រដ្ឋបាលខេត្តកំពតកំពុងសិក្សាពីការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋជិត៤០០០ក្បាលដី

0

ដោយៈ រ៉ាណេត

កំពតៈ រដ្ឋបាលខេត្តកំពតកំពុងសិក្សាទៅលើទីតាំងដី ដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែង នៅក្នុងតំបន់ការពារឧទ្យានជាតិព្រះមុនីវង្សបូគោ និងស្ថិតនៅក្នុងស្រុកក្រុងចំនួន៣ សរុបជិត៤០០០ក្បាលដី ដែលស្នើសុំធ្វើការកាត់ឆ្វៀលធ្វើជាកម្មសិទ្ធិ។

អភិបាលខេត្តកំពត លោកជាវ តាយ បានមានប្រសាសន៍នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះថា តាមរយៈមន្ទីរបរិស្ថានខេត្ត គិតចាប់ពីថ្ងៃទី២៧ ខែកក្កដា រហូតដល់ថ្ងៃទី៣ខែកញ្ញា ឆ្នាំ២០២០ មានប្រជាពលរដ្ឋចំនួន៣៣៨៦គ្រួសារ បានដាក់សំណើស្នើសុំឆ្វៀលដីអាស្រ័យផល និងប្រើប្រាស់នៅតំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោ ចំនួន៣៩១៣ក្បាលដី ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកទឹកឈូ ស្រុកឈូក និងក្រុងកំពត។

ជាមួយនឹងការសិក្សាពីការស្នើសុំឆ្វៀលដី របស់ប្រជាពលរដ្ឋខាងលើនេះ រដ្ឋបាលខេត្តបានបង្កើតក្រុមការងារជំនាញ៣ក្រុមដើម្បីធ្វើការ និងទទួលខុសត្រូវនៅតាមស្រុក ក្រុងផ្សេងគ្នា។ បន្ថែមពីនេះ ក្រុមការងារថ្នាក់ខេត្តក៏ត្រូវរៀបចំ និងគូរផែនទីចំនួន៣សម្រា​ប់បង្ហាញពីទីតាំង ដែលប្រជាពលរដ្ឋបានស្នើសុំសម្រាប់ស្រុកទឹកឈូ ស្រុកឈូក និងក្រុងកំពត ដាច់ដោយឡែកពីគ្នា និងរៀបចំផែនទីររួមរបស់ខេត្ត ដើម្បីដាក់ជូនកិច្ចប្រជុំអន្តរក្រសួង ។

លោកសូត យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងារសិក្សាស្រាវជ្រាវអត្តសញ្ញាណមនុស្ស និងអត្តសញ្ញាណដីនៅខេត្តកំពតលើកឡើងផងដែរថា ធាតុចូលសំខាន់ៗដើម្បីឱ្យអង្គប្រជុំពិភាក្សា ដើម្បីរកដំណោះស្រាយមានទី៣សំខាន់ៗ រួមមានទី១ ដីដែលប្រជាពលរដ្ឋមានដំណាំដាំដុះជាក់ស្តែង និងអាស្រ័យផលយូរណាស់មកហើយ ទី២ ដីព្រៃគ្មានដាំដំណាំដាំដុះ ទី៣ ដីដែលស្ថិតនៅក្នុងឧទ្យានបូកគោ ហើយមានទំនាស់ និងទី៤ ដីព្រៃដែលបាននឹងកំពុងរានថ្មីៗ។

លោកអនុរដ្ឋលេខាធិការក៏បានបញ្ជាក់ផងដែរថា ក្រុមការងារថ្នាក់ជាតិ ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍ណែនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ក្នុងការឆ្វៀលដីចេញពីតំបន់ការពារជូនប្រជាពលរដ្ឋត្រូវពិនិត្យឱ្យបានហ្មត់ចត់ លើដីដែលអាស្រ័យផលជាក់ស្តែង រួមមានដំណាំដាំដុះយូរណាស់មកហើយ ត្រូវដោះស្រាយជូនប្រជាពលរដ្ឋ ។

ក្រៅពីនេះ សុំឱ្យក្រុមការងារចុះដកបទពិសោធន៍ លើការអនុវត្តការងារនៅឃុំ បឹងទូក ស្រុកទឹកឈូ មុនគេ ដើម្បីឲ្យក្រុមការងារទាំងអស់បានយល់ និងយកទៅអនុវត្តតាមក្រុមនីមួយៗ ។ ការងារនេះស្នើសុំលោកប្រធានមន្ទីរបរិស្ថានខេត្ត និងលោកប្រធានមន្ទីរដែនដី នគររូបនីយកម្ម  សំណង់  និងសុរិយោដីខេត្ត រៀបចំផែនការចុះអនុវត្ត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here