ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដាក់ដំណើរឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (ប្រព័ន្ធOnline) កាលពីពេលកន្លងទៅរហូតមកដល់ពេលនេះ មានក្រុមហ៊ុនអាជីកម្មចំនួន២៧០០ហើយបានអនុវត្តចុះបញ្ជីតាមប្រព័ន្ធនេះ ហើយនៅមាននាមករណ៍បម្រុងទុកជាង៣១០០ផ្សេងទៀតត្រូវបានពិនិត្យរួចរាល់។
តាមរយៈគណនីទំនាក់ទំនងអេឡិចត្រូនិកផ្លូវការរបស់ការិយាល័យចុះឈ្មោះអាជីវកម្មតាមថ្នាល់បច្ចេកវិទ្យាព័ត៌មាន (Online Business Registration Service) បានបង្ហាញថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ចំនួនក្រុមហ៊ុនដែលបានចុះបញ្ជីបានកើនឡើងដល់ចំនួន២៦៩៣ ហើយពាក្យស្នើសុំរបស់ក្រុមហ៊ុនចំនួន៦២១ កំពុងតែធ្វើការត្រួតពិនិត្យ។
នៅក្នុងរបាយការណ៍ដដែលបានបង្ហាញទៀតថា ជាមួយនឹងការកើនឡើងនូវចំនួនក្រុមហ៊ុនចុះបញ្ជីអាជិវកម្មតាមថ្នាក់បច្ចេកវិទ្យាព័ត៌មាន ឬតាមប្រព័ន្ធ Online ខាងលើនេះ ក៏មានការចុះឈ្មោះនាមករណ៍បម្រុងទុកផងដែរ ដោយក្នុងនោះនាមករណ៍ដែលទទួលបានជោគជ័យមានចំនួន៣១៦៧ឈ្មោះ ហើយនាមករណ៍ដែលកំពុងធ្វើការត្រួតពិនិត្យមានចំនួន១៨៤ឈ្មោះ។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ផាន់ ផល្លា បានប្រាប់ឱ្យដឹងកាលពីពេលថ្មីៗថា ការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធអនឡាញនេះ បានចំណាយពេលវេលាតិច និងមានភាពងាយស្រួលជាទីបំផុត គឺមុនដូចកាលពីពេលមុននោះទេ ខណៈពីមុនមានស្ថានភាពស្មុកស្មាញច្រើន ដោយរត់ការតាមដំណាក់កាលជាច្រើនស្ថាប័ន។
លោកបន្តថា “តាំងពីមុននេះនៅពេលចុះបញ្ជីអាជីកម្មរបស់ក្រុមហ៊ុន ត្រូវឆ្លង៣ ទៅ៤ស្ថាប័ន ប៉ុន្តែឥឡូវនេះគ្រាន់តែចូលទៅក្នុងវេបសាយរបស់ក្រសួង ហើយបញ្ចូលរាល់ឯកសារពាក់ព័ន្ធទៅក្នុងប្រព័ន្ធចុះបញ្ជីតែប៉ុណ្ណោះ ដោយក្នុងរយៈពេល៨ថ្ងៃនឹងទទួលបាន។ នេះជាឆ្លើយតបទៅនឹងកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទាក់ទាញការវិនិយោគ និងសម្រួលនិតិវិធីនៃការចុះបញ្ជីរឱ្យបានកាន់តែលឿនដល់ធុរកិច្ចនៅក្នុងប្រទេសដែលកំពុងជួបវិបត្តិនៃជំងឺ Covid-19 នាពលេនេះ”។
ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ បានដាក់ឱ្យដំណើរកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០កន្លមកងនេះ គឺជាបង្គោលចរថ្មីមួយ នៃការកែទម្រង់មុត ស្រួចរបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងគោលបំណងលើកកម្ពស់ ភាពប្រកួតប្រជែង និងធ្វើឲ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅកម្ពុជា។
លើសពីនេះ ប្រព័ន្ធចុះបញ្ជីអាជីវកម្មថ្មីនេះ នឹងផ្តល់ឱកាសដ៏សំខាន់មួយទៀតផងដែរ ដល់ធុរជនដែលកំពុងស្វែងរកឯកសារគតិយុត្ត កំណត់អត្តសញ្ញាណ អាជីវកម្មរបស់ខ្លួន ដើម្បីពន្លឿន និងទទួលបានឥណទាន ពីកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ក្នុងវិធានការជួយដល់វិស័យឯកជន ដែលទទួលរងផល ប៉ះពាល់ពីការរីករាលដាលនៃជំងឺCovid-19៕






