ដោយ ៖ រ៉ាណេត
ភ្នំពេញ៖ ថ្នាក់ដឹកនាំចក្រភពអង់គ្លេសបានសម្រេចប្រកាសពីគម្រោងនៃការលុបចោលលើការអនុវត្តព្យួរមួយផ្នែកនៃប្រពន្ធ័អនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបក្នុងក្របខ័ណ្ឌប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ (EBA) មកលើកម្ពុជាទៀតហើយ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះបានបញ្ជាក់ថា ចក្រភពអង់គ្លេសនឹងអនុវត្តនូវគោលនយោបាយពាណិជ្ជកម្មឯករាជ្យ ចាប់ពីដើមឆ្នាំ២០២១តទៅ ដោយចក្រភពអង់គ្លេសកំពុងរិះរកវិធី ដើម្បីបង្កើតកិច្ចសន្ទនាទៀងទាត់ជាមួយអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាលើបញ្ហាផ្សេងៗពាក់ព័ន្ធនិងវិស័យសិទ្ធិមនុស្ស និងសេរីភាពផ្សេងៗទៀត។ នេះជាការលើកឡោះងរបស់លោកស្រី Tina Redshaw ឯកអគ្គរាជទូត វិសាមញ្ញនិងពេញសមត្ថភាពនៃចក្រភពអង់គ្លេសនិងអៀឡង់ខាងជើង។
រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បានថ្លែងថា “រដ្ឋមន្ត្រីទាំងអស់របស់អង់គ្លេសបានសំរេចថានឹងមិនបន្តអនុវត្តការព្យួរមួយផ្នែកនៃប្រពន្ធ័អនុគ្រោះពន្ធរបស់ សហភាពអឺរ៉ុបក្នុងក្របខ័ណ្ឌប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ មកលើកម្ពុជាទៀតទេ ដោយហេតុថា ចក្រភពអង់គ្លេសបានមើលឃើញពីផលប៉ះពាល់នៃជំងឺកូវីឌ-១៩ មកលើក្រុមមនុស្សងាយរងគ្រោះជាច្រើននៃសង្គមកម្ពុជា ដែលក្នុងនោះរួមមានទាំងកម្មកររោងចក្រផងដែរ”។
លោករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងការកោតសរសើរយ៉ាងខ្លាំង ចំពោះការសំរេចចិត្តរបស់ចក្រភពអង់គ្លេសនេះ ដោយបានចាត់ទុកការសំរេចចិត្តនេះថា ជាការជំរុញ និងលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា ហើយថា ការសំរេចចិត្តនេះគឺពិតជាដំណឹងល្អសំរាប់កម្មករកម្ពុជានៅពេល ដែលពួកគេកំពុងទទួលរងផលប៉ះពាល់ពីមហន្តរាយនៃជំងឺកូវីដ-១៩។ កម្ពុជាប្ដេជ្ញាយ៉ាងមុតមាំ ក្នុងការកសាងទំនាក់ទំនង ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកជាមួយចក្រភពអង់គ្លេសទាំងលើវិស័យទ្វេភាគី និងពហុភាគី៕






