រដ្ឋាភិបាលអនុម័តគម្រោងសាងសង់រោងចក្រអគ្គិសនីតម្លៃប្រមាណ១០០០លានដុល្លារ នៅខេត្តកោះកុង

0

ដោយៈ រ៉ាណេត

កោះកុងៈ គម្រោងសាងសង់រោងចក្រអគ្គិសនី ដើរដោយថាមពលធ្យូងថ្មថ្មីមួយទៀត មានអនុភាព៧០០មេហ្គាវាត់ ក្រោមទុនវនិនិយោគប្រមាណ១០០០លានដុកល្លារ ស្ថិតនៅស្រុកបូទុមសាគរ ខេត្តកោះកុង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចអនុម័ត និងគាំទ្រទាំងស្រុង ប៉ុន្តែតម្រូវឱ្យមានការសិក្សាលម្អិត និងដោះស្រាយទៅលើផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាពលរដ្ឋ សង្គម និងបរិស្ថាន។

តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះបានបញ្ជាក់ថា តបតាមសំណើសុំវិនិយោគលើគម្រោង សាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព៧០០មេហ្គាវ៉ាត់ របស់ក្រុមហ៊ុនBOTUM SAKOR ENERGY COMPANY LIMITED  គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិថ្មស និងភូមិចម្លងគោ ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង មានទុនវិនិយោគប្រមាណ ១០០០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៦០កន្លែង។

ស្ថិតនៅក្នុងឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង ក៏មានគម្រោងសាងសង់រោងចក្រអគ្គិសនី ដើរដោយថាមពលធ្យូងថ្ម កម្លាំង៧០០មេហ្គាវាត់ ក្រោមការវិនិយោគរបស់ក្រុមហ៊ុនROYAL Group  ដែលមានទុនជាង១០០០លានដុល្លារដូចគ្នា ខណៈដែលបច្ចុ​  ប្បន្នកំពុងដំណើរការដោះស្រាយផលប៉ះពាល់។

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា ប្រទេសកម្ពុជាបានធ្វើបច្ចុប្បន្នភាព ផែនការថាមពលរបស់ខ្លួន សម្រាប់ឆ្នាំ២០២០ ដល់ឆ្នាំ២០៣០ បន្ថែមពីលើគម្រោងវិនិយោគលើវិស័យថាមពល ពីវិស័យឯកជន រដ្ឋាភិបាលក៏បានគ្រោងប្រើឧស្ម័នធម្មជាតិ (Natural Gas) សម្រាប់ការផលិតថាមពលអគ្គិសនី ក្នុងចំណែកមួយដ៏ធំ ដែលមានអនុភាពសរុប៣៦០០ មេហ្គាវ៉ាត ដោយអាចនឹងផ្តើមអនុវត្តចាប់ពីឆ្នាំ២០២៧ រហូតដល់ឆ្នាំ២០៣០។

លោកបន្តថា “សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ត្រូវបានរំពឹងថា នឹងងើបឡើងវិញនៅឆ្នាំ២០២១ បន្ទាប់ពីថយចុះនៃការរីករាលដាលជាសកលនៃជម្ងឺកូវីដ១៩”។ លោកបន្តថា “ដូច្នេះ តម្រូវការថាមពលរបស់ប្រទេសកម្ពុជារំពឹងថា នឹងមានសន្ទុះឡើងវិញ ក្នុងនេះឧស្ម័នធម្មជាតិ នឹងដើរតួនាទីយ៉ាងសំខាន់ សម្រាប់ល្បាយប្រភពថាមពលនៅកម្ពុជា ពិសេ​សក្នុងវិស័យឧស្សាហកម្ម ដឹកជញ្ជូន ពាណិជ្ជកម្ម និងលំនៅដ្ឋាន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here