ដោយ វុត្ថា
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា ការដឹកជញ្ជូនគ្រប់ប្រភេទ ជាពិសេសទំនិញតាមនាវានៅតាមផ្លូវសមុទ្ររបស់កម្ពុជារហូតមកដល់បច្ចុប្បន្ននេះ មិនមានអ្វីរាំងស្ទះដោយសារបង្កឡើងដោយ ជំងឺកូវីដ-១៩ នោះទេ ។

លោក ម៉ក់ ស៊ីដេត អគ្គនាយកដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែននៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទ១០ ខែធ្នូថា ការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រប្រព្រឹត្តទៅតាមប្រក្រតី មិនមានបញ្ហានោះទេ បើទោះពិភពលោកកំពុងប្រឈមទៅនឹងវិបត្តិជំងឺកូវីដ-១៩ ប៉ុន្តែលោកថាមានខែខ្លះក៏មានចំនួនច្រើន ហើយខ្លះទៀត ក៏មានចំនួយថយចុះ ទៅតាមការបញ្ជាទិញ។
លោកបន្ថែមថា សម្រាប់ការដឹកជញ្ជូនទំនិញនៅតាមផ្លូវសមុទ្រនេះ ហាក់មានទំនិញឆ្លងកាត់ក្នុងចំនួនតិច បើធៀបជាមួយនឹងផ្លូវទឹកសាបមានច្រើន ។ លោកពន្យល់ថា បញ្ហានេះ គឺជារឿងធម្មតាទេ ប៉ុន្តែវាមិនប៉ះពាល់ធ្ងន់ធ្ងរលើកការដឹកជញ្ជូនទំនិញពីកម្ពុជាទៅកាន់ពិភពលោក និងពិភពលោកមកកាន់កម្ពុជាទេ ។
លោកបន្ថែមថា ការដឹកជញ្ជូនទំនិញមកពីក្រៅស្រុកចូលមកកម្ពុជាក៏មិនមានសញ្ញាណាមួយគួឱ្យព្រួយបារម្ភទេ ពីព្រោះ ពួកគេទំលាក់ទំនិញ ហើយដឹកត្រឡប់ទៅវិញ ដូច្នេះ វាមិនមានអ្វីជាបញ្ហាទេ ប៉ុន្តែយ៉ាងណាក៏ដោយ លោកមិនបានដឹងពីតួលេខពិតប្រកដនោះទេចំពោះការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រនេះ ព្រោះខែខ្លះក៏ឡើង ខែខ្លះក៏មានការធ្លាក់ចុះទៅតាមតម្រូវការបញ្ជាទិញ ពីក្នុងស្រុក និងក្រៅស្រុក ។
លោកថ្លែងថា “ និយាយជារួមគឺមិនមានបញ្ហាអ្វីទេចំពោះការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រនេះ វាមានឡើងចុះ ជារឿងធម្មតា ប៉ុន្តែបើឱ្យធ្លាក់ខ្លាំង គឺមិនមានទេ” ។
បើទោះបីមិនមិនបញ្ហានៅក្នុងការដឹកជញ្ជូន ក៏ដោយ លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា (CLA) តម្លៃសេវាដឹកទំនិញពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន អឺរ៉ុប និងអាមេរិក កំពុងកើឡើងខ្ពស់នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
លោកថា តម្លៃដឹកជញ្ជូនទំនិញតាមនាវាពីកំពង់ផែស្វយ័តក្រុងព្រះសីហនុទៅប្រទេសចិនបានកើនឡើងពី ៦០០ ដុល្លារដល់ ២ ០០០ដុល្លារក្នុង ១ កុងតឺន័រ ៤០ហ្វីតចាប់តាំងពីខែសីហាមក។
លោក ចន្ធី បានពន្យល់ថាតម្លៃហឡើងនេះដោយសារចំនួននាវាផ្ទុកកុងតឺន័រដឹកទំនិញមកកម្ពុជាមានការថយចុះដែលជាការជះឥទ្ធិពលអវិជ្ជមាននៃការរាតត្បាតជំងឺកូវីដ-១៩ ជាសកល ហើយអាចនឹងធ្លាក់ចុះមកនៅខែមករា ឬខែកុម្ភៈ ឆ្នាំ ២០២១ ៕






