ដោយៈម៉ាណេត
ភ្នំពេញៈ ក្រុមហ៊ុនធានារ៉ាប់រងថៃ Muang Thai Life Assurance (MTL) នឹងបង្កើនសកម្មភាពវិនិយោគរបស់ខ្លួន ក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃ (CLMVT) ដើម្បីទទួលបានទីផ្សារធំជាងមុននៅប្រទេសទាំង៤នេះ។ នេះបើតាមប្រសាសន៍របស់លោក Sara Lamsam ក្រុមហ៊ុន MTL។

ក្រុមហ៊ុន MTL មានប្រតិបត្តិការនៅក្នុងប្រទេសចំនួន៤ តាមរយៈក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាចំនួន៤ ដែលរួមមានក្រុមហ៊ុនធានារ៉ាប់រង ST-Muang Thai នៅប្រទេសឡាវក្រុមហ៊ុន MB Ageas Life នៅប្រទេសវៀតណាម ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតសុវណ្ណភូមិ និងក្រុមហ៊ុនធានារ៉ាប់រងដារ៉ានៅកម្ពុជា និងការិយាល័យតំណាងមួយនៅប្រទេសមីយ៉ាន់ម៉ា។
ក្រុមហ៊ុនធានារ៉ាប់រងដារ៉ា ដែលជាក្រុមហ៊ុនមិនផ្តោតលើការធានារ៉ាប់រងជីវិត និងបណ្តាក់ទុនរួមគ្នា ជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតសុវណ្ណភូមិ គឺការវិនិយោគចុងក្រោយ បន្ទាប់ពីក្រុមហ៊ុន MTL ប្រកាសឈានចូលប្រទេសកម្ពុជាកាលពី៤ឆ្នាំមុន តាមរយៈការបណ្តាក់ទុនរួមគ្នាជាមួយធនាគារកាណាឌីយ៉ា។
លោកSara Lamsam បានមានប្រសាសន៍ថា “ទីផ្សារCLMVT មានសក្តានុពលខ្ពស់ណាស់ ដោយមានប្រជាជនសរុបជិត៣០០លាននាក់ និងមានចំនួនប្រជាសាស្ត្រចម្រុះ”។
លោកបានមានប្រសាសន៍ថា “ប្រទេសកម្ពុជា ជាកន្លែងវិនិយោគដ៏សំខាន់របស់ក្រុមហ៊ុន MTL ដោយសារតែកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស៧ភាគរយប្រចាំឆ្នាំ ក្នុងកំឡុងឆ្នាំ២០១៤-២០១៩ ដែលនាំឱ្យមានតម្រូវការកើនឡើង សម្រាប់ការការពារធានារ៉ាប់រង”។
លោកបានថ្លែងទៀតថា “គ្រឿងបន្លាស់រថយន្ត និងឧស្សាហកម្ម ដែលពាក់ព័ន្ធនៅក្នុងប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស ស្របនឹងសេដ្ឋកិច្ចសំណង់ និងទេសចរណ៍របស់ប្រទេសនេះ”។
ក្រុមហ៊ុនបុត្រសម្ព័ន្ធធានារ៉ាប់រងអាយុជីវិតថ្មីរបស់ក្រុមហ៊ុន MTL នឹងផ្តោតលើផលិតធានារ៉ាប់រងរថយន្ត ធានារ៉ាប់រងអចលនទ្រព្យ និងធានារ៉ាប់រងវិស្វកម្ម៕ Bangkok Post៕






