បច្ចុប្បន្នភាពៈអ្នកវិនិយោគចិនធំៗនិងទេសចរណ៍ចិនចាប់ផ្តើមមកកម្ពុជាកាន់តែច្រើន នៅខែកុម្ភៈខាងមុខនេះ

0

        ដោយគង់ សូរិយា

        ភ្នំពេញៈ ប្រភពព៌តមានគួរឲ្យទុកចិត្តបានបង្ហើបឲ្យដឹងថា អ្នកវិនិយោគចិនធំៗនឹងត្រលប់មកកម្ពុជាវិញ ពិសេសភ្ញៀវទេសចរណ៍ចិន នឹងមកទស្សនាកម្ពុជាច្រើននៅកំឡុងខែកុម្ភៈខាងមុខនេះ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិចិនបញ្ចប់។

ប្រភពព៌តមានដែលធ្វើការជិតសិ្នទ្ឋជាមួយក្រុមហ៊ុនចិនធំៗ និងកម្រិតរដ្ឋាភិបាលបាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា គំរោងវិនិយោគចិនធំៗនៅកម្ពុជា ពិសេ​សក្រុងព្រះសីហនុ នឹងមានសកម្មភាពរសរវើកឡើងវិញ បន្ទាប់ពីអ្នកវិនិយោគចិនធំៗត្រលប់មកជាថ្មី ព្រោះគំរោងតម្លៃរាប់ពាន់លានដុល្លារជាច្រើននឹងចាប់ផ្តើមនៅកម្ពុជា តាម​រយៈអ្នកវិនិយោគចិន។

លោកបន្តថា “អ្នកវិនិយោគចិនភាគច្រើន បានត្រៀមត្រលប់មកកម្ពុជារួចហើយ ប៉ុន្តែពួកគេបានផ្អាកវិញ ដោយសារបញ្ហាការរីករាលដាលមេរោគកូវីដ១៩ ដែលបានកើតឡើងម្តងទៀត”។លោកបន្តថា “អ្នកវិនិយោគចិនធំៗ ដែលបានសាងសង់អាគារមជ្ឈម​ណ្ឌលពាណិជ្ជកម្មធំៗ ពួកគេមិនបោះបង់គម្រោងពួកគេចោលនោះទេ ពួកគេមកវិញជាមួយនឹងផែនការសកម្មភាព និងវិនិយោគមានភាពស៊ីជម្រៅជាងមុន”។

ជាមួយគ្នានេះ កញ្ញាហ្សាង ហៅសារ៉ាយអ្នកសារព៌តមានតំណាងរដ្ឋាភិបាលចិនប្រចាំកម្ពុជា បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា តាមពិតភ្ញៀវទេសចរណ៍ចិន បានត្រៀមមកទស្សនាកម្ពុជាច្រើនឡើងវិញរួចហើយ ប៉ុន្តែនៅពេលពួកគេត្រៀមមក ប្រទេសកម្ពុជាបានកើតមានព្រឹត្តិការណ៍៣វិច្ឆិកា ហើយពួកគេត្រៀមមកម្តងទៀត ស្រាប់​តែព្រឹត្តិការណ៍២៨វិច្ឆិកាបានកើតមានម្តងទៀត។

កញ្ញាបន្តថា “ខ្ញុំជាអ្នកសរសេររបាយការណ៍ទៅរដ្ឋាភិបាលចិន ដើម្បីជំរាបពីស្ថានភាពប្រទេសកម្ពុជា ប៉ុន្តែស្ថានភាពនេះខ្ញុំមិនដឹងសរសរបែបណាឡើយ ហេតុនេះមានតែស្ងៀមស្ងាត់សិន”។កញ្ញាបន្តថា “ខ្ញុំចូលចិត្តប្រទេសកម្ពុជា ខ្ញុំរស់នៅទីនេះ៨ឆ្នាំហើយ ខ្ញុំតែងតែសរសេររឿងរ៉ាវល្អៗពីកម្ពុជា”។

នៅពេលសួរថា អ្នកវិនិយោគចិនធំៗនឹងត្រលប់មកកម្ពុជាវិញឬទេ? កញ្ញាហ្សាង ហៅសារ៉ាយបានមានប្រសាសន៍ឲ្យដឹងថា តាមព៌តមានដែលកញ្ញាទទួលបាន ពួកគេនឹងត្រលប់មកកម្ពុជាវិញនៅពេលខាងមុខ ប៉ុន្តែលឿនកម្រិតណាវាអាស្រ័យលើស្ថានភាពនៃការរីករាលដាលមេរោគកូវីដ១៩នៅទីនេះថា តើរដ្ឋាភិបាលកម្ពុជាគ្រប់គ្រងវាបានដោយរបៀបណា។

ពាក់ព័ន្ឋព្រឹត្តិការណ៍៍២៨វិច្ឆិកា កញ្ញាហ្សាងបានឲ្យដឹងថា “នៅប្រទេសចិន អ្នកឆ្លងជំងឺកូវីដហើយចេញដើរបំពាន បំរ៉ាមរដ្ឋាភិបាលចំនួន២នាក់ ត្រូវបានចាប់ដាក់ពន្ឋធនាគារ ប៉ុន្តែនៅកម្ពុជាខ្ញុំមិនដឹងទេ”។

រដ្ឋាភិបាលកម្ពុជា ចិនបានដាក់ចេញយុទ្ឋសាស្រ្តភាពជាដៃគូ គ្រប់ជ្រុងជ្រោយចាប់តាំងពីឆ្នាំ២០១០កន្លងមកនេះ ដែលចាប់តាំងពីពេលនោះមក អ្នកវិនិយោគចិន ភ្ញៀវទេសចរណ៍ចិន ពិសេសជំនួយឥតសំណង និងហិរញ្ញប្បទានមានការប្រាក់ទាបបានកើងឡើងយ៉ាងគំហុកនៅកម្ពុជា។

ក្នុងកំឡុងទស្សនកិច្ចនៅកម្ពុជាកំឡុងឆ្នាំ២០១៦ ប្រធានាធិបតីចិនលោកស៊ី ជីនពីងបានហៅកម្ពុជាជាមិត្តដែកថែប និងអាចទុកចិត្តបាន ហើយលោកបានអះអាងថា “ចិននឹងជំរុញការរីកចម្រើនដល់កម្ពុជា និងជួយការពារអធិបតេយ្យ និងបូរណៈភាពកម្ពុជា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here