ដោយៈ វុត្ថា
ភ្នំពេញៈ ជាមោទនភាពរបស់កម្ពុជា ដែលត្រូវបានជ្រើសរើសជាប្រទេសទទួលការអនុវត្តជាគំរូលើកម្មវិធីភាពជាដៃគូប្រចាំប្រទេស (PCP) ដំបូងគេនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិកពីសំណាក់អង្គការអភិវឌ្ឍន៍ឧស្សាហកម្ម របស់អង្គការសហប្រជាជាតិ(UNIDO)។

លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍នៅក្នុងកិច្ចចុះហត្ថលេខា លើឯកសារកម្មវិធីដើម្បីភាពជាដៃគូប្រទេស (Programme for County Partnership 2020-2023)នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញបានមានប្រសាសន៍ថា ការដាក់ឱ្យដំណើរការជាផ្លូវការនៃ PCP នេះ គឺមានភាពទាន់ពេលវេលា និងចាំបាច់នៅពេលដែលយើងត្រូវរួមកម្លាំង និងកៀរគរប្រភពធនធាន ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 និងដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចរបស់យើងក្នុង“ ភាពប្រក្រតីថ្មីឡើងវិញ”។
លោកបានបន្តថា “សម្រាប់កម្ពុជានៅក្នុងកម្មវិធីភាពជាដៃគូប្រចាំប្រទេស (PCP) ដំបូងគេនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិកពីសំណាក់អង្គការអភិវឌ្ឍន៍ ឧស្សាហកម្មបានអនុវត្តន៍ផ្តោតលើវិស័យគន្លឺះចំនួន០៣ គឺ៖ការអភិវឌ្ឍន៍វិស័យទេសចរណ៍ ប្រកបដោយចិរភាព-ការអភិវឌ្ឍន៍ ឲ្យមានការប្រកួតប្រជែងផ្នែកកសិ-ឧស្សាហកម្ម និងការបង្កើតឲ្យមានច្រវ៉ាក់តម្លៃឧស្សាហកម្ម(Industry Value Chains)-និងការធ្វើពិពិធកម្មឧស្សាហកម្ម (Indusrial Diversification) តាមរយៈការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស(SEZ)” ។

ជាមួយគ្នានេះ លោកបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ក៏បានថ្លែងអំណរគុណដល់ម្ចាស់ជំនួយរួមមានមកពីសហគមន៌អឺរ៉ុប រដ្ឋាភិបាលកូរ៉េ-ចិន-ទីភ្នាក់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៌នៃប្រទេសស្វីស (SDC) និងអង្គការបរិស្ថានសកល (GEF) ដែលបានផ្តល់ជំនួយអភិវឌ្ឍន៍ និងបច្ចេកទេស លើវិស័យអាទិភាពជាច្រើន ក្រោមក្របខណ្ឌ PCP នេះ ។
លោក លី យ៉ុង អគ្គនាយកអង្គការ UNIDO បានបង្ហាញពីការមើលឃើញនៃផលរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា និងបានបង្ហាញការប្តេជ្ញាចិត្ត ក្នុងកិច្ចសហការពង្រឹងក្នុងភាពជាដៃគូ សម្រាប់ការចូលរួមអនុវត្តន៍ឲ្យបានជោគជ័យ នៃកម្មវិធីPCP ដ៏មានសារៈសំខាន់នេះ។
លោកបន្តថា “ប្រទេសកម្ពុជា PCP នឹងក្លាយកំលាំងចលករបន្ថែម ដ៏សំខាន់មួយសម្រាប់ផែនទីបង្ហាញផ្លូវរបស់យើង ឆ្ពោះទៅរកការសម្រេចបាននូវ គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥-២០២៥”។
លើសពីនេះទៀត នឹងត្រូវបានបំពេញបន្ថែមដោយអន្តរាគមន៍ ជាអន្តរវិស័យនៅក្នុងវិស័យគោលនយោបាយ និងស្ថិតិឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធគុណភាព ការវិនិយោគនិងការលើកកម្ពស់ពាណិជ្ជកម្ម ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច និងលទ្ធភាពទទួលបានហិរញ្ញវត្ថុ។ ការអភិវឌ្ឍជំនាញ ការពង្រឹងអំណាចសេដ្ឋកិច្ចរបស់ស្ត្រី និងការងារសមរម្យសម្រាប់យុវជន។ ប្រសិទ្ធិភាពភាពធនធាន និងបច្ចេកវិទ្យាថាមពលប្រកបដោយនិរន្តរភាព-ការផ្ទេបច្ចេកវិទ្យា និងការច្នៃប្រឌិត-ការគ្រប់គ្រងបរិស្ថាននិងការប្រែប្រួលអាកាសធាតុ៕






