ចិនបានផ្តល់សម្បទានហិរញ្ញប្បទានជិត ៣០០០ លានដុល្លារក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ រហូតមកដល់ពេលនេះ ប្រទេសចិនបានជួយអភិវឌ្ឍន៍កម្ពុជាឱ្យមានការរីកចំរើន តាមរយៈការផ្តល់សម្បទានហិរញ្ញប្បទានប្រមាណជិត ៣០០០លានដុល្លារអាមេរិក ក្នុងការកសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តាមប្រព័ន្ធវីដេអូពីចម្ងាយ ក្នុងវេទិកាវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងសំណង់លើកទី១១ ដែលបានប្រារព្ធធ្វើនៅទីក្រុងម៉ាកាវនៃចិន រយៈពេលពីរថ្ងៃ២-៣ ខែធ្នូ ឆ្នាំ២០២០បញ្ជាក់ថា ក្រៅតែពីការផ្តល់ជំនួយសម្បទានហិរញ្ញប្បទាននេះ ក្រុមហ៊ុនចិនក៏បានចូលរួមស្ថាបនាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាផងដែរ ដែលមានប្រវែងជាង ៣០០០ គីឡូម៉ែត្រនៅទូទាំងប្រទេស និងស្ពានធំៗចំនួន ៨ ដែលមានប្រវែង ៨គីឡូម៉ែត្រសម្រាប់ប្រទេសកម្ពុជាផងដែរ។

លោកបន្តថា “បន្ថែមពីនេះ គម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនលើកដំបូងនៅកម្ពុជា ក៏កំពុងត្រូវបានសាងសង់ដោយក្រុមហ៊ុនចិន China Road and Bridge ដែលមានតម្លៃវិនិយោគប្រមាណ ២០០០លានដុល្លារអាមេរិក” ។

លោកបន្ថែមថា “ជាមួយគ្នានេះ ក្រុមហ៊ុននេះ បានសិក្សាសមិទ្ធិលទ្ធភាពក្នុងការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ក្រុងបាវិត នៃព្រំដែនកម្ពុជា-វៀតណាម ដោយតភ្ជាប់ទៅកាន់ទីក្រុងហូជីមិញ”។

បើតាមលោក ស៊ុន ចាន់ថុល ក្រៅពីការទទួលបានសម្បទានហិរញ្ញប្បទានពីប្រទេសចិន កម្ពុជាក៏ទទួលពីសប្បទានហិរញ្ញប្បទាន និង ជំនួយឥតសំណង ពីប្រទេសជប៉ុន កូរ៉េ ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ាន និង ដៃគូអភិវឌ្ឍន៍លើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើនខ្សែផងដែរ។

លោក ស៊ុន ចាន់ថុល បញ្ជាក់ថា មូលនិធិទាំងអស់នេះទាំងពីវិស័យឯកជន និងសាធារណៈត្រូវបានយកមកស្តារ និងលើកកម្ពស់គុណភាពនូវបណ្តាញហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេសកម្ពុជាដោយតភ្ជាប់ពីភ្នំពេញទៅកាន់បណ្តាខេត្តនានានៅទូទាំងប្រទេស ដើម្បីបង្កើនការដឹកជញ្ជូនៅក្នុងស្រុក និងធ្វើពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងការវិនិយោគ។

លោក ស៊ុន ចាន់ថុល ក៏បានលើកឡើងពីសគម្រោងផ្លូវដែកពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ និងពីភ្នំពេញទៅកាន់ព្រំដែនកម្ពុជា-ថៃក៏ត្រូវបានកែលម្អឱ្យកាន់តែប្រសើរសម្រាប់ធ្វើការដឹកជញ្ជូន។ ជាមួយគ្នានេះ កំពង់ផែកទឹកជ្រៅនៅក្រុងព្រះសីហនុដែលអាចធ្វើពាណិជ្ជកម្មបានប្រមាណ៧០ ភាគរយក៏ត្រូវបានពង្រីក និងធ្វើទំនើបកម្ម។ ក្រៅពីនេះ កំពង់ផែស្វាយ័តភ្នំពេញថ្មីនៅតាមដងទន្លេមេគង្គ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី និងព្រលានយន្តហោះអន្តរជាតិក៏កំពុងត្រូវបានសាងសង់យ៉ាងសកម្មនាពេលបច្ចុប្បន្ននេះ ។

លោករដ្ឋមន្ត្រីរូបនេះបញ្ជាក់ថា ការអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាបានជួយឱ្យសេដ្ឋកិច្ចមានការរីកចំរើនក្នុងរង្វង់៧ភាគរយអស់រយៈពេលជាង២ទសវត្សកន្លងមកនេះ ហើយនឹងអាចជួយឱ្យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

LEAVE A REPLY

Please enter your comment!
Please enter your name here