ដោយ ៖ គង់ ម៉ាលីន
ភ្នំពេញ ៖ ផ្ទុយពីវិស័យមួយចំនួនដែលកំពុងទទួលរងនូវផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ ដែលកំពុងបន្តរីករាយដាលទាំងនៅលើសាកលលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជាផងដែរនោះ សម្រាប់តែផ្នែកវាយណភ័ណ្ឌនៅកម្ពុជា ហាក់មិនទទួលរងនូវសំពាធធ្ងន់ធ្ងរនោះឡើយ ជាពិសេសក្រោយព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាថ្មីៗនេះតែម្ដង នៅមិនទាន់មានរោងចក្រសហគ្រាសក្នុងផ្នែកវាយណភ័ណ្ឌណាមួយស្នើសុំផ្អាកដំណើរការនោះទេ។

លោក ប៊ុន សុគន្ធ តំណាងរោងចក្រកាត់ដេរសម្លៀកបំពាក់ និងមួកគ្រប់ប្រភេទសៅលែន (ខេមបូឌា) ដែលស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះថា គិតចាប់ពីជំងឺឆ្លងកូវីដ១៩បង្ហាញវត្តមាននៅកម្ពុជា ក្នុងអំឡុងពេលនេះខាងរោងចក្រលោកនៅតែបន្តចូលរួមទប់ស្កាត់ និងបង្ការការពារ ដូចអ្វីដែលរដ្ឋាភិបាលបានណែនាំនិងដាក់ចេញនាពេលកន្លងមក។
លោកឱ្យដឹងទៀតថា សព្វថ្ងៃមុន នឹងអនុញ្ញាតឱ្យកម្មករនិយោជិតចូលបំពេញការងារ តម្រូវឱ្យពួកគាត់ពាក់ម៉ាស វាស់កំដៅ និងលាងដៃជាមួយទឹកអាលកុលសិន ដោយសកម្មភាពនេះ គឺធ្វើឡើងជាប់ជាប្រចាំនិងជារៀងរាល់ថ្ងៃ។ ជាមួយគ្នានេះ លោកបានអំពាវនាវទៅដល់កម្មករនិយោជិតគ្រប់រោងចក្រ សហគ្រាស សូមឱ្យចូលរួមទប់ស្កាត់ និងការពារទាំងអស់គ្នា ចៀងវាងការកើតមាន ឬឆ្លងកូវីដ១៩ ដែលជំងឺដ៏កាចសាហាវនេះ៕
ប្រធាននាយកដ្ឋានអធិការកិច្ចការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ុក ចាន់ធូ បានមានប្រសាសន៍ឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះថា ក្រោយវិវត្តន៍នៃព្រឹត្តិការណ៍២៨វិច្ឆិកា ជុំវិញករណីឆ្លងជំងឺកូវីដ១៩ គិតមកទល់ថ្ងៃនេះមិនមានរោងចក្រ សហគ្រាសក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងណាមួយទេស្នើរសុំបិទ ឬផ្អាកដំណើរការផលិតកម្មទេ ពោលគឺបន្តការងារជាធម្មតា និងប្រុងប្រយ័ត្នខ្ពស់។
លោកបានបញ្ជាក់ថា “មុន និងក្រោយព្រឹត្តការណ៍២៨វិច្ឆិកា ពុំមានអី្វប្រែប្រួលទេសម្រាប់វិស័យកាត់ដេរទាំងអស់ គឺនៅតែដំណើរការជាធម្មតា ពិសេសទៀតនោះនៅតាមរោងចក្រ សហគ្រាសគាត់មានការយកចិត្តទុកដាក់ ប្រសិនជាគាត់ដឹងថាមានកម្មករនិយោជិតណាម្នាក់ដែលមានជាប់ពាក់ព័ន្ធ ឬប្រយោលជាមួយព្រឹត្តិការណ៍នោះ គាត់នឹងឱ្យធ្វើចត្តាឡីស័កដែរ”។
លោកបន្តថា “និយាយយ៉ាងខ្លីក្នុងវិស័យរោងចក្រ សហគ្រាសកាត់ដេរ គឺអត់មានអ្វីប៉ះពាល់ទេ សម្រាប់យើងមើលតាមរូបភាពបងប្អូនកម្មករខាងក្រៅ ប៉ុន្តែបើចូលទៅខាងក្នុងរោងចក្រ មុននឹងចូលរោងចក្រ ខាងរោងចក្រមានការយកចិត្តទុកដាក់ និងមានគ្រប់ឧបករណ៍ទាំងអស់…ខ្ញុំសង្ស័យថាស្ថាប័នមួយចំនួនអត់ដល់វិស័យឯកជនទេ ខ្ញុំឃើញជាក់ស្តែងគឺមានការប្រុងប្រយ័ត្ននិងមានសម្ភារះគ្រប់បែបយ៉ាង ដើម្បីធ្វើការត្រួតពិនិត្យ អញ្ចឹងពុំទាន់មានឃើញរូបភាពណាមួយដែលនៅក្នុងរោងចក្រ សហគ្រាស”។
ដោយមានការណែនាំពីថ្នាក់ដឹកនាំក្រសួងពីថ្នាក់ឯកឧត្តមរដ្ឋមន្ត្រី ក្រុមអធិការកិច្ច ក៏ដូចជាក្រុមមន្ទីរបានធ្វើការត្រួតពិនិត្យជាប្រចាំទៅតាមរោងចក្រ សហគ្រាស ដែលស្ថិតនៅក្រោមដែនអនុវត្តរបស់សមត្ថកិច្ចនីមួយៗ ថ្នាក់ក្រសួងក៏ដូចជាថ្នាក់រាជធានីខេត្ត គឺឃើញការរាយការណ៍រាល់ថ្ងៃពុំមានអ្វីជាគួរឱ្យកត់សម្គាល់ គឺរឹតតែមានការយកចិត្តទុកដាក់រៀបចំក្នុងការផ្តល់ជូន ឬក៏មានឧបករណ៍ត្រួតពិនិត្យកំដៅ ទឹកអាល់កុល ជាពិសេសនៅក្រសួងការងារ ដែលឃើញមានបងប្អូនកម្មករចូលមកច្រើនដូចជាមកពិនិត្យសុខភាព ពិនិត្យកាយសម្បទាមកធ្វើសៀវភៅការងារគឺក្រសួងបានយកចិត្តទុកដាក់និងគិតគូរយ៉ាងម៉ត់ចត់ទៅដល់គាត់គ្រប់ៗគ្នា៕






