ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ តាមរយៈទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អាល្លឺម៉ង់ប្រចាំនៅកម្ពុជាបានបញ្ជាក់ពីការសន្យាផ្តល់នូវកម្ចីចំនួន៣០លានអឺរ៉ូ ស្មើនឹងប្រមាណជាង៣៦លានដុល្លារសម្រាប់ការពង្រឹងប្រសិទ្ធភាពនៃវិស័យថាមពលក្នុងការផ្គត់ផ្គង់អគ្គិសនីនៅតាមបណ្តាទីជនបទឱ្យបានគ្រប់គ្រាន់។

ជាមួយនឹងការបង្ហាញពីសន្យាលើការផ្តល់កម្ចីរបស់រដ្ឋាភិបាលអាល្លឺម៉ង់កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ម្សិលមិញនេះបានបញ្ជាក់ថា ការវិនិយោគទឹកប្រាក់ចំនួន ៣០លានអឺរ៉ូនោះ ឬជាង៣៦លានដុល្លារអាមេរិក គឺជាការធ្វើឱ្យប្រសើរឡើង និងពង្រីកបណ្តាញអគ្គិសនីនៅតាមជនបទនៃប្រទេសកម្ពុជា ជាការរួមចំណែកដល់គោលដៅធំរបស់ប្រទេសកម្ពុជា ក្នុងការកាត់បន្ថយការភាយចេញឧស្ម័នផ្ទះកញ្ចក់ និងធ្វើទៅតាមការសន្យារបស់ខ្លួនថា នឹងទទួលបានថាមពលប្រើប្រាស់ជាសកលនៅឆ្នាំ២០៣០។
ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា លោក Christian Berger បានមានប្រសាសន៍ថា នៅពេលបណ្តាញថាមពលមានភាពល្អប្រសើរជាងមុន គឺល្អសម្រាប់ប្រជាជន ល្អសម្រាប់សេដ្ឋកិច្ច និងល្អសម្រាប់ភពផែនដី។ គោលដៅនៃការវិនិយោគរបស់អាល្លឺម៉ង់ គឺការទទួលបានអគ្គិសនីប្រើប្រាស់ប្រសើរជាងមុន ថាមពលមានតម្លៃទាបជាងមុន ការផ្គត់ផ្គង់ថាមពលដែលអាចទុកចិត្តបានជាងមុន និងការភាយចេញឧស្ម័នផ្ទះកញ្ចក់តិចជាងមុន។
លោកបន្តថា ការវិនិយោគថ្មីនេះ ធ្វើឡើងបន្ទាប់ពីប្រាក់កម្ចីកាត់បន្ថយការប្រាក់ចំនួន ៣០លានអឺរ៉ូ ដែលបានសន្យាផ្តល់ក្នុងឆ្នាំ២០១៨។ ដូច្នេះការវិនិយោគរបស់អាល្លឺម៉ង់ទៅលើប្រសិទ្ធិភាពថាមពលនៅកម្ពុជា សរុបរហូតទៅដល់ ៦០លានអឺរ៉ូ។ លទ្ធផលពីការវិនិយោគនៅឆ្នាំ២០១៨ រួមមាន ការកាត់បន្ថយការភាយចេញឧស្ម័នកាបូនិក ២ម៉ឺនតោនក្នុងមួយឆ្នាំ ការបញ្ចូនថាមពលសុទ្ធកើនឡើង ២០ភាគរយ ជាមួយនឹងបណ្តាញអគ្គិសនីប្រសើរជាងមុន និងជួយឱ្យគ្រួសារចំនួន ១៥.០០០ថែមទៀត មានអគ្គិសនីប្រើប្រាស់៕





