កំណើនសេដ្ឋកិច្ចរបស់តៃវ៉ាន់ អាចនឹងវ៉ាឈ្នះចិនដីគោកជាលើកដំបូងក្នុងប្រវិត្តិសាស្ត្រ

0

ដោយ៖ សុខុម

ភ្នំពេញ៖ យោងតាមការប៉ាន់ប្រមាណជាផ្លូវការ និងការព្យាកររបស់ក្រុមសេដ្ឋវិទូបង្ហាញថា អត្រាកំណើនសេដ្ឋកិច្ចរបស់កោះតៃវ៉ាន់ អាចនឹងវ៉ាឈ្នះកំណើនសេដ្ឋកិច្ចរបស់ចិនដីគោក ជាលើកដំបូងគួរឱ្យភ្ញាក់ផ្អើលក្នុងរយៈពេលជិត ៣០ឆ្នាំ។ នេះបើយោងតាមកាសែត South China Morning Post ចុះផ្សាយកាលពីថ្ងៃទី១២ ធ្នូ។

រដ្ឋាភិបាលកោះតៃវ៉ាន់ បានកែសម្រួលការប៉ាន់ប្រមាណអំពីកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ខ្លួនឡើងទៅដល់ ២,៥% កាលពីដំណាច់ខែមុន។ ទោះបីជារដ្ឋាភិបាលចិនដីគោក មិនទាន់ប្រកាសពីគោលដៅកំណើនសម្រាប់ឆ្នាំនេះក្ដី ក៏បណ្ដាសេដ្ឋវិទូព្យាករថា កំណើននោះអាចមានប្រមាណ ២% ដែលជាការងើបយ៉ាងឆាប់រហ័សពីការឆ្លងរាតត្បាតវីរុសកូវីដ-១៩ សម្រាប់ឆ្នាំនេះ។

ប្រសិនបើតួលេខនេះត្រូវបានបញ្ជាក់ជាការពិតមែនពេលចេញនៅដើមឆ្នាំក្រោយ នោះវាគឺជាលើកដំបូងហើយដែលកំណើនសេដ្ឋកិច្ចរបស់កោះតៃវ៉ាន់ វ៉ាឈ្នះកំណើនសេដ្ឋកិច្ចរបស់ចិនដីគោក ចាប់តាំងពីឆ្នាំ១៩៩១ មក។

ទាំងចិនដីគោក និងកោះតៃវ៉ាន់ សុទ្ធតែស្ថិតក្នុងចំណោមសេដ្ឋកិច្ចដែលធ្វើបានល្អបំផុតនៅក្នុងការទប់ការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ថ្វីបើប្រើប្រាស់វិធីសាស្ត្រផ្សេងគ្នាយ៉ាងណាក្ដី។ ទន្ទឹមនេះ ប្រទេសចិន ក៏បានព្យាយាមទប់ការវិនិយោគបរទេសពីកោះតៃវ៉ាន់ ដែលបាននិងកំពុងធ្លាក់ចុះផងដែរ។

លោក លូអ៊ីស គូវីស (Louis Kuijs) ប្រធានផ្នែកសិក្សាសេដ្ឋកិច្ចអាស៊ីប្រចាំក្រុមហ៊ុន Oxford Economics ដែលជាក្រុមហ៊ុនផ្ដល់សេវាព្យាករណ៍សេដ្ឋកិច្ច និងការវិភាគបែបបរិមាណវិស័យទូទាំងពិភពលោកបានលើកឡើងថា “ហេតុផលចម្បងដែលកោះតៃវ៉ាន់ អាចនឹងទទួលបានកំណើនជាមធ្យមប្រហាក់ប្រហែលគ្នា ឬសូម្បីខ្ពស់ជាងកំណើនសេដ្ឋកិច្ចរបស់ចិនដីគោល គឺដោយសារកោះតៃវ៉ាន់ អាចជៀសផុតការធ្លាក់ចុះទិន្នផលខ្លាំងកាលពីដើមឆ្នាំនេះ។ ដោយឡែកនៅចិនដីគោក មានបម្រាមហាមឃាត់មិនឱ្យប្រជាជនចេញពីផ្ទះ និងការបិទមួយផ្នែកធំនៃសេដ្ឋកិច្ចក្នុងត្រីមាសទី១។ កោះតៃវ៉ាន់ ប្រហែលជាគំរូល្អបំផុតដែលមិនបានជ្រើសរើសការបិទសេដ្ឋកិច្ចទ្រង់ទ្រាយធំបែបនេះ”។

