កម្ពុជា៖ រដ្ឋាភិបាល​បានធ្វើ​អ្វីខ្លះ​ដើម្បី​ទាក់ទាញ​លំហូរ FDI និង​កំនើន​វិនិយោគ​ក្នុងស្រុក

0

ដោយ ណែ​ត

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បានធ្វើ​ច្បាប់ គោលនយោបាយ និង​ផែនការ​ចង្អុល​បង្ហាញផ្លូវ​ជាច្រើន ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​កន្លងមក​នព ដើម្បី​ទាញ​លុយ​ពី​ហោប៉ៅ​អ្នកវិនិយោគ​ក្នុងស្រុក និង​ទាក់ទាញ​លំហូរ​ទុនវិនិយោគ​ផ្ទាល់​ពី​បរទេស (FDI)។

ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ វិនិយោគិន​ទាំង​ក្នុង និង​ក្រៅ​ស្រុក​បាន​បាន​បណ្ដាក់​ទុនវិនិយោគ​ជា​បន្តបន្ទាប់ នៅក្នុង​ប្រទេស​កម្ពុជា​ក្នុងនោះ​វិស័យ​អចលនទ្រព្យ ក៏​ទទួលបាន​ការវិនិយោគ​ច្រើន ពី​សំណាក់​វិនិយោគិន​ក្នុង និង​ក្រៅប្រទេស ដែល​ធ្វើឱ្យ​វិស័យនេះ រួមចំណែក​សំខាន់​ក្នុង​សេដ្ឋកិច្ចជាតិ ។

តើ​កត្តា​អ្វីដែល​វិនិយោគិន​បរទេស ត្រូវ​បណ្ដាក់​ទុនវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​ក្នុង​វិស័យ​អ​ល​ចនទ្រ​ព្យ?។

អ្នកជំនាញ​ក្នុង​វិស័យ​អចលនវត្ថុ​កម្ពុជា បានលើកឡើង​និង​ធ្វើការ​ប្រៀបធៀប​លក្ខ​ខ័​ណ្ឌ​វិនិយោគ​រវាង​ប្រទេស​កម្ពុ ជា​និង​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ាន​ដែល​ភាគច្រើន​អះអាងថា ទីផ្សារ​កម្ពុជា​មាន​ភាព​ល្អប្រសើរ ហើយ​ផលចំណេញ​ពី​ការវិនិយោគ​នៅ​កម្ពុជា ខ្ពស់ជាង​បណ្តា​ប្រទេស​ក្នុង​តំបន់​នេះ។

អ្វីដែល​វិនិយោគិន​បរទេស តែងតែ​ចូលមក​បណ្ដាក់​ទុនវិនិយោគ ក្នុងប្រទេស​កម្ពុជា​គឺ​កម្ពុ​ជាមាន​លក្ខ​ខ័​ណ្ឌ​បើកចំហរ ចំពោះ​រាល់​វិនិយោគិន​មកពី​គ្រប់ទិសទី ព្រមទាំង​អាចដាក់​ទុនវិនិយោគ១០០ភាគរយ ដោយ​មិនចាំបាច់​មានការ​ចូល​ហ៊ុន ឬ​សហការ​ជាមួយ​វិនិយោគិន​ក្នុងស្រុក​ឡើយ ពិសេស​កត្តា​សុខសន្តិភាព និង​កំនើនសេដ្ឋកិច្ច ស្ថេរភាព​នយោបាយ​និង​សង្គម​ជា​ផ្នែក​ដ៏​សំខាន់ ដែល​អ្នកវិនិយោគ​អន្តរជាតិ​តែងតែ​សម្លឹង​ឃើញ។

លោក​ឧកញ៉ា​ចេង ខេង ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ CPL បានឱ្យដឹង​កន្លងមក​ថា បើ​និយាយ​ពី​ស្ថានភាព​នៅក្នុង​ប្រទេស​កម្ពុ​ជា គឺមាន​ឱកាស​និង​សក្ដានុពល​ខ្លាំងណាស់ ដែល​ធ្វើឱ្យ​វិនិយោគិន​បរទេស​ចង់​មក​កម្ពុជា ក្នុងនោះ​កម្ពុជា​ជា​ប្រទេសមួយ​ដែល​ស្ថិតនៅ​ចំ​កណ្ដាល​អាស៊ាន​ហើយ​ងាយស្រួល ក្នុងការ​ដឹកជញ្ជូន​ទំនិញ​ទៅកាន់​ប្រទេស ក្នុង​តំបន់ តាមផ្លូវ​គោក ផ្លូវអាកាស​និង​ផ្លូវទឹក ។

