ស្ថានីយ៍បង្កើតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យចំនួន ៣ គ្រោងនឹងបង្កើតនៅដើមឆ្នាំក្រោយ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ស្ថានីយ៍ផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យចំនួន ៣ នឹងចាប់ផ្តើមបង្កើត រួមនឹងតភ្ជាប់បណ្តាញអគ្គិសនីនៅដើមឆ្នាំក្រោយ ខណៈដែល បច្ចុប្បន្នបានដំណើរសាងសង់បានប្រមាណជាង៩០ ភាគរយហើយ។

អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលក្រសួងរ៉ែ និងថាមពល លោក វិចទ័រ ហ្សូណា បានមានប្រសាសន៍ថា វិនិយោគិនចង់បញ្ចប់ការសាងសង់ដែលគ្រោងដំណើរការបង្កើតថាមពលអគ្គិសនីនេះនៅត្រឹមដើមឆ្នាំក្រោយ ព្រោះបច្ចុបន្ននេះ គម្រោងទាំងមូលបានបញ្ចប់ជាង ៩០ ភាគរយហើយ ដែលស្របទៅនឹងផែនការដែលបានគ្រោងទុក ហើយមានលទ្ធភាពផលិតគ្រប់គ្រាន់នៅក្នុងត្រីមាសទី ១ ឆ្នាំ២០២១ ។

លោកបានបញ្ជាក់ថា គម្រោងទាំង ៣ នោះគឺរួមមានទី១ រោងចក្រថាមពលពន្លឺព្រះអាទិត្យមានកម្លាំង ២០ មេហ្គាវ៉ាត់ វិនិយោគដោយក្រុមហ៊ុន Green Sustainable Ventures Co., Ltd មានទីតាំងស្ថិតនៅក្រុងបាវិតខេត្តស្វាយរៀង ទី២រោងចក្រថាមពលពន្លឺព្រះអាទិត្យ ៣០ មេហ្គាវ៉ាត់នៅស្រុកសេរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យ វិនិយោគដោយក្រុមហ៊ុន Ray Power Supply Co,. Ltd និងទី៣ រោងចក្រថាមពលពន្លឺព្រះអាទិត្យ ៦០ មេហ្គាវ៉ាត់នៅស្រុកថ្មគោលខេត្តបាត់ដំបង ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Risen Energy Co., Ltd. ។

លោក វិចទ័រ ហ្សូណា បានបញ្ជាក់ឱ្យដឹងថា រដ្ឋាភិបាលមានគោលនយោបាយក្នុងការធ្វើយ៉ាងណា ដើម្បីឲ្យប្រទេជាតិទាំងមូល មានអគ្គិសនីប្រើប្រាស់បានគ្រប់គ្រាន់នៅឆ្នាំខាងមុខ គឺឆ្នាំ២០២០ ឲ្យភូមិទាំងអស់ដែលមានចំនួន១៤,១៦៨ភូមិ។ ធ្វើមកទល់ថ្ងៃនេះ យើងគិតត្រឹមបំណច់ខែមិថុនា ការផ្គត់ផ្គង់ដល់ភូមិទាំងអស់បានចំនួន៧៩ភាគរយ គឺស្មើនឹង១១,៤០០ភូមិ។

លោកថា ដើម្បីអាចសម្រេចគោលដៅឲ្យមានសន្តិសុខថាមពល ចាំបាច់ត្រូវមានការអភិវឌ្ឍប្រភពថាមពលចម្រុះ ដែលកម្ពុជាយើងកំពុងមានបច្ចុប្បន្ន គឺថាមពលវារីអគ្គិសនី ថាមពលដែលបានមកពីធ្យូងថ្ម ថាមពលបានពីជីវម៉ាស់ និងថាមពលដែលនាំចូលពីប្រទេសជិតខាងដូចជា ប្រទេសថៃ វៀតណាម និងឡាវ។

ការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ គឺជាគោលនយោបាយមួយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះការផ្តោតជាសំខាន់ទៅ លើការអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យ ស្ថិតក្នុងអាទិភាពមួយ។ ក្រៅពីនេះលោកក៏បានបញ្ជាក់ថាបន្ថែមថា បណ្តាញផ្គត់ផ្គង់នៅកម្ពុជាដែលរួមមាន២៥ខេត្តក្រុង ក្នុងនោះ១៥ខេត្តក្រុង បានតភ្ជាប់ជាមួយនឹងបណ្តាញបញ្ជូនជាតិ ហើយគោលដៅរបស់កម្ពុជានៅឆ្នាំ២០២០ខាងមុខនេះ កម្ពុជានឹងរំពឹងថាសម្រេចឲ្យបាននូវផ្តល់អគ្គិសនីឲ្យបានទាំង២៥ខេត្តក្រុង ដោយថាមពលអគ្គិសនីក្នុងប្រភេទតុងស្យង់ខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here