ដោយៈសុខុម
សឹង្ហបុរី: ទិន្នន័យផ្លូវការពីEnterprise Singapore ដែលជាស្ថាប័នចំណុះឱ្យក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសនេះ បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ទី១៧ ធ្នូនេះថា ការនាំចេញទំនិញក្នុងស្រុកក្រៅពីប្រេងរបស់សិង្ហបុរី បានធ្លាក់ចុះរហូតដល់ទៅ ៤,៩% ឆ្នាំក្នុងខែវិច្ឆិកា។
យោងតាមសារព័ត៌មានCNA បានចុះផ្សាយក្នុងថ្ងៃនេះឱ្យដឹងថា ការធ្លាក់ចុះនេះដែលកើតមានឡើងក្រោយធ្លាក់ចុះ ៣,១% ក្នុងខែតុលា ភាគច្រើនលើទំនិញ ដូចជា សារធាតុគីមី ដែលចម្រាញ់ចេញពីប្រេងឥន្ធនៈ ឱសថ និងមាស បន្ទាប់មកគឺគ្រឿងអេឡិចត្រូនិក។
ពាណិជ្ជកម្មសរុបរបស់សិង្ហបុរី បានធ្លាក់ចុះរហូតដល់ទៅ៨,៧% ក្នុងខែវិច្ឆិកា ក្រោយធ្លាក់ចុះ ៩% ក្នុងខែតុលា។ ការធ្លាក់ចុះនេះភាគច្រើនបណ្ដាលមកពីពាណិជ្ជកម្មប្រេងដែលនៅតែបន្តធ្លាក់ចុះ ស្របពេលតម្លៃប្រេងធ្លាក់ចុះកាន់តែទាប បើធៀបទៅមួយឆ្នាំមុន ក្រោយធ្លាក់ចុះក្នុងខែតុលា។
ចំណែកឯការនាំចេញសរុបបានធ្លាក់ចុះ៨% ក្នុងខែវិច្ឆិកា បន្ទាប់ពីធ្លាក់ចុះ៨,៧% ក្នុងខែតុលា។ ការនាំចូលសរុបក៏បានធ្លាក់ចុះ៩,៤% ផងដែរក្នុងខែវិច្ឆិកា ក្រោយធ្លាក់ចុះ ៩,៣%ក្នុងខែតុលា។
ការដឹកជញ្ជូនផលិតផលគ្រឿងអេឡិចត្រូនិក បានធ្លាក់ចុះ៣,៨% ក្នុងខែវិច្ឆិកា ក្រោយធ្លាក់ចុះ០,៥% ក្នុងខែតុលា។ ក្នុងនោះផលិតផលបន្ទះឈីប និង Disk Drive បានធ្លាក់ចុះ៧,៩% ហើយគ្រឿងបង្គុំកុំព្យូទ័របានធ្លាក់ចុះ១២,១%។
ការដឹកជញ្ជូនទំនិញ ក្រៅពីគ្រឿងអេឡិចត្រូនិកបានធ្លាក់ចុះ៥,២% ក្នុងខែវិច្ឆិកា បន្ទាប់ពីធ្លាក់ចុះ៤%ក្នុងខែតុលា។ ការធ្លាក់ចុះការនាំចេញសារធាតុគីមី ដែលចម្រាញ់ចេញពីប្រេងឥន្ធនៈដែលធ្លាក់ចុះ១៨,៥% គឺរួមចំណែកធំជាងគេ បន្ទាប់មកឱសថដែលធ្លាក់ចុះ១៣,៤ ហើយមាសធ្លាក់ចុះ ១៥,១%។
ការនាំចេញទៅកាន់ទីផ្សារកំពូលៗជារួម បានធ្លាក់ចុះក្នុងខែវិច្ឆិកា ទោះបីជាការនាំចេញទៅកាន់សហរដ្ឋអាមេរិក ជប៉ុន កោះតៃវ៉ាន់ ម៉ាឡេស៊ី ថៃ និងក្រុងហុងកុង បានកើនឡើងក្ដី។
ទិន្នន័យផ្លូវការដដែលបានបង្ហាញថា ការធ្លាក់ចុះខ្លាំងជាងគេគឺការនាំចេញទៅកាន់ប្រទេសចិន សហភាពអឺរ៉ុប និងឥណ្ឌូនេស៊ី៕