លោក​បន្តថា “កម្ពុជា​ប្រៀបដូចជា​កូនក្រមុំ​មួយរូប​មិនទាន់​តែងខ្លួន ហើយអ្នកណាៗក៏​តែងតែ​ចង់បាន” ។ លោក​បន្តថា “អ្វីដែល​ធ្វើឱ្យ​វិនិយោគិន​បរទេស តែងតែ​ចង់​មក​បណ្ដាក់​ទុនវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​អចលនទ្រព្យ បើ​ប្រៀបធៀប​ទៅនឹង​ប្រទេសជិតខាង​វិញ​ឃើញថា តម្លៃ​អចលនទ្រព្យ​នៅ​កម្ពុជា នៅមាន​តម្លៃ​ទាប​ជាងគេ ដូច្នេះ​ពួកគេ​អាច​ស្វែងរក​អចលនទ្រព្យ ដើម្បី​ដាក់ទុន​វិនិយោគ​លើ​គម្រោងផ្សេងៗដែល​បាន​គ្រោងទុក” ។

ជាមួយគ្នានេះ​លោក​ច្រឹ​ក សុខ​នី​ម​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ក៏បាន​លើកឡើង​ផងដែរ​ថា កម្ពុជា​នៅមាន​ឱកាស​ខ្ពស់ ក្នុងការ​ដាក់ទុន​វិនិយោគ ហើយ​វិនិយោគ​បរទេស​នៅតែ​ចង់​មក​ដាក់ទុន​វិនិយោគ ក្នុងប្រទេស​យើង​ទៅតាម​ជំនាញ​របស់​ពួកគេ។

លោក​បន្តថា “អ្វីដែល​កម្ពុជា​ត្រូវធ្វើ​ត្រៀម ដើម្បី​ទទួល​វិនិយោគិន​ដែល​នឹង​មក​បន្តបន្ទាប់​ជាពិសេស​ក្រោយ​ចប់​កូ​វីដ១៩ គឺ​ធនធាន ហេដ្ឋារចនាសម្ព័ន្ធ​ជាពិសេស​នោះ គឺ​ភាពស្របច្បាប់​នៃ​អចលនទ្រព្យ” ។

ជាមួយគ្នានេះ លោក​បណ្ឌិត​អ៊ិន ចាន់នី​ប្រធាន​សមាគម​ធនាគារ​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យ​ដឹងផង​ដែរ​ថា អ្នកវិនិយោគ​អន្តរជាតិ មុនពេល​ពួកគេ​ទៅ​វិនិយោគ​នៅ​ប្រទេស​ណាមួយ ពួកគេ​តែងតែ​សម្លឹង​លើក​ត្តា​ចំនួន​បី ដូចជា កំនើនសេដ្ឋកិច្ច ស្ថេរភាព​នយោបាយ និង​ស្ថេរភាព​សង្គម។លោក​បន្តថា លើសពីនេះ ច្បាប់​វិនិយោគ​ច្បាប់​ព​ន្ឋ ក៏​ជា​ផ្នែក​សំខាន់​ដែល​អ្នកវិនិយោគ​ជាតិ អន្តរជាតិ​សិក្សា​ផងដែរ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា ការបោះ​ទុនវិនិយោគរ​បស់​ពួកគេ​មិនមាន​ហានិភ័យ។

លោក​បន្តថា “ការ​ប្រែ​ក្លាយខ្លួនជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប ក៏​ជា​ផ្នែក​មួយ​ទាក់ទាញ​អ្នកវិនិយោគ​អន្តរជាតិ​ផងដែរ ព្រោះ​អ្នកវិនិយោគ​ពួកគេ​តែង​ស្វែងរក​ប្រាក់ចំណេញ ហេតុនេះ​ពួកគេ​មិន​ទៅកាន់​ប្រទេស​ក្រីក្រ​នោះទេ” ។

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​នាយ​រក​ដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណា​ចក​ក្រ​កម្ពុជា​ក៏បាន​មានប្រសាសន៍​កន្លងមក​ថា កម្ពុជា​ស្វាគមន៍​រាល់​វិនិយោគិន មកពី​គ្រប់ទិសទី​គ្រប់​ប្រទេស​លើ​ពិភពលោក ហើយ​កម្ពុជា​ក៏​ត្រៀម​មន្ត្រី ដើម្បី​រង់ចាំ​សម្រួល​រាល់​ការវិនិយោគ​ទាំងឡាយ​នៅក្នុង​ប្រទេស ដោយ​ផ្ដល់​លក្ខ​ខ័​ណ្ឌ​ងាយស្រួល​ដល់​បណ្ដា​ធុរជន​និង​វិនិយោគិន​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here