ដោយៈ រ៉ាណេត
ភ្នំពេញៈ រដ្ឋាភិបាលបានអនុម័តគម្រោងវិនិយោគថ្មីចំនួន៣ទៀត មានទុនសរុប ១៣,៥លានដុល្លារ ដែលអាចផ្តល់ឱកាសការងារបានជិត២០០០នាក់ បើទោះបីកម្ពុជាកំពុងប្រឈមបញ្ហាកូវីដ១៩ក្តី។
យោងតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចជា ទី ១-ក្រុមហ៊ុន “LAK SUN (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រខារអំបោះគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជៃតាកូន ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ៣,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១៩៧កន្លែង។
ទី២-ក្រុមហ៊ុន “SINOKH PERFECT GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៥,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៥៣៣កន្លែង។
ដោយឡែកតាមសំណើសុំវិនិយោគលើ គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម និងសម្ភារៈតុបតែងលម្អធ្វើអំពីឈើរបស់ក្រុមហ៊ុន DONGNAN (CAMBODIA) WOOD CO., LTD គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គរ័ជី ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២២០កន្លែង៕






