កម្ពុជា-សឹង្ហបុរី បន្តកិច្ចចរចាគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ

0

ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសាធារណៈការ នឹងដឹកជញ្ជូន បានបន្តកិច្ចចរចាលើគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញជាមួយដៃគូអភិវឌ្ឍន៍ប្រទេសសឹង្ហបុរី ដើម្បីត្រៀមនឹងឈានទៅបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ថា ការអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនេះ គឺជាទិសដៅក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះវត្តមានឯកអគ្គរដ្ឋទូត លោក Michael Tan ដែលបានសហការយ៉ាងពេញទំហឹងកន្លងមក ជាពិសេសការជំរុញឱ្យមានការបើកចរចារវាងកម្ពុជា និងសិង្ហបុរី ដោយមានការចូលរួមពីតំណាងរបស់ក្រសួង-ស្ថាប័នរដ្ឋ និងឯកជន ដើម្បីពិនិត្យ និងពិភាក្សាទៅលើកិច្ចព្រមព្រៀងក្របខណ្ឌនៃគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ។

កិច្ចព្រមព្រៀងក្របខណ្ឌបានចរចាដល់ដំណាក់កាលចុងក្រោយហើយ ដោយនៅសេសសល់បញ្ហាតូចៗមួយចំនួនទេ ដែលត្រូវដោះស្រាយ មុននឹងអាចចាប់ ផ្តើមការសិក្សាសមិទ្ធិលទ្ធភាពនៃមជ្ឈមណ្ឌលភស្តុភារកម្មនេះ។

ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា លោក Michael Tan បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួង និងស្ថានទូតសិង្ហបុរី។ លោកបានលើកឡើងថា គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនេះមានសារៈសំខាន់ណាស់ ពីព្រោះវាជួយជំរុញឱ្យមានការបណ្តាក់ទុនវិនិយោគផ្ទាល់នៅកម្ពុជា ពីបណ្តាក្រុមហ៊ុនធំៗរបស់សិង្ហបុរី ដែលជាលទ្ធផល នឹងបង្កើតនូវការងារ និងជំរុញនូវកំណើនសេដ្ឋកិច្ចកម្ពុជា។

កាលពីពេលកន្លងទៅថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយនឹងក្រុមហ៊ុន YCH និងក្រុមហ៊ុន IA បានពិភាក្សាលើសេចក្តីព្រាងនៃកិច្ចព្រមព្រៀងក្របខណ្ឌសម្រាប់អភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ ក៏ដូចជាប្រមូលធាតុចូលបន្ថែមពីគ្រប់ស្ថាប័នពាក់ព័ន្ធសំដៅឱ្យកិច្ចព្រមព្រៀងនេះមានខ្លឹមសារជាគតិយុត្តិគ្រប់ជ្រុងជ្រោយ អាចទទួលយកបានពីគ្រប់ភាគី ជាពិសេស បម្រើឱ្យប្រយោជន៍ជាតិជារួមស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here