ដោយៈវុត្ថា
ហ្សាការតាៈ ស្ថាប័នសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលជាផ្នែកមួយរបស់ស្ថាប័ន ធនាគារពិភពលោក (WB) បានសម្រេចផ្តល់កម្ចីហិរញ្ញប្បទានចំនួន១២០លានដុល្លារអាមេរិក ទៅអោយក្រុមហ៊ុនអចលនទ្រព្យ និងភស្តុភាររបស់អូស្ត្រាលី LOGOS ដើម្បី អភិវឌ្ឍ និងកសាងភស្តុភារចំនួន២ នៅតំបន់ Greater Jakatar របស់ប្រទេសឥណ្ឌូនេស៊ី។

តាមការចុះផ្សាយរបស់គេហទំព័រ www.dealstreetasia.com កាលពីម្សិលមិញនេះឱ្យដឹងថា ការកម្ចីក្នុងការវិនិយោគនេះ នឹងផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ទំនើប និងមានគុណភាពខ្ពស់ នៅក្នុងទីផ្សារពាណិជ្ជកម្ម តាមប្រព័ន្ធអ៊ីនធឺណេតរបស់ប្រទេសឥណ្ឌូនេស៊ី ខណៈពេលដែលមានការគាំទ្រដល់ការពង្រីកអាជីវកម្ម និងលើកកម្ពស់សម្រាប់ធ្វើការប្រកួតប្រជែងនៅក្នុងវិស័យឃ្លាំងស្តុកទំនិញ។
គេហទំព័របន្តថា ក្រមហ៊ុនអចលនទ្រព្យ និងភស្តភារ LOGOS Cikarang Logistic Park និងក្រុមហ៊ុន LOGOS KLOG CIbitung Logistics Hup រំពឹងថា នៅពេលចាប់ផ្តើមវិនិយោគភស្តុភារទាំងពីរនេះ នឹងបង្កើតការងារជូនដល់ពលរដ្ឋដោយប្រយោល និងផ្ទាល់ចំនួន១០០០នាក់ ជាពិសេសនឹងធ្វើឱ្យមានសក្តានុពល ដល់ក្រុមហ៊ុនដឹកជញ្ចូននិងក្រុមពាណិជ្ជកម្មអេឡិចត្រូនិចធំ ៗផងដែរ ។
គេហទំព័រដដែលបនត្ថា ភស្តុភារជាប្រភេទ អចលនទ្រព្យទាំងពីរនេះ កំពុងកំណត់គោលដៅផ្តល់វិញ្ញាបនប័ត្ររង្វាន់បៃតង (Green Mark Award) ដើម្បីអនុវត្តតាមស្តង់ដារអគារបៃតងរបស់ IFC រួមបញ្ចូលនូវគំនិតផ្តួចផ្តើម ប្រកបដោយចីរភាពក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ក្នុងអំឡុងពេលសាងសង់ និងប្រតិបត្តិការ។
លោក Stephen Hawkins នាយកគ្រប់គ្រងក្រុមហ៊ុន LOGOS បានឱ្យដឹងថា “ការផ្តល់ប្រាក់កម្ចីនេះ ជាប្រភេទកម្ចីបៃតងដំបូងរបស់ស្ថាប័ន IFC ដល់ក្រុមហ៊ុន LOGOS ក្នុងការសាងសង់ ប្រកបដោយនិរន្តរភាពបៃតង ដែលជាកត្តាជំរុញដ៏សំខាន់នៃអាជីវកម្មរបស់យើង។លោកបន្តថា “កម្ចីរបស់IFCក៏ជាផ្នែកសំខាន់មួយទៀត នៃការប្តេជ្ញាចិត្តខ្ពស់របស់ក្រុមហ៊ុន ក្នុងការសាងសងភស្តុភារទាំងពីរនេះ ប្រកបដោយគុណភាពខ្ពស់ និងនិរន្តរភាពសម្រាប់ទីផ្សារឥណ្ឌូនេស៊ី” ។
វិស័យពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិករបស់ប្រទេសឥណ្ឌូនេស៊ី ត្រូវបានគេព្យាករថា នឹងមានទំហំទឹកប្រាក់ចំនួន ១២៤ពាន់លានដុល្លារនៅឆ្នាំ ២០២៥ ។ ទោះយ៉ាងណា ស្ថាប័ន IFC បានឱ្យដឹងថា ប្រទេសឥណ្ឌូនេសានៅតែមាន គម្លាតហេដ្ឋារចនាសម្ព័ន្ធភស្តភារ ដែលបង្កឱ្យមានបញ្ហាប្រឈមសម្រាប់ការលក់រាយ និងពាណិជ្ជកម្មតាមអ៊ិនធឺរណែត ដោយសារតែកត្តាភូមិសាស្ត្ររបស់ប្រទេសនេះ ប្រជុំទៅដោយកោះច្រើន និងវិស័យភ័ស្តុភារនៅមានកម្រិត៕