ក្នុងត្រីមាសទី៣ សេដ្ឋកិច្ចរបស់កោះតៃវ៉ាន់ បានកើនឡើង ៣,៩% ពីឆ្នាំ២០១៩ ហើយគេរំពឹងថាវានឹងកើនឡើង ៣,៣% នៅក្នុងត្រីមាសទី៤ នេះបើយោងតាមរដ្ឋាភិបាលកោះតៃវ៉ាន់។ សេដ្ឋកិច្ចរបស់កោះតៃវ៉ាន់ ទទួលបានកំណើនដោយសារការវិនិយោគក្នុងស្រុករឹងមាំ ជាពិសេសឧស្សាហកម្មផលិតបន្ទះឈីប និងការនាំចេញផលិតផលគ្រឿងអេឡិចត្រូនិក។

លោក ហ្វ្រេដឺរីក នូមែន (Frederic Neumann) សហប្រធានផ្នែកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចអាស៊ីប្រចាំនៅក្រុមហ៊ុនអង់គ្លេស HSBC ជាក្រុមហ៊ុនវិនិយោគពហុជាតិសាសន៍ និងផ្ដល់សេវាហិរញ្ញវត្ថុ បានលើកឡើងថា “តម្រូវការរបស់ពិភពលោកនៅឆ្នាំនេះបានងាកទៅរកទំនិញរបស់កោះតៃវ៉ាន់ ជាពិសេសគ្រឿងអេឡិចត្រូនិក។ បរិបទថ្មីនៃការធ្វើការងារពីផ្ទះដែលធ្វើឱ្យតម្រូវការកុំព្យូទ័រ Laptop និងគ្រឿងអេឡិចត្រូនិចផ្សេងៗទៀតកើនឡើង បណ្ដាក្រុមហ៊ុននាំចេញរបស់តៃវ៉ាន់ ជាអ្នកទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់។ ហើយក៏មានការពាក់ព័ន្ធទៅនឹងការបន្តកើនឡើងនូវតម្រូវការបន្ទះឈីបដែលកោះតៃវ៉ាន់ កំពុងតែកាក់កបមួយរយៈពេលវែងគួរសមផងដែរ”។

សង្គ្រាមពាណិជ្ជកម្មសហរដ្ឋអាមេរិក-ចិន និងការពង្រីកការរឹតបន្តឹងរបស់សហរដ្ឋអាមេរិក លើការនាំចេញគ្រឿងបង្គុំបន្ទះឈីបទៅកាន់ប្រទេសចិន មួយអន្លើបានរួមចំណែកជួយជំរុញការនាំចេញរបស់កោះតៃវ៉ាន់ ទៅកាន់ប្រទេសចិន ឱ្យកើនឡើងខ្ពស់មិនធ្លាប់មានក្នុងខែវិច្ឆិកា។

ក្នុងរយៈពេល ១១ ខែនៃឆ្នាំ២០២០ ការនាំចេញរបស់កោះតៃវ៉ាន់ ទៅកាន់ចិនដីគោក បានកើនឡើង ១១% រហូតដល់ទំហំទឹកប្រាក់ ៩២ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង ១ ភាគ ៣ នៃការនាំចេញសរុប ខណៈក្រុមហ៊ុនជាច្រើននៅចិនដីគោក បាននិងកំពុងទិញបន្ទះឈីបស្តុកទុកដើម្បីត្រៀមលក្ខណៈទប់ទល់នឹងបម្រាមនាំចេញរបស់សហរដ្ឋអាមេរិក។

