វិភាគ៖ តើ​ប្រទេស​ចិន​មាន​ឥទ្ធិពល​ខ្លាំង​នៅក្នុង​តំបន់​អាស៊ី បន្ទាប់ពី​ចុះ​កិច្ចព្រមព្រៀង​បង្កើត​ប្លុក​ពាណិជ្ជកម្ម​ធំ​បំផុត​ក្នុង​លោក?

0

ដោយ វុត្ថា

អាស៊ីៈ ប្រទេស​ចិន បាន​ក្លាយជា​ប្រទេស​ទទួលផល​ធំ​បំផុត និង​មាន​ឥទ្ធិពល​នៅក្នុង​តំបន់​អាស៊ី បន្ទាប់ពី​ចុះ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច ទូលំទូលាយ​ក្នុង​តំបន់ (RCEP) ដែលជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ក្នុង​តំបន់ និង​ធំជាងគេ​បំផុត​របស់​ពិភពលោក។

កិច្ចព្រមព្រៀង RCEP ត្រូវបាន​ចុះហត្ថលេខា​ដោយ​ប្រទេស​ចំនួន១៥ នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​កាលពី​ថ្ងៃទី១៥ ខែវិច្ឆិកា​ឆ្នាំ ២០២០កន្លងមកនេះ បន្ទាប់ពី​ការចរចា​ដែល​បានចាប់ផ្តើម​ក្នុងអំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឆ្នាំ ២០១២ នៅ​កម្ពុជា។

ស្រប​ពេលដែល​ប្រទេស​ចិន មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី មួយចំនួន​រួចហើយ នេះ​គឺជា​លើកទីមួយ ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​ពហុភាគី​ក្នុង​តំបន់។ RCEP រួមបញ្ចូល​រដ្ឋ​ជា​សមាជិក​ចំនួន១០ មកពី​អាស៊ាន និង​មកពី​ប្រទេស​រីកចម្រើន​ជាច្រើន​ទៀត ដូចជា​អូស្ត្រាលី ចិន ជប៉ុន នូ​វែ​ល​សេ​ឡង់ និង​កូរ៉េខាងត្បូង។

យ៉ាងណា​គួរ​ឲ្យ​សោកស្តាយ​ផងដែរ ដែល​ប្រទេស​ឥណ្ឌា​បាន​ដកខ្លួន​ចេញពី​ការចរចា​នៅក្នុង​ខែវិច្ឆិកា​ឆ្នាំ២០១៩ បន្ទាប់ពី​កិច្ចពិភាក្សា​អស់​រយៈពេល៦ឆ្នាំ ដោយ​លើកឡើង​ពី​ក្តីបារម្ភ​ជុំវិញ​ការបើក​វិស័យ​កសិកម្ម និង​ផលិតកម្ម​របស់ខ្លួន។

លោក Shuqiang Bai សាស្ត្រាចារ្យ នៃ​សាកលវិទ្យាល័យ​ពាណិជ្ជកម្ម​អន្តរជាតិ​និង​សេដ្ឋកិច្ច (UIBE) នៅ​ទីក្រុង​ប៉េកាំង​ឱ្យដឹងថា កិច្ចព្រមព្រៀង RCEP ត្រូវបាន​គេ​មើលឃើញថា ជា​ជម្រើស​របស់​ចិន ចំពោះ​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (TPP) ដែល​នឹងមាន ជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ធំជាងគេ​បំផុត​របស់​ពិភពលោក បានធ្វើ​ឡើងជា​មួយ​អាមេរិក។

