ដោយៈវុទ្ធី
អន្តរជាតិៈ ទីផ្សារលំនៅដ្ឋាននៅប្រទេសចិន បានកើនឡើងក្នុងរយៈពេល៣៣ខែជាប់ៗគ្នាគិតត្រឹមខែវិច្ឆិកា ដែលជាកត្តាជំរុញឱ្យរដ្ឋាភិបាលចិន បន្តអនុវត្តន៍វិធានការ ដើ ម្បីទប់ស្កាត់ហានិភ័យ ដែលអាចនាំឱ្យមានវិបត្តិប្រាក់កម្ចី ដូចសហរដ្ឋអាមេរិកកាលពីឆ្នាំ២០០៨។

យោងតាមទិន្នន័យ របស់ការិយាល័យស្ថិតិជាតិបានឱ្យដឹងថា តម្លៃលំនៅដ្ឋានកម្រិតមធ្យមនៅខែវិច្ឆិកា នៅទូទាំងទីក្រុងចំនួន៧០ បានកើនឡើង៤ភាគរយ។តម្លៃលំនៅដ្ឋានបានកើនឡើង៤,៣ភាគរយ កាលពីខែតុលា ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោកSong Yulin អ្នកគ្រប់គ្រងជាន់ខ្ពស់នៅទីភ្នាក់ងារ អចលនទ្រព្យBaonuo បានថ្លែងថា “មានសញ្ញាកើនឡើងនៃការទិញផ្ទះថ្មីៗនៅក្នុងក្រុងធំៗ ដូចជា សៀងហៃជាដើម។ អាជ្ញាធរក្នុងតំបន់នឹងអន្តរគមន៍ ដើម្បីរក្សាស្ថិរភាពទីផ្សារ ប្រសិនបើតម្លៃផ្ទះនៅតែឡើងថ្លៃ”។
វិស័យអចលនទ្រព្យ គឺជាកម្លាំងចលករដ៏សំខាន់មួយ នៃសេដ្ឋកិច្ចរបស់ប្រទេសចិន ដោយបានបង្កើតការងាររាប់លាន បង្កើតចំណូលរាប់ពាន់លានយ័ន ពន្ធប្រថាប់ត្រា និងចំណូលលក់ដីធ្លី សម្រាប់អាជ្ញាធរមូលដ្ឋានទូទាំងប្រទេស។ ទោះយ៉ាងណា ក្នុងពេលដំណាលគ្នា លទ្ធភាពនៃការទិញលំនៅដ្ឋាន ជាពិសេសផ្ទះសម្រាប់អ្នកទិញផ្ទះដំបូង និងគូស្វាមីភរិយាវ័យក្មេង គឺជាបញ្ហាដ៏ក្តៅគគុកសម្រាប់គណបក្សកុម្មុយនីស្តកំពុងកាន់អំណាច ដែលសន្យាជាមួយប្រជាជនថាមិនឱ្យតម្លៃផ្ទះកើនឡើងខ្ពស់។
អាជ្ញាធរមូលដ្ឋានកំពុងប្រើវិធានការរដ្ឋបាល ដើម្បីរក្សាតម្លៃលំនៅដ្ឋាន។ អ្នករស់នៅទីក្រុងសៀងហៃ មិនត្រូវបានអនុញ្ញាតឱ្យមានផ្ទះពីរនោះទេ សម្រាប់គ្រួសារនីមួយៗ ហើយត្រូវតែមានយ៉ាងហោចណាស់៧០ភាគរយ នៃតម្លៃនៃទ្រព្យសម្បត្តិទី២របស់ពួកគេ។
យោងតាមទិន្នន័យចុងក្រោយ តម្លៃផ្ទះជាមធ្យមបានកើនឡើង០.១ភាគរយកាលពីខែវិច្ឆិកា បើប្រៀបធៀបទៅនឹងខែមុន ដែលជាការកើនឡើងយឺតបំផុតគិតចាប់ពីខែមីនា។
យោងតាមការសិក្សាដែលធ្វើឡើងរួមគ្នាដោយ អង្គការសហប្រជាជាតិ និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន(CASS)ការដំឡើងថ្លៃផ្ទះនៅតាមទីក្រុងធំៗ នឹងគំរាមកំហែងដល់ការប្រកួតប្រជែងរបស់ពួកគេ ពីព្រោះវាពិបាកសម្រាប់ពួកគេ ក្នុងការទាក់ទាញការវិនិយោគ៕






