សម្ដេចតេជោៈទឹកចិត្តបរិច្ចាករបស់សប្បុរជនគឺជាចលនាជាតិដ៏ធំមហាសាលនិងជាខឿនការពារសុខភាពប្រជាជនកម្ពុជា

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញពីក្ដីរំភើបជាមួយនឹងទឹកចិត្តមនុស្សធម៌ របស់បងប្អូនជនរួមជាតិ ក្នុងការចូលរួមបរិច្ចាកថវិកា ដែលជាធនធានផ្ទាល់ខ្លួន សម្រាប់ទិញវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាជន នៅទូទាំងប្រទេសដោយឥតគិតថ្លៃដោយសម្តេចបានចាត់ទុកថា “ជាចលនាជាតិដ៏ធំទូលាយមហាសាល និងជាខឿនការពារសុខភាពប្រជាជនយ៉ាងសំខាន់បំផុត”។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងពិធីថ្លែងសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ១៩ និងការទិញវ៉ាក់សាំងជំងឺកូវីដ១៩នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះថា សកម្មភាពនៃការចូលរួមយ៉ាងច្រើន ពីសំណាក់បងប្អូនប្រជាពលរដ្ឋ ក្នុងទឹកចិត្តមនុស្សធម៌ទាំងនេះ គឺការបង្ហាញពីស្មារតីសាមគ្គីភាព ឯកភាពជាតិសាសន៍ ក្នុងចំនួនដ៏លើសលប់បំផុតដែលនឹកស្មានមិនដល់។

សម្ដេចតេជោបន្តថា “ជាមួយនឹងសកម្មភាពនៃស្មារតីសាមគ្គីភាព របស់ជនរួមជាតិទាំងអស់នេះ ក្នុងនាមរដ្ឋាភិបាលសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ហើយតាមរយៈសកម្មភាពទាំងនេះ បានបង្ហាញពីទឹកចិត្តស្នេហាជាតិ ស្រឡាញ់ប្រជាជាតិកម្ពុជាគួរជាទីមោទនក្រៃលែង”។

គិតត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ថវិកាដែលទទួលបានពីការបរិច្ចាករបស់បងប្អូនជនរួមជាតិ និងការព្រះរាជទានរបស់ព្រះមហាក្សត្រ និងសម្ដេចម៉ែ សរុបមានចំនួនជាង៤៨លានដុល្លារ និងជាង៣៩០០លានរៀល សម្រាប់ចូលរួមជាមួយរាជរដ្ឋាភិបាលត្រៀមទិញវ៉ាក់សាំងចាក់ ជូនប្រជាជនកម្ពុជានៅដោយឥតគិតថ្លៃនៅទូទាំងប្រទេស។

ក្នុងដំណាក់កាលដំបូងរដ្ឋាភិបាល ត្រៀមទិញវ៉ាក់សាំងចំនួន១លានដូស (មួយលានដូស) ដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការ នៅកន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ ក្នុងចំណោមវ៉ាក់សាំង១លានដូស ចាក់បានត្រឹមតែមនុស្ស៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់២ដង) ក្នុងចំណោមប្រជាជនសរុបចំនួន១៦លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះអាចមានមនុស្សប្រមាណ១០លាននាក់ត្រូវការចាក់វ៉ាក់សាំង។

ដំណាក់បន្ទាប់ រដ្ឋាភិបាលនឹងបន្តបញ្ជេញកញ្ចប់ថវិកា ក្នុងការទិញវ៉ាក់សាំងចាក់ជូនប្រជាជនទូទាំងប្រទេសជាបន្តបន្ទាប់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here