក្រុមហ៊ុនធំៗជាច្រើនក៏មានការក៏គ្រោងចូលមកវិនិយោគបន្ថែមទៀតផងដែរ។

លោកបន្តថា ក្នុងរដូវប្រាំងខាងមុខនេះគ្រាន់តែមានការបារម្ភតិចតួចប៉ុណ្ណោះ ចំពោះការចែកចាយទឹកស្អាតដល់ប្រជាពលរដ្ឋ ប្រសិនបើក្នុងរដូវប្រាំងនេះមានការអូសបន្លាយយូរ និងពុំមានភ្លៀងកក់ខែនោះវានឹងអាចមានការខ្វះខាតទឹកប្រើប្រាស់មានចំនួនតិចតួចមិនដល់ថ្នាក់ដូចជាឆ្នាំកន្លងទៅនោះទេ។

អាងស្តុកទឹកបានសាងសង់រួចរាល់អាចផ្ទុកទឹកបានរហូតដល់ទៅជាង ៣លានម៉ែត្រគូប និងមានអាងប្រតិកម្មដែលមានសមត្ថភាពអាចផលិតទឹកស្អាតបានក្នុងចន្លោះ ១៨០០០ដល់ ២០០០០ម៉ែត្រគូបក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់ដល់អ្នកប្រើប្រាស់។ ដូច្នេះវានឹងអាចឆ្លើយតប នឹងតម្រូវការនាពេលបច្ចុប្បន្នបាន។

តំណាងក្រុមហ៊ុន LYP គ្រុប ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគផ្គត់ផ្គង់ទឹកស្អាតនៅខេត្តកោះកុង លោក ផាត់ ប៊ុនហួ បានប្រាប់ឱ្យដឹងថា នៅក្នុងអំឡុងឆ្នាំ២០២០ ក្រុមហ៊ុនត្រៀមបរិមាណទឹកស្អាតជាង ៣លានម៉ែត្រគូបដើម្បីបម្រើសេចក្តីត្រូវការ និងកំពុងតបណ្តាញចេញពីអាងស្តុកទឹកបន្តចែកចាយឲ្យបានគ្រប់ច្រកល្ហក នៅតាមមូលដ្ឋានរបស់ពលរដ្ឋក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ខេត្តកោះកុង ឱ្យកាន់តែមានវិសាលភាពទូលំទូលាយជាងបណ្តាឆ្នាំកន្លងទៅ។

តាមក្រុមបច្ចេកទេសតបណ្តាញទឹករបស់ក្រុមហ៊ុន LYP Group បានឱ្យដឹងថា ដោយសារបញ្ហាជំងឺកូវីដ១៩ បានធ្វើឱ្យការងារតបណ្តាញទឹករបស់ក្រុមហ៊ុនមានភាពយឺតយ៉ាវមួយចំនួន ប៉ុន្តែក្រុមហ៊ុនប្តេជ្ញាថា នឹងខិតខំពន្លឿនការងារតបណ្តាញនេះឱ្យរួចរាល់នៅក្នុងក្រុងខេមរភូមិន្ទនៅដំណាច់ឆ្នាំនេះ មុននឹងពង្រីកវិសាលភាពទៅស្រុកមណ្ឌលសីមាបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here