លោក ឡយ ចាន់ (Lloyd Chan) សេដ្ឋវិទូប្រចាំក្រុមហ៊ុន Oxford Economics ដែលផ្ដោតលើបញ្ហាកោះតៃវ៉ាន់ និយាយថា “នៅតាមរោងចក្រផលិតបន្ទះឈីបជាច្រើននៅកោះតៃវ៉ាន់ ដំណើរការផលិតភាគច្រើនគឺស្វ័យប្រវត្តិទាំងស្រុង។ ទោះបីជាកោះតៃវ៉ាន់ រងផលប៉ះពាល់ដោយសារវីរុសកូវីដ យ៉ាងណាក្ដី ក៏បណ្ដារោងចក្រផលិតឈីបត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តដំណើរការផលិតក៏ព្រោះតែដំណើរការដោយស្វ័យប្រវត្តិ”។

សេដ្ឋវិទូដដែលបានបន្តថា ខណៈតម្រូវការគ្រឿងអេឡិចត្រូនិកដែលកើតមានឡើងដោយសារការឆ្លងរាតត្បាតអាចនឹងថមថយទៅវិញក្នុងឆ្នាំ២០២១ នៅពេលវីរុសកូវីដ-១៩ ស្ថិតក្រោមការគ្រប់គ្រងបានជាបន្តបន្ទាប់ទូទាំងសកលលោក បច្ចេកវិទ្យាថ្មីៗដូចជា 5G និងការផ្ទេរការផលិតពីប្រទេសចិន ទៅកោះតៃវ៉ាន់ នឹងរក្សាការដឹកជញ្ជូនពីកោះតៃវ៉ាន់ ទៅកាន់ពិភពលោក។

ទិន្នន័យពីក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានបង្ហាញថា ចាប់តាំងឆ្នាំ២០១៩ ការវិនិយោគបរទេសពីកោះតៃវ៉ាន់ រួមទាំងការវិនិយោគដែលឆ្លងកាត់កំពង់ផែដោយសេរីដូចជាកោះកៃម៉ង់ (Cayman Islands) នៅតំបន់ការ៉ាអ៊ីព ដែលគ្រប់គ្រងដោយអង់គ្លេស ជាដើម បាននិងកំពុងធ្លាក់ចុះយ៉ាងខ្លាំង។ តួយ៉ាង ក្នុងឆមាសទី១ ដើមឆ្នាំនេះ វាបានធ្លាក់ចុះ ៤៦% ធៀបនឹងឆ្នាំ២០១៩។
លោក ឆាលស៍ អ៊ូ (Charles Wu) សាស្រ្តាចារ្យរងផ្នែកការទូតនៅសកលវិទ្យាល័យជាតិ ឈឹងឈី (Nationa

l Chengchi University) នៅកោះតៃវ៉ាន់ បានគូសបញ្ជាក់ថា ការនាំចេញដ៏រឹងមាំរបស់កោះតៃវ៉ាន់ ទៅកាន់ចិនដីគោក នៅឆ្នាំនេះជាភ័ស្តុតាងបង្ហាញថា កោះតៃវ៉ាន់ មិនអាចកាត់ផ្ដាច់ពីទីផ្សារចិនដីគោក បានឡើយ។

ប្រសិនបើកោះតៃវ៉ាន់ ពិតជាអាចវ៉ាឈ្នះកំណើនសេដ្ឋកិច្ចរបស់ចិនដីគោក មែននោះ អ្នកវិភាគភាគច្រើនរំពឹងថា វានឹងមិនកើតឡើងជាលើកទី២ ឡើយ ព្រោះពួកគេបានព្យាករថា សេដ្ឋកិច្ចរបស់ចិនដីគោក នឹងទទួលបានកំណើនកាន់តែរឹងមាំនៅឆ្នាំក្រោយ។ ហើយរដ្ឋាភិបាលកោះតៃវ៉ាន់ ប៉ាន់ប្រមាណថា កំណើនសេដ្ឋកិច្ចរបស់ខ្លួននឹងកើនឡើងដល់ ៣,៨៣% សម្រាប់ឆ្នាំក្រោយដែលនៅតែជាកំណើនដ៏រឹងមាំសម្រាប់ប្រទេសអភិវឌ្ឍន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here