ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិកសម្រេចបានទឹកប្រាក់រហូត ដល់៥,៨ពាន់លានដុល្លារ

0

ដោយៈម៉ាណេត

ភ្នំពេញៈ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិកមានទំហំទឹកប្រាក់ប្រមាណ៥,៨ពាន់លានដុល្លារ ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំនេះ កើនឡើង១៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

 

យោងតាមតួលេខពីការិយាល័យជំរឿនសហរដ្ឋអាមេរិក ដែលបានចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ បានបង្ហាញថា ចាប់ពីខែមករាដល់ខែតុលា ឆ្នាំ២០២០ ប្រទេសកម្ពុជាបាននាំចេញ ផលិតផលគិតជាទឹកប្រាក់ប្រមាណ៥,៥ពាន់លានដុល្លារទៅសហរដ្ឋអាមេរិក កើនឡើង២១ភាគរយ។

ទន្ទឹមនឹងនេះដែរ ការនាំចូលទំនិញរបស់កម្ពុជា ពីសហរដ្ឋអាមេរិកមានតម្លៃ២៦៩លានដុល្លារធ្លាក់ចុះ៣៩ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ផលិតផលនាំចេញសំខាន់ៗរបស់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិក រួមមាន ផលិត​ផលវាយនភណ្ឌ ស្បែកជើង ទំនិញធ្វើដំណើរ និងផលិតផលកសិកម្ម ខណៈដែលការនាំចូលរបស់កម្ពុជា ពីសហរដ្ឋអាមេរិករួមមានយានយន្ត ចំណីសត្វ និងគ្រឿងម៉ាស៊ីន។

យោងតាមស្ថានទូតអាមេរិកប្រចាំកម្ពុជាបានឱ្យដឹងថា ពាណិជ្ជកម្ម ពិសេសលទ្ធភាពចូលទៅក្នុងទីផ្សារសហរដ្ឋអាមេរិក បានផ្តល់ប្រយោជន៍ដល់ប្រទេសកម្ពុជាយ៉ាងច្រើន ក្នុងពេលរាប់ឆ្នាំមកនេះ។ សហរដ្ឋអាមេរិក គឺជាគោលដៅនាំចេញធំជាងគេរបស់ប្រ​ទេ​សកម្ពុជា […]។

ការនាំចេញនេះ ជួយឲ្យប្រជាជនកម្ពុជារាប់ម៉ឺននាក់មានការងារធ្វើ រាប់ពីការងារតាមរោងចក្រនៅក្រុងព្រះសីហនុ និងក្រុងបាវិត ដល់កសិករនៅខេត្តបាត់ដំបង និងកំពង់ចាម ដល់អ្នកជំនាញព័ត៌មានបច្ចេកវិទ្យា នៅភ្នំពេញ។ ការនាំចេញទាំងនេះមានចំណែកយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ចដ៏ច្រើនរបស់កម្ពុជា។

ការនាំចេញរបស់កម្ពុជាថែមទាំងផ្តល់ការចំណេញ ដល់អតិថិជនអាមេរិកផងដែរ ដោយផ្តល់ឲ្យនូវជម្រើស។ ពេលនេះមានទំនិញពីកម្ពុជា នៅក្នុងហាងក្នុងសហរដ្ឋអាមេរិកច្រើនជាងពេលណាទាំងអស់។

ទំនិញទាំងនេះមានមិនត្រឹមតែសម្លៀកបំពាក់ និងស្បែកជើងតែប៉ុណ្ណោះទេ តែថែមទាំងមានផលិតផលកសិកម្ម ដែលបានទទួលរង្វាន់ ដូចជា ម្រេចកំពត និងអង្ករកម្ពុជា។ លើសពីនេះទៀត លោកអ្នកអាចឃើញមានទំនិញសម្រាប់ការធ្វើដំណើរ ដែលធ្វើនៅកម្ពុជា មានលក់កាន់តែច្រើនឡើងនៅក្នុងសហរដ្ឋអាមេរិក។

បន្ទាប់ពីសហរដ្ឋអាមេរិក បានផ្តល់ការលើកលែងពន្ធគយ ដល់ទំនិញសម្រាប់ការធ្វើដំណើរ នៅឆ្នាំ២០១៦  នៅក្រោមកម្មវិធីនៃប្រព័ន្ធផ្តល់ការអនុគ្រោះទូទៅ (GSP) ទំនិ​ញសម្រាប់ការធ្វើដំណើរដែលនាំចេញពីកម្ពុជា មានតម្លៃកើនពី៥០លានដុល្លារដល់ជិត ១ ពាន់លានដុល្លារ។

ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ មានទំហំទឹកប្រាក់ប្រមាណ៥,៨ពាន់លានដុល្លារអាមេរិក កើនឡើង៣៧ភាគរយ កាលពីឆ្នាំ២០១៩ បើធៀបនឹងឆ្នាំ២០១៨៕

LEAVE A REPLY

Please enter your comment!
Please enter your name here