ដោយ វុត្ថា
ប៉េកាំងៈ ក្រុមហ៊ុនចិន និងប្រួសអាហ្សង់ទីន បន្តធ្វើកិច្ចសហប្រតិបត្តិការសាងសង់ផ្លូវដែក បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីចំនួន៤ ដើម្បីពង្រឹងការតភ្ជាប់ និងសមត្ថភាពនាំចេញ និងបង្កើតការងាររបស់ប្រទេសអហ្សង់ទីន។

លោក Mario Meoni រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន នៃប្រទេសអាហ្សង់ទីនបានប្រាប់អ្នកសារព័ត៌មាន កាលពីសុក្រចុងសប្តាហ៍កន្លមងកនេះថា កិច្ចសន្យាដែលមានតម្លៃប្រហែល៤,៧ពាន់លានដុល្លារក្នុងការវិនិយោគ និងជាការចាប់ផ្តើមការអភិវឌ្ឍផ្លូវដែក នៅក្នុងប្រទេសអាហ្សង់ទីន។
លោកបន្តថា “ក្រុមហ៊ុនដែលចូលរួមក្នុងការធ្វើឱ្យប្រសើរឡើង នូវបណ្តាញផ្លូវដែករបស់ប្រទេសអាហ្សង់ទីន រួមមាន សាជីវកម្មសំណង់ផ្លូវដែកចិន (CRCC) ក្រុមហ៊ុនវិស្វកម្មចិន និងសាជីវកម្ម CRRC” ។
លោកបន្ថែមថា កិច្ចព្រមព្រៀងនេះ នឹងធ្វើការស្តារឡើងវិញ នូវផ្លូវដែករបស់ភាគខាងជើងប្រទេសអាហ្សង់ទីន ជាមួយនឹងការវិនិយោគជាង៨១៦លានដុល្លារ និងភាគខាងត្បូងវិនិយោគជាង២,៦ពាន់លានដុល្លារ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលនឹងត្រូវការការវិនិយោគ៧៨៤លានដុល្លារ។
លោកបន្ថែមទៀតថា កិច្ចព្រមព្រៀងទី៤ នឹងធ្វើឱ្យប្រសើរឡើងនូវបណ្តាញរថភ្លើងដឹកអ្នកដំណើរ ដែលបម្រើការធ្វើដំណើរនៅក្នុងតំបន់ Buenos Aires Metropolitan និងប្រព័ន្ធដឹកជញ្ជូនខេត្តចំនួន១៣ នៃប្រទេសអាហ្សង់ទីន ដោយចំណាយទឹកប្រាក់សរុប ៥០០លានដុល្លារ។
លោក Meoni បានបន្ថែមទៀតថា“ គម្រោងទាំងនេះ ពិតជាជះឥទ្ធិពលយ៉ាងខ្លាំងទៅលើការបង្កើតឱ្យមានការងារផ្ទាល់ ច្រើនជាង ៣៥០០កន្លែង” ។ លោក Meoni បានកត់សម្គាល់ថា “កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន បង្ហាញនូវឱកាសមួយដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ខណៈពេលដែលប្រទេសនេះ ជំរុញការប្រកួតប្រជែងនៃការនាំចេញកសិកម្ម” ៕






