ដោយគង់ ម៉ាលីនណា
ភ្នំពេញៈ ជាមួយនឹងទស្សនទានអភិរ័ក្ស ផ្សារភ្ជាប់ការអភិវឌ្ឍ ក្រុមហ៊ុនជីប ម៉ុងគ្រុប ដែលបានវិនិយោគសណ្ឋាគារលំដាប់ផ្កាយ៥ដ៏ល្បីល្បាញ បានសុខចិត្តចំណាយប្រាក់រហូតដល់៥លានដុល្លារ ដើម្បីរក្សាអាគារសម័យអាណានិគម នៅក្នុងអាគារសម័យទំនើបមួយ ដែលបានបញ្ចប់ការសាងសង់នាពេលថ្មីៗនេះ។

សណ្ឋាគារHyatt Regency Phnom Penh បានលេចត្រដែតកណ្ដាលបេះដូងរាជធានីភ្នំពេញ បញ្ចូលស្ថាបត្យកម្មចម្រុះខ្មែរ សម័យអាណានិគមនិងទំនើប។
អ្វីដែលធ្វើឲ្យសណ្ឋាគារនេះ លេចធ្លោជាងគេនោះគឺ ការអភិរក្សវីឡាសម័យអាណានិគមបារាំង ដែលមានអាយុជាងមួយសតវត្សរ៍កន្លងមកហើយ។
ក្រុមហ៊ុនជីប ម៉ុង បានចំណាយអស់ប្រមាណ៥លានដុល្លារអាមេរិក ដើម្បីអភិរក្សវីឡានេះ គឺក្នុងគោលបំណងរក្សាដាននៃប្រវត្តសាស្រ្ត ការវិវឌ្ឍនៃស្ថាបត្យកម្ម និងអត្តសញ្ញាណនៃសហគមន៍នោះ។

វីឡាសម័យអាណានិគមនេះ សម្រាប់ជាន់ទី១ ត្រូវបានអភិរក្សជាកន្លែងទទួលបដិសណ្ឋារកិច្ចភ្ញៀវ ដែលនឹងផ្ដល់ជូនភ្ញៀវនូវទស្សនីយភាពអំពីរចនាបទខ្មែរ និងសម័យអាណានិគមបារាំង មួយរំពេចនៅពេលពួកគេអញ្ជើញមកដល់ និងសម្រាប់ជាន់ទី២ ដែលជាArtic Bar ដើម្បីបម្រើភេសជ្ជៈផ្សេងៗ។
សណ្ឋាគារHyatt Regency Phnom Penh ត្រូវបានរចនាដោយក្រុមហ៊ុន SCDA Architects ដែល មានមូលដ្ឋាននៅសិង្ហបុរី និងក្រុមហ៊ុន PIA Interior ដែលមានមូលដ្ឋាននៅប្រទេសថៃ។
សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បានរួមចំណែករក្សាអត្តសញ្ញាណក្នុងតំបន់ ដែលជាបណ្ដុំនៃស្ថាប័នធំៗ ពាណិជ្ជកម្ម វប្បធម៌ និងសាសនា ដូចជាព្រះបរមរាជវាំង វាលព្រះមេរុ សារមន្ទីរជាតិ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ទន្លេចតុមុខ វត្តអារាម អគារសម័យអាណានិគមបារាំង ផ្សារបែបប្រពៃណី និងកន្លែងលក់ស្នាដៃសិល្បៈ។

រចនាបទពហុសម័យនៃសណ្ឋាគាHyatt Regency Phnom Penhនឹងផ្ដល់បទពិសោធន៍ លើផ្នែកបដិសណ្ឋារកិច្ចដ៏ល្អមួយជូនដល់ភ្ញៀវជាតិ និងអន្តរជាតិ៕