លោក Bai ថ្លែងថា “ប្រទេស​ចិន​បានធ្វើ​សមាហរណកម្ម​របស់ខ្លួន ឱ្យ​កាន់តែ​ស៊ីជម្រៅ​ជាមួយ​រដ្ឋ​ផ្សេងទៀត និង​មួយផ្នែក​ជា​លទ្ធផល​នៃ​គោលនយោបាយ របស់​សហរដ្ឋអាមេរិក” ។លោក​បន្តថា “សហរដ្ឋអាមេរិក​ចាំបាច់​ត្រូវ​គិត​ឡើងវិញ ពី​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច និង​សន្តិសុខ​របស់ខ្លួន​នៅក្នុង​តំបន់​អាស៊ី ដើម្បី​ជំរុញ​ផលប្រយោជន៍​សេដ្ឋកិច្ច​របស់ខ្លួន​រួមទាំង​គោលដៅ​សន្តិសុខ​ផងដែរ” ។

យោងតាម​បទ​វិចារណកថា​មួយ ដែល​បាន​ផ្សព្វផ្សាយ​លើ​បណ្តាញ​ទូរទស្សន៍​រដ្ឋ​ចិន (CGTV) បានអោយដឹងថា “ប្រទេស​ចិន​មាន​ប្រសិទ្ធិភាព ក្នុងការ​ឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​របស់​អាមេរិក មិនមែន​តាមរយៈ​ការប្រឈមមុខ​ដាក់គ្នា​ទេ ដោយសារ​ប្រព័ន្ធ​ផ្សព្វផ្សាយ ធ្វើឱ្យមាន​ការចាប់អារម្មណ៍​នោះទេ ប៉ុន្តែ​តាមរយៈ​ការធ្វើសមាហរណកម្មរ​បស់​ខ្លួន​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ជាមួយ​អ្នកដទៃ និង​អនាគត​នៃ​ពាណិជ្ជកម្ម” ។

លោក Peter A. Petri សាស្ត្រាចារ្យ​ហិរញ្ញវត្ថុ​អន្តរជាតិ នៅ​សាលា​ពាណិជ្ជកម្ម​អន្តរជាតិ Brandeis ដែលមាន​មូលដ្ឋាន​នៅ​បូ​ស្តុ​ន​ឱ្យដឹងថា កិច្ចព្រមព្រៀង RCEP នឹង​ជួយ​ប្រទេស​ចិន ពង្រឹង​ទំនាក់ទំនង​របស់ខ្លួន​ជាមួយ​ប្រទេសជិតខាង ប្រក​ដោយ​ភាព​អត់ធ្មត់​អស់​រយៈពេល៨ឆ្នាំ​មកហើយ។

ការរិះគន់​ជាទូទៅ​អំពី​កិច្ចព្រមព្រៀង RCEP គឺ​ឥទ្ធិពល​របស់​ចិន​ដែល​មាននៅ​ក្នុងនោះ ពិសេស​ការភ័យខ្លាច​កា​ន់​តែ​ខ្លាំង​នៅពេល​ឥណ្ឌា​ដកខ្លួន​ចេញ។ កិច្ចព្រមព្រៀង​នេះ​ផ្តល់ឱ្យ​ប្រទេស​ចិន នូវ​សំលេង​សំខាន់​មួយ នៅក្នុង​ការកំណត់​ស្តង់ដារ សម្រាប់​ពាណិជ្ជកម្ម ក្នុង​តំបន់​បង្កើន​អំណាច​ទន់​របស់​ទីក្រុង​ប៉េកាំង។

កិច្ចព្រមព្រៀង RCEP រួមបញ្ចូល​ទាំង​សម្ព័ន្ធមិត្ត​អាមេរិក​ជាច្រើន រួមមាន ជប៉ុន កូរ៉េខាងត្បូង និង​អូស្ត្រាលី ដែល​បាន​ចរចា​ជាមួយ​ចិន​ដោយ​គ្មាន​ជម្រើស ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក TPP ដោយ​បញ្ជាក់ថា ប្រទេស​សេដ្ឋកិច្ច​ធំជាងគេ​ទី២របស់​ពិភពលោក នឹង​នៅតែ​ជា​ដៃគូ​សេដ្ឋកិច្ច​ដែល​មិនអាច​ខ្វះ​បាន និង​ផ្តល់នូវ​ភាពច្បាស់លាស់ ស្រប​ពេលដែល​ការថយចុះ​ឥទ្ធិពល​របស់​អាមេរិក​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here