ដោយៈសុខុម
ក្រុងឡូសេន, ស្វ៊ីសៈ នេះជាលើកទី២ហើយ ក្នុងប្រវត្តិសាស្ត្រដែលវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) មិនអាចរៀបចំនៅក្នុងក្រុងដាវ៉ូស (Davos) ប្រទេសស្វ៊ីស។

លើកទី១ វេទិកាសេដ្ឋកិច្ចប្រចាំឆ្នាំនេះ បានប្ដូរមករៀបចំនៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០០២ ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីកើតមានព្រឹត្តិការណ៍វាយប្រហារភេរវកម្មថ្ងៃ១១ កញ្ញា ឆ្នាំ២០០១ និងការគំរាមកំហែងពីក្រុមចលនាប្រឆាំងសកលភាវូបនីយកម្ម។
នេះលើកទី២ ដែលមានការផ្លាស់ប្តូរទីតាំាំងរៀបចំវេទិកានេះម្តងទៀត ដោយសារកាលៈទេសៈបង្ខំ ព្រោះតែការឆ្លងរាតត្បាតវីរុសផ្លូវដង្ហើម ដ៏កាចសាហាវកូវីដ-១៩ នៅក្នុងប្រទេសស្វ៊ីស ក្រុមអ្នករៀបចំបានសម្រេចចិត្តថា ប្រសិនបើវេទិកាសេដ្ឋកិច្ចប្រចាំឆ្នាំ២០២១ នេះនៅតែត្រូវធ្វើឡើងដោយទល់មុខគ្នា គួរតែរកកន្លែងណាដែលមានសុវត្ថិភាពជាងនេះ ហើយកន្លែងដែលស័ក្ដិសមបំផុតគឺប្រទេសសិង្ហបុរី។
រដ្ឋាភិបាលស្វ៊ីស បានប្រកាសរឹតបន្តឹងទូទាំងប្រទេស ចាប់ពីថ្ងៃទី១២ ធ្នូ ដល់ថ្ងៃទី២០ ខែមករា ដើមឆ្នាំ២០២១ ស្របពេលការឆ្លងវីរុសកូវីដ-១៩ បានកើនឡើង៤២៦២ ករណី គិតត្រឹមថ្ងៃអង្គារ ទី៨ធ្នូ ដែលធ្វើឱ្យចំនួនសរុបនៃអ្នកឆ្លងក្នុងប្រទេសនេះ ចាប់តាំងពីផ្ទុះការឆ្លងរាតត្បាតដំបូងឡើងដល់ជាង៣៥០.០០០ ករណី។
តើវេទិកានេះ គួរធ្វើនៅក្រុងដាវ៉ូស ដែលមានអាកាសធាតុត្រជាក់ខ្លាំង ឬក៏នៅសិង្ហបុរី ដែលមានអាកាសធាតុក្ដៅ ហើយសើម?។
សម្រាប់អ្នកដែលបានចូលរួមវេទិកានេះយល់ថា ពួកគេមានការពិបាកខ្លាំង ក្នុងការសម្របខ្លួនទៅនឹងអាកាសធាតុ ដែលខុសគ្នាស្រឡះរវាងនៅប្រទេសស្វ៊ីស ដែលមានអាកាសធាតុត្រជាក់ខ្លាំង និងនៅប្រទេសសិង្ហបុរី ដែលមានអាកាសធាតុក្ដៅ ហើយសើម ជាពិសេសក្នុងខែឧសភា។
ទោះបីជាបែបនោះក្ដី ក្រៅពីការធានាបានសុវត្ថិភាព ផ្នែកសុខភាពសាធារណៈអំឡុងពេលឆ្លងរាតត្បាតវីរុសកូវីដ-១៩ ប្រទេសសិង្ហបុរី មានចំណុចពិសេសមួយចំនួនទៀត ដែលធ្វើឱ្យខ្លួនក្លាយជាកន្លែងដ៏ទាក់ទាញ ហើយអាចក្លាយជាទីតាំងអចិន្ត្រៃយ៍សម្រាប់ការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកក៏អាចថាបាន។
សម្រាប់អ្នកដែលធ្លាប់ចូលរួម ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅក្រុងដាវ៉ូស យល់ថា ទោះបីជាក្រុងតូចដាវ៉ូស មានរមណីយដ្ឋានជិះស្គី ស្ថិតនៅជួរភ្នំAlps ស្រស់ត្រកាលយ៉ាងណាក្ដី ក៏វាផ្ដល់ការលំបាកដល់គណៈប្រតិភូ ដោយសារវាស្ថិតនៅឆ្ងាយពីអាកាសយានដ្ឋានធំៗ ហើយដើម្បីជៀសផុតពីបញ្ហានេះ ទាល់តែធ្វើដំណើរតាមឧទ្ធម្ភាគចក្រ។
នៅទីនេះ(ទីក្រុងដាវ៉ូស) ក៏មានលក្ខណៈតូចចង្អៀត ពិបាកនឹងទទួលចំនួនគណៈប្រតិភូមានគ្នាច្រើន ហើយសណ្ឋាគារនៅទីនេះក៏អន់ខ្លាំង បើធៀបទៅនឹសណ្ឋាគារប្រណីតៗក្នុងពិភពលោក និងពិបាកចេញចូលទៅកាន់កន្លែងរៀបចំវេទិកា។ លើសពីនេះ គណៈប្រតិភូមត្រូវដើរតាមផ្លូវក្រោម អាកាសធាតុដ៏សែនត្រជាក់ ដែលពិបាកនឹងសន្ទនាគ្នា។
ផ្ទុយមកវិញ អាកាសយដ្ឋាននៅប្រទេសសិង្ហបុរី គឺជាមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌលសំខាន់ៗបំផុតក្នុងពិភពលោក ហើយចំណាយពេលធ្វើដំណើរតែកន្លះម៉ោងប៉ុណ្ណោះពីកោះសេនតូសា (Sentosa Island) ដែលនឹងក្លាយជាកន្លែងដ៏លេចធ្លោសម្រាប់រៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក នៅពេលក្រុមអ្នករៀបចំឈានដល់ការសម្រេចចុងក្រោយថាជ្រើសយកប្រទេសសិង្ហបុរី។
វាក៏ជាកន្លែងតែមួយ ដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងប្រធានាធិបតីកូរ៉េខាងជើង លោកគីម ជុងអ៊ុន យល់ថាមានសន្តិសុខ និងការការពារសុវត្ថិភាពខ្ពស់ដែលមេដឹកនាំទាំងពីរ ត្រូវការសម្រាប់ជំនួបកំពូលលើកដំបូង របស់ពួកលោកក្នុងឆ្នាំ២០១៨ ផងដែរ។
ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ក្រុមហ៊ុនធំៗភាគច្រើន ដែលបច្ចុប្បន្នកំពុងមានសកម្មភាពនៅក្រុងដាវ៉ូស ក៏មានដំណើរការពាណិជ្ជកម្ម ឬការិយាល័យរបស់ខ្លួននៅប្រទេសសិង្ហបុរី ដែរ។ ប្រព័ន្ធគ្រប់គ្រងរបស់ប្រទេសនេះ ក៏មានតំណាងនៃការសហការជាដៃគូ រវាងវិស័យរដ្ឋ និងឯកជនដែលវេទិកាសេដ្ឋកិច្ចពិភពលោកចង់បានខ្លាំងផងដែរ៕






