ដោយ៖ ប៊ី
អន្តរជាតិ៖ លោក Tony Fernandes នាយកប្រតិបត្តិក្រុមហ៊ុន AirAsia Group បាននិយាយនៅក្នុងបទសម្ភាសន៍នៅលើទូរទស្សន៍ Bloomberg កាលពីថ្មីៗនេះថា ក្រុមហ៊ុន AirAsia Group កំពុងផ្តោតលើការពង្រីកមូលដ្ឋានរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងកំពុងពិភាក្សាអំពីការចាប់ផ្តើមក្រុមហ៊ុនអាកាសចរណ៍ថ្មីចំនួនបីនៅក្នុងតំបន់។

លោក Fernandes រំពឹងថា ការធ្វើដំណើរតាមផ្លូវអាកាសនឹងវិលត្រឡប់ទៅរកសភាពដើមវិញក្នុងរយៈពេល ៦ ទៅ ១២ខែខាងមុខ។ លោកបានមានប្រសាសន៍ថា ប្រជាជនចង់ធ្វើដំណើរ និងតម្រូវការគឺនៅទីនោះស្រាប់ ដែលជារឿងសំខាន់បំផុត។
លោកបានបន្តថា ឧទាហរណ៍ទីផ្សារក្នុងស្រុករបស់ប្រទេសថៃបានវិលត្រឡប់ទៅរកសភាពដើមវិញមុនខែធ្នូ ឆ្នាំក្រោយ។ ថ្លៃសំបុត្រធ្វើដំណើរនឹងនៅដដែល។
លោក បានថ្លែងថា “ផែនការរបស់ក្រុមហ៊ុនអាកាសចរណ៍នេះ ដើម្បីបង្កើនថវិកាដល់ ២,៥ ពាន់លានរីងហ្គីដ គឺស្ថិតនៅក្នុងកាលវិភាគរបស់ខ្លួន។ យើងកំពុងមានសុទិដ្ឋិនិយមសម្រាប់ឆ្នាំ២០២១”។
ក្រុមហ៊ុន AirAsia កំពុងបំលែងយន្ដហោះជាច្រើនទៅក្នុងយន្ដហោះដឹកទំនិញ ដើម្បីបំពេញបន្ថែមអាជីវកម្មអ្នកដំណើរ។
លោក Fernandes បាននិយាយថា ក្រុមហ៊ុនកំពុងវាយតម្លៃក្រុមហ៊ុនបណ្តាក់ទុន AirAsia India របស់ខ្លួនជាមួយក្រុមហ៊ុន Tata ខណៈពេលមានការពង្រីកទំនាក់ទំនងរបស់ពួកគេនៅក្នុងអាជីវកម្មឌីជីថល។
លោក បានថ្លែងថា “នៅពេលត្រឹមត្រូវមួយមកដល់ យើងនឹងធ្វើសេចក្តីប្រកាស ប៉ុន្តែកម្លាំងរបស់យើងគឺនៅអាស៊ីអាគ្នេយ៍ ហើយនោះជាកន្លែងដែលការពង្រីករបស់យើងក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំខាងមុខទៀត”៕






