ប្រទេសចិននឹងផ្តល់អាំងប៉ាវតាមប្រព័ន្ធអនឡាញដល់ប្រជាជនដើម្បីជំរុញការ ប្រើប្រាស់រូបិយប័ណ្ណឌីជីថលរបស់ខ្លួន

0

ដោយៈម៉ាណេត

ភ្នំពេញៈ ទីក្រុងមួយរបស់ប្រទេសចិន នឹងចែកចាយអាំងប៉ាវ តាមប្រព័ន្ធអនឡាញដល់ប្រជាជនរបស់ខ្លួន ដែលជាផ្នែកមួយនៃការជំរុញឱ្យប្រទេសនេះ ប្រើប្រាស់រូបិយប័ណ្ណឌីជីថលដំបូងគេនៅលើទឹកដីខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន SCMP នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០។

យោងតាមសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានផ្សព្វផ្សាយកាលពីយប់ថ្ងៃសុក្រ កន្លងមកនេះបានឱ្យដឹងថា រដ្ឋាភិបាលក្រុងSuzhou បាននិយាយថា ខ្លួននឹងផ្តល់ប្រាក់ ២០លានយ័នដល់ប្រជាជនតាមរយៈឆ្នោត។

អាំងប៉ាវឌីជីថលសរុប១០០,០០០កញ្ចប់ ដែលនីមួយៗមានប្រាក់២០០យ័ន នឹងត្រូវចែកចាយដល់ប្រជាជន នៅថ្ងៃសុក្រខាងមុខនេះ ដែលជាថ្ងៃនៃពិធីបុណ្យទិញទំនិញទ្វេរដង។ អាំងប៉ាវទាំងអស់នេះ នឹងមានសុពលភាពរហូតដល់ថ្ងៃទី២៧ ខែធ្នូ។

ពលរដ្ឋចិនណា ដែលរស់នៅទីក្រុងភាគខាងកើតនេះ អាចចុះឈ្មោះដើម្បីទទួលបានប្រាក់តាមរយៈការលេងឆ្នោត តាមរយៈវិធីទូរស័ព្ទដៃ Suzhoudao របស់ទីក្រុងនេះ។

អ្នកឈ្នះនឹងទទួលបានអាំងប៉ានដីជីថល ដែលមាននិមិត្តរូបសំណាងល្អ តាមរយៈកម្មវិធីឌីជីថលRenminbi App ដែលមិនទាន់មានដើម្បីទាញយក ប៉ុន្តែអ្នកនឹងអាចដំណើរការកម្មវិធីនេះបាន ដើម្បីទទួលបានប្រាក់។

ប្រាក់យន់ឌីជីថល ដែលត្រូវបានស្គាល់ជាផ្លូវការជាការទូទាត់ តាមរូបិយប័ណ្ណអេឡិចត្រូនិកឌីជីថល (DCEP) គឺជាផ្នែកមួយនៃផែនការរបស់ប្រទេសចិន ក្នុងការឆ្ពោះទៅរកសង្គមមួយ ដែលមិនចាំបាច់មានសាច់ប្រាក់ក្នុងដៃ។

មិនដូច bitcoin និងរូបិយប័ណ្ណឌីជីថលផ្សេងៗទៀតទេ DCEP ត្រូវបានចេញ និងគាំទ្រដោយធនាគារកណ្តាលរបស់ប្រទេសចិន ហើយត្រូវបានប្រើប្រាស់ជាប្រាក់យ័នឌីជីថល។

ការផ្លាស់ប្តូររបស់ទីក្រុងSuzhouត្រូវបានធ្វើឡើង បន្ទាប់ពីទីក្រុង Shenzhen បានចាប់ផ្តើមការសាកល្បង ជាសាធារណៈទ្រង់ទ្រាយធំជាលើកដំបូង របស់ប្រទេសនេះសម្រាប់កំណែប្រែយន់ឌីជីថល កាលពីខែតុលា។

ហាងប្រហែល១០,០០០ នឹងចូលរួមនៅក្នុងការសាកល្បង របស់ទីក្រុង Suzhou ក្នុងការប្រើប្រាស់ប្រាក់ឌីជីថលនេះ ហើយវាក៏នឹងរួមបញ្ចូលផងដែរ នូវក្រុមហ៊ុន JD.com ដែលជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្ស របស់ប្រទេសចិនផងដែរ។

អ្នកឈ្នះឆ្នោតពីរបីរយនាក់ ក៏នឹងក្លាយជាអ្នកដំបូងគេ ដែលប្រើអ្វីដែលធនាគារកណ្តាលហៅថា “កាបូបក្រៅបណ្តាញពីរ” ដើម្បីទូទាត់ថ្លៃទំនិញនៅក្នុងហាងក្នុងស្រុក ដោ​យ​មិនចាំបាច់ភ្ជាប់អ៊ីនធឺណិត – ជំនួសការកត់ចំណាំ និងកាក់ដោយប្រើប្រាក់យ័នឌីជីថល។

ក្រុមប្រទេសG20 កំពុងសិក្សាស្វែងយល់អភិវឌ្ឍ ឬសាកល្បងរូបិយប័ណ្ណឌីជីថល ខណៈប្រទេសមិនមែនG20 ដូចជាប្រទេសស៊ុយអែត ន័រវែស ស្វ៊ីស និងកម្ពុជា ក៏កំពុងពិចារណាលើរូបិយប័ណ្ណឌីជីថល៕

LEAVE A REPLY

Please enter your comment!
Please enter your name here