ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ក្នុងរយៈពេល១១ខែឆ្នាំ២០២០កន្លងទៅនេះទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអង់គ្លេសសម្រេចបាន ៨១៣លានដុល្លារ ខណៈដែលកាលពីឆ្នាំ២០១៩ មានទំហំសរុបចំនួន១០៥៧លានដុល្លារ។
របាយការណ៍ដែលបង្ហាញដោយក្រសួងពាណិជ្ជកម្មនៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០បានឱ្យដឹងថា នៅក្នុងរយៈពេល១១ខែកន្លងទៅនេះ ទំហំពាណិជ្ជកម្មកម្ពុជា-អង់គ្លេស មានទំហំសរុប ៨១៧លានដុល្លារ ដោយក្នុងនោះកម្ពុជានាំទៅអង់គ្លេសមានចំនួន ៧៦៦លានដុល្លារអាមេរិក ខណៈអង់គ្លេសនាំមកកម្ពុជាជាង៤៦លានដុល្លារតែប៉ុណ្ណោះ។ នៅឆ្នាំ២០១៩ សម្រេច ១,០៥៧ លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅអង់គ្លេសមាន ជាង៩៧៧លានដុល្លារ និងអង់គ្លេសនាំមកម្ពុជា មានជិត៨០លានដុល្លារ។
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ចក្រភពអង់គ្លេស បានប្រកាសថានឹងមិនបន្តអនុវត្តការព្យួរមួយផ្នែកនៃប្រពន្ធ័អនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ក្នុងក្របខ័ណ្ឌប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ (EBA) មកលើកម្ពុជាទៀតទេ។
លោកស្រី Tina Redshaw ឯកអគ្គរាជទូត វិសាមញ្ញនិងពេញសមត្ថភាពនៃចក្រភពអង់គ្លេសនិងអៀឡង់ខាងជើង មានប្រសាសន៍ថា ចាប់ពីថ្ងៃ ទី០១ ខែមករា ឆ្នាំ២០២១ តទៅ ចក្រភពអង់គ្លេសនឹងអនុវត្តនូវគោលនយោបាយពាណិជ្ជកម្មឯករាជ្យ។
លោកស្រីបានថ្លែងទៀតថា “រដ្ឋមន្ត្រីទាំងអស់របស់អង់គ្លេសបានសំរេចថានឹងមិនបន្តអនុវត្តការព្យួរមួយផ្នែកនៃប្រពន្ធ័អនុគ្រោះពន្ធរបស់ សហភាពអឺរ៉ុបក្នុងក្របខ័ណ្ឌប្រព័ន្ធអនុគ្រោះពន្ធលើគ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ មកលើកម្ពុជាទៀតទេ ដោយហេតុថា ចក្រភពអង់គ្លេសបានមើលឃើញពីផលប៉ះពាល់នៃជំងឺកូវីឌ-១៩ មកលើក្រុមមនុស្សងាយរងគ្រោះជាច្រើននៃសង្គមកម្ពុជា ដែលក្នុងនោះរួមមានទាំងកម្មកររោងចក្រផងដែរ”។
ចក្រភពអង់គ្លេស គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់របស់ប្រទេសកម្ពុជា ក្នុងទីផ្សារអឺរ៉ុប។ កម្ពុជានាំចេញទំនិញទៅអង់គ្លេស ដូចជាសម្លៀកបំពាក់ ស្បែកជើង កង់ជិះ អង្ករ និងផលិតកសិកម្មផ្សេងទៀត៕